ភ្នំពេញ: ក្រឡេកឃើញឈ្មោះហាងគុយទាវក្នុងផ្ទះល្វែងតូចមួយស្ថិតនៅពីក្រោយសាលាវ៉ាន់ដា មួយភ្លែត ប្រាកដជាមានអារម្មណ៍ភ្ញាក់ក្រញាង។ ហាងគុយទាវ រចនាតុបតែងយ៉ាងស្រស់ស្អាត ផ្គាប់ចិត្ដយុវវ័យនោះឈ្មោះ «គុយទាវឡាំឌួយ» រូបក្រពើកាន់ចានគុយទាវ របស់តារាភាពយន្ដល្បីឈ្មោះ កញ្ញា ឌុច លីដា។
កញ្ញា ឌុច លីដា តារាសម្ដែងល្បីឈ្មោះ ជាម្ចាស់ហាងគុយទាវឡាំឌួយ បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំបើកហាងលក់គុយទាវនេះបាន ៣ ខែមកហើយ ដោយចំណាយទុនផ្ទាល់ខ្លួនជាង ១ ម៉ឺនដុល្លារ សម្រាប់បើកហាងគុយទាវឡាំឌួយនេះ»។
តារាភាពយន្ដនិយមថតប្រលែងលេងជាមួយនឹងសត្វជាច្រើនប្រភេទរូបនេះបានប្រាប់ថា៖ «មូលហេតុដែលបើកដាក់ឈ្មោះគុយទាវឡាំឌួយ នេះគឺដោយសារតែបងប្អូនសាច់ញាតិ និងមិត្តភក្តិនាងខ្ញុំចូលចិត្តហៅឈ្មោះនាងខ្ញុំថា ឡាំឌួយ ហើយពេលបើកហាងគុយទាវនេះសាកបង្ហោះឈ្មោះនេះ ហើយឃើញថា មានអ្នកចូលចិត្ត និងមើលទៅដូចជាសប្បាយចិត្តច្រើន ក៏សម្រេចចិត្តដាក់ឈ្មោះហ្នឹងតែម្តងទៅ»។
នៅក្នុងហាងគុយទាវឡាំឌួយ ភ្ញៀវដែលចូលញ៉ាំអាចមើលសត្វត្រកួត អណ្តើក សេក និងសត្វពស់លេងសិនអំឡុងពេលអង្គុយរង់ចាំគុយទាវមកដល់ ដែលសត្វទាំងអស់នេះ កញ្ញា លីដា បានចិញ្ចឹមដោយខ្លួនឯង ពីព្រោះនាងចូលចិត្តចិញ្ចឹមសត្វប្លែក។
គួរបញ្ជាក់ថា សម្រាប់រសជាតិមីឡាំឌួយ គឺខុសប្លែកពីគុយធម្មតា ដោយសារតែទឹកស៊ុបមានពណ៌ឈាមគោខាប់ លាយជាមួយសរសៃគោ ប្រហិតសាច់គោ និងបន្លែ ដូចជា សណ្តែកបណ្តុះ ម្អម និងជីររណារ។ មីឡាំឌួយ អាចទទួលទានជាមួយស្បែកជ្រូកបំពង កាន់តែឈ្ងុយឆ្ងាញ់។
អតិថិជនអាចកុម្ម៉ង់ មីឡាំឌួយ បន្ថែមឆ្អឹងគោសម្រាប់អ្នកនិយមហុតខួរឆ្អឹងគោក្ដៅៗ តម្លៃ ២ ដុល្លារ។ ថ្មីៗនេះហាងគុយទាវឡាំឌួយក៏បានបន្ថែមម្ហូបមួយមុខទៀតគឺបាយឡាំឌួយ មានគ្រឿងផ្សំ ដូចជា គីមឈី សាច់ជ្រូកបីជាន់ ជ្រក់ឆៃថាវ និងព្រះចន្ទពេញវង់។
តោះចង់ញ៉ាំមីឡាំឌួយអត់? ទៅទាំងអស់គ្នាស្ថិតនៅពីក្រោយសាលាវ៉ាន់ដា លើផ្លូវ ១៩១ ផ្ទះលេខ ១៣A ទាក់ទងតាមរយៈទូរស័ព្ទលេខ ០១៦ ៧៧ ៧៧ ៦១៕