ភ្នំពេញ: យុវវ័យ គឺជាវេលាដ៏ស្រស់បំព្រង និងគួរឲ្យចងចាំក្នុងឆាកជីវិតមនុស្សគ្រប់រូប។
មិនត្រឹមតែប៉ុណ្ណោះ អាហារដែលធ្លាប់ញ៉ាំគ្រានៅរៀនវិទ្យាល័យ ក៏តែងតែធ្វើឲ្យយើងនឹកភ្នកចង់ញ៉ាំម្ដងទៀតផងដែរ។ សម្រាប់អ្នកដែលនឹកនាដល់អនុស្សាវរីយ៍គ្រាជាយុវវ័យ ហាង The Snack ជាកន្លែងដែលមានលក់នូវចំណីចំណុកបែបនោះ។
ម្ចាស់ហាង លោក មាស ម៉ែន បាននិយាយថា៖ «ហាង The Snack ជាហាងអាហារសម្រន់ ដែលយើងញ៉ាំនៅតាមផ្លូវ តាមសាលារៀនអីហ្នឹង ដោយយើងធ្វើឡើងវិញយ៉ាងមានអនាម័យ ដើម្បីបំពេញតម្រូវការអតិថិជនសម័យថ្មី និងអតិថិជនដែលគាត់ធ្លាប់ញ៉ាំពីមុន ហើយពិបាករកកន្លែងញ៉ាំបែបនេះ»។
នៅហាងមានលក់នូវ មីបុកខ្យង នំបញ្ចុកពោះគោទឹកប្រហុក បុកល្ហុងខ្យង ខ្យងទឹកប្រហុក ខ្យងឆាម្រះព្រៅ ក្ដាមលីង កង្កែបបំពងស្លឹកគ្រៃ សាច់គោអាំងស្នៀតពោត ព្រុយត្រីសាល់ម៉ុនអាំងអំបិលម្ទេស សាច់គោអាំងជាប់ខ្លាញ់ទឹកប្រហុក ប្រហិតចៀនទឹកសៀង ទឹកកកឈូស ងាវស្រុស និងបុកល្ហុងជាដើម។ ក្នុងរូបភាពគឺជាមីបុកមានត្រកួន ល្ហុង ជីរ សណ្ដែកកួរ ស្លឹកគ្រៃ និងពោះគោស្រូបទឹកប្រហុក តម្លៃ ៩ ពាន់រៀល។
ហាង The Snack ដែលបើកដំណើរការតាំងពីឆ្នាំ ២០១៥ សព្វថ្ងៃមានសាខានៅបាត់ដំបង សៀមរាប និងរាជធានីភ្នំពេញចំនួន ២ កន្លែង គឺម្ដុំទួលស្លែង និងព្រះយុគន្ធរ ទូរស័ព្ទលេខ ០១០ ៨៣៨ ០១០៕