The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មីស៊ុប​កូនកាត់ មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ ចំណេញ​ទាំង​ភេសជ្ជៈ​ទៀត

មីស៊ុប​កូនកាត់ មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ ចំណេញ​ទាំង​ភេសជ្ជៈ​ទៀត

Content image - Phnom Penh Post
សរសៃ​មី​ធំៗ​ស្ដង់ដារ​ផលិតផល​កូរ៉េ​អម​ដោយ​បន្លែ ប្រហិត និង​ក្ដាមសេះ​។ ស្រេង ម៉េងស្រ៊ុន

មីស៊ុប​កូនកាត់ មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ ចំណេញ​ទាំង​ភេសជ្ជៈ​ទៀត

ភ្នំពេញៈ ជាមួយ​សោភណភាព​បែប​ថ្មី ស៊ុបមី​ដាក់​ក្នុង​ឆ្នាំងដី​រូបមន្ត​ថៃ​រសជាតិ​តម្រូវ​ប្រជាជន​ខ្មែរ ភ្ញៀវ​ដែល​មក​ញ៉ាំ​សរសៃ​មី​ធំៗ​ស្តង់ដា​ផលិតផល​កូរ៉េ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក ថែម​ទាំង​អាច​ចំណេញ​បាន​ភេសជ្ជៈ​ឆ្ងាញ់​ពិសា​ដោយ​ឥតគិតថ្លៃ​នៅ​ហាង «​មីស៊ុប​កូនកាត់​» នៅ​បរិវេណ​កោះពេជ្រ​ក្បែរ​ស្ពាន​នាគ​ច្រកចេញ​។

បើក​ដំណើរការ​ចាប់ពី​ថ្ងៃទី ​១៣ ខែ​មករា ហាង​មីស៊ុប​កូនកាត់ ស្វាគមន៍​ភ្ញៀវ​ចាប់ពី​ម៉ោង ៨ ​ព្រឹក​រហូត​ដល់​ម៉ោង​ ១១ ​យប់​ជាមួយ​អាហារ​មាន​បន្លែ​ចម្រុះ និង​បន្ថែម​នូវ​បង្គា បង្កង ក្ដាម ខ្យង មឹក ពងទាកូន ប្រហិត ព្រម​ទាំង​លៀស​សមុទ្រ​ជាដើម​។

ជាមួយ​ក្លិន​ភាយ​ឈ្ងុយ​ពី​សាច់ និង​ទឹក​ស៊ុប​ក្ដៅ​ហុយៗ មី​ស៊ុប​កូនកាត់​មាន​មីស៊ុប​ឈ្មោះ ភូកេត jim jim តុងយ៉ាំ jim jum តុងយ៉ាំ jim jim កូនកាត់ jim jum កូនកាត់ ប៉ាតាយ៉ា ចាន់បូរី ហួរហ៊ីន និង​មាន​មុខម្ហូប​ជាច្រើន​ទៀត​ដែល​មាន​តម្លៃ​ចាប់ពី ១២៨០០ ​រៀល​ឡើង​ទៅ​។

Content image - Phnom Penh Post
ភ្ញៀវ​ញ៉ាំ​មីស៊ុប​ម្នាក់​នឹង​ទទួល​បាន​ភេសជ្ជៈ​មួយ​កែវ​ឥតគិតថ្លៃ​។ ស្រេង ម៉េងស្រ៊ុន

អ្នកនាង គង់ វណ្ណា វ័យ ៣៦ ឆ្នាំ​ជា​ម្ចាស់​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ដើរលេង​ច្រើន​។ ថ្ងៃ​មួយ​ខ្ញុំ​បាន​ទៅ​លេង​នៅ​​ប្រទេស​ថៃ ហើយ​បាន​ញ៉ាំ​ស៊ុប​មាន​រូបមន្ត​បែប​នេះ​នៅក្នុង​ខេត្ត​មួយ ហើយ​វា​ឆ្ងាញ់​។ ខ្ញុំ​គិតថា​បើ​សិន​ជា​មាន​របស់​ញ៉ាំ​ប្រភេទ​នេះ​នៅក្នុង​ស្រុក​យើង​ពិត​ជា​ល្អ ទើប​ខ្ញុំ​សម្រេចចិត្ត​ទៅ​សុំ​ទិញ​រូបមន្ត​ទឹក​ស៊ុប​នេះ​មក​បើក​ហាង​នៅក្នុង​ស្រុក​យើង​តែ​ម្តង​ទៅ​»​។

ម្ចាស់​ហាង​មីស៊ុប​កូនកាត់​រូប​នេះ​បាន​បញ្ជាក់​ថា​ហាង​របស់​ខ្លួន​មាន​លក្ខណពិសេស​ខុស​ពី​ហាង​ទូទៅ​ត្រង់​ថា បើ​សិន​ជា​ភ្ញៀវ​កុម្ម៉ង់​ស៊ុប ឬ​អាហារ​ក្នុង​ហាង​ ១ ​ឈុត និង​មាន​ថែម​ភេសជ្ជៈ​ ១ ​កែវ​ផង​ដែរ ដើម្បី​ឲ្យ​ភ្ញៀវ​មាន​អារម្មណ៍​ថា ចំណាយ​ទៅ​លើ​ឈុត​ម្ហូប​រួច​មិន​បាច់​ខ្វល់​អស់​លុយ​លើ​ភេសជ្ជៈ​នោះទេ​។

Content image - Phnom Penh Post
មីស៊ុប​ខ្យង​មាន​បន្លែ និង​ប្រហិត​ឆ្ងាញ់​ពិសា​។ ស្រេង ម៉េងស្រ៊ុន

ទោះបី​ជា​រសជាតិ និង​រូបមន្ត​យក​មក​ពី​ប្រទេស​គេ​ពិតមែន ប៉ុន្តែ​ចំពោះ​ការរចនា​ហាង​គឺ​ធ្វើ​តាម​របៀប​ខ្មែរ​រំលេច​នូវ​អត្តសញ្ញាណ​ជាតិ​ជាច្រើន​ដូចជា​ប្រាសាទ​អង្គរវត្ត​។

លក្ខណពិសេស​មួយ​ទៀត​នោះ​គឺ​ម្ចាស់​ហាង មីស៊ុប​កូនកាត់​បាន​ជ្រើសរើស​យក​ឆ្នាំងដី​មក​ដាក់​ស៊ុប​ឆ្ងាញ់​ពិសា​ដោយ​អ្នកនាង គង់ វណ្ណា បាន​ប្រាប់​ពី​ហេតុផល​ដូច្នេះ​ថា​៖ «​មកពី​នៅ​ស្រុក​ខ្មែរ​យើង​ក្នុង​ខេត្ត​កំពង់ឆ្នាំង​គាត់​ធ្វើ​ឆ្នាំងដី វា​ជា​របស់​ដែល​ធ្វើ​ដោយ​ដៃ អ៊ីចឹង​ខ្ញុំ​ក៏​គិត​ថា​បើសិន​ជា​ខ្ញុំ​​ដេគ័រ​មក​ជា​ឆ្នាំងដី​ខ្ញុំ​អាច​ជួយ​ប្រជាជន​យើង​បាន​ច្រើន ដោយ​ការ​ទិញ​យក​ឆ្នាំងដី​របស់​គាត់​មក​ប្រើ ព្រោះ​ពួកគាត់​ពិត​ជា​មាន​ការលំបាក​ណាស់​ទម្រាំ​ធ្វើ​បាន​មួយៗ​»​។

ហាង មីស៊ុប កូនកាត់ (Jim Jim Bangkok មីស៊ុប​ខ្យង​) មាន​លេខ​ទូរស័ព្ទ ០១១ ៥២ ២២ ៨៨៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍