The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មីហឹរ​ឆ្នាំង​ដែក ៥ រសជាតិ​បែប​កូរ៉េ ថែម​បង្កង​ខ្មែរ​កាន់តែ​អេមហ្មង




មីហឹរ​ឆ្នាំង​ដែក ៥ រសជាតិ​បែប​កូរ៉េ ថែម​បង្កង​ខ្មែរ​កាន់តែ​អេមហ្មង

Content image - Phnom Penh Post
មីស៊ុប​ហឹរ​ឆ្នាំង​ដែកមាន​បង្កង​តម្លៃ ១៦០០០​។ ផា លីណា

មីហឹរ​ឆ្នាំង​ដែក ៥ រសជាតិ​បែប​កូរ៉េ ថែម​បង្កង​ខ្មែរ​កាន់តែ​អេមហ្មង

ភ្នំពេញ: រដូវ​រំហើយ ធ្លាក់​ខ្យល់​ត្រជាក់ គឺជា​វេលាដ៏​សមស្រប​បំផុត​ក្នុងការ​ទទួលទាន​អាហារ​ក្ដៅៗ​កម្ដៅពោះ ពិសេស​គឺទឹក​ស៊ុប​សម្រាប់ហុត​តែម្ដង។

សប្ដាហ៍​នេះ ភ្នំពេញ ប៉ុស្ដិ៍ សូម​ណែនាំ​ប្រិយមិត្ត​អ្នកអាន​ឲ្យស្គាល់​កន្លែង​ទទួលទាន​អាហារថ្មី​ប្លែក​មួយទៀត។ នោះ​គឺហាង «មីហឹរ​ឆ្នាំង​ដែក ៥ រសជាតិ»។

នៅពេល​ដែល​នឹកឃើញ​ដល់ រសជាតិ​ហឹរ​ក្រហម​ឆ្អិនឆ្អៅ​នោះ យើង​ប្រាកដជា​គិតដល់​ម្ហូបថៃ​ជា​ប្រទេសជិតខាង ដែល​ប្រជាជន​ពួកគេ​និយម​ទទួលទាន​ម្ទេស។ ដោយឡែក មីហឹរ​ឆ្នាំង​ដែក ៥ រសជាតិ ជា​ប្រភេទ​អាហារ​បែប​កូរ៉េ​ខាងត្បូង​នោះទេ។

ម្ចាស់ហាង «មីហឹរ​ឆ្នាំងដែក ៥ រសជាតិ» បាន​កត់សម្គាល់​ឃើញថា បច្ចុប្បន្ន​ប្រជាជន​ខ្មែរ ពិសេស​យុវវ័យ​ដែល​ស្វែងរក​រសជាតិ​អាហារ​ថ្មី​ប្លែក ពួកគេ​បានប្ដូរ​ទំនោរ​ងាក​មក​និយម​ទទួលទាន​អាហារ​បែប​កូរ៉េខាងត្បូង ស្រប​នឹងការ​ជ្រាបចូល​នៃវប្បធម៌​ខ្សែភាពយន្ត​ប្រទេស​នេះ​ផងដែរ។

លោក ឡោ ស៊ុនថេង ជាម្ចាស់​ហាង​បាន​រៀបរាប់ថា៖ «ដោយសារ​ឥឡូវ​ហ្នឹង ចុងឆ្នាំ​នេះ ភ្ញៀវ​ភាគច្រើន​មិនថា​យុវវ័យ ឬ​មនុស្ស​ចាស់​ទេ គាត់​ចូលចិត្ត​ញ៉ាំមី​រសជាតិ​ហឹរបែប​កូរ៉េ​វិញ វាខុស​កាលពី​ដើមឆ្នាំ​ដែល​យើង​ឃើញថា​ពួកគាត់​ចូលចិត្ត​ញ៉ាំ​គ្រឿង​ហឹរ ជូរ​ខ្លាំង​បែប​ថៃនោះ»។

លោក​បាន​នឹកឃើញ​នាំយក​រសជាតិ​មីស៊ុប​កូរ៉េ​មកលក់ ក្រោយពេល​ធ្វើដំណើរ​កម្សាន្ត​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​សាកសួរ​អ្នករស់នៅ​ទីនោះ​ពីវិធី​ចម្អិនវា។

លោក​បាន​អះអាងថា ទាំង​មី ទឹកស៊ុប និង​គ្រឿងផ្សំ​រសជាតិ​គឺយក​មកពី​ប្រទេស​កូរ៉េ​តែម្ដង ដោយមាន​ការកែច្នៃ​សម្រប​ទៅតាម​ចំណូលចិត្ត​ប្រជាជន​ខ្មែរ។

ម្ចាស់​ហាង​រូបនេះ​បាន​លើកឡើងថា៖ «យើង​បានប្រើ​ម្ទេស​កូរ៉េ ជាមួយ​ម្ទេស​ក្រៀម​របស់​ខ្មែរ​យើង ដើម្បី​ឲ្យ​រសជាតិ​វាហឹរ​ខ្លាំង​ទៅតាម​ចំណង់​ចំណូលចិត្ត​ភ្ញៀវ​ខ្មែរ»។

មីស៊ុបហឹរ​ឆ្នាំង​ដែក ដែលមាន​ទាំង​សាច់ និង​បន្លែ​ចម្រុះ​ច្រើន​មុខ​នោះ មានតម្លៃ​ចាប់ពី ៩០០០ រៀល ដល់ ១៦០០០ រៀល (មាន​បង្កង)។

ហាង​ស្ថិត​នៅផ្ទះ​លេខ ១៩០ ផ្លូវ ១៥០ ម្ដុំសន្ធរម៉ុក ទូរស័ព្ទ លេខ ០១០ ៦២៦ ២០៦ និង ០៩២ ៧៣៥ ១៩៧៕

អត្ថបទគួរចាប់អារម្មណ៍