The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មឹក 3D ឆ្ងាញ់​ជាប់ចិត្ត ថែម មីខគោ ចម្អិន​ពី​ទឹកដូង​ទៀត​រឹតតែ​អ៊ែម

មឹក 3D ឆ្ងាញ់​ជាប់ចិត្ត ថែម មីខគោ ចម្អិន​ពី​ទឹកដូង​ទៀត​រឹតតែ​អ៊ែម

Content image - Phnom Penh Post

មឹក 3D ឆ្ងាញ់​ជាប់ចិត្ត ថែម មីខគោ ចម្អិន​ពី​ទឹកដូង​ទៀត​រឹតតែ​អ៊ែម

ភ្នំពេញៈ ស្ថិត​នៅ​ច្រកណានជីង ជាប់​របង​សាលារៀន​សុវណ្ណភូមិ មឹក 3D និង​មីខគោ​ទឹកដូង​ដែល​ល្បី​ឆ្ងាញ់​បាន​ទាក់ទាញ​ភ្ញៀវ​មក​រង់ចាំ​កន្លែង​ជាមួយ​ការខ្ចប់​ជា​ហូរហែ ក្រោយពី​ទី​នេះ​ចាប់ផ្តើម​បើក​សារ​ថ្មី​បាន​រយៈពេល​ជាង ២ ​ខែ​ប៉ុណ្ណោះ​។

ជា​ម្ចាស់​រូបមន្ត​ផ្សំ​គ្រឿង​មឹក 3D ពិសេស​លោក ម៉ី បញ្ញាឈួន វ័យ ៣១ ឆ្នាំ បញ្ចប់​ថ្នាក់​បរិញ្ញប័ត្រ​នៅ​សកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ផ្នែក​គ្រប់គ្រង​បាន​ប្រាប់​មក ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ពី​មុន​ខ្ញុំ​ធ្លាប់​បើក​កន្លែង​លក់​មឹក​នេះ​តាំងពី ៣ ​ឆ្នាំ​មុន​ហើយ​លក់ដាច់​ណាស់​ក្នុង​មួយ​ថ្ងៃ​លក់​មឹក​អស់ ៣០០ គីឡូ​ឯណោះ​រហូត​ដល់​ម៉ូយ​អ្នក​លក់​មឹក​ឲ្យ​ខ្ញុំ​សឹង​តែ​មិន​ជឿថា​ខ្ញុំ​យក​មក​លក់​គាត់​ស្មានតែ​ខ្ញុំ​យក​មក​បោះ​ដុំ​បន្ត​តាម​ផ្សារ​»​។

ដោយ​មាន​ភារកិច្ច​ត្រូវ​ទៅ​ធ្វើការ​នៅ​ខេត្ត​លោក បញ្ញាឈួន ក៏​សម្រេចចិត្ត​ឈប់​រយៈពេល ១ ឆ្នាំ​កន្លះ​ទៅ​ហើយ​ទើប​តែ​សម្រេច​បើក​លក់​ជាថ្មី​ម្ដង​ទៀត​ក្រោម​ការគាំទ្រ​ពី​មិត្តភក្ដិ និង​អតិថិជន​ជា​ម៉ូយ​ច្រើន​នាក់​។

Content image - Phnom Penh Post
មីខគោ​ចម្អិន​ពី​ទឹកដូង បន្លែ​សណ្ដែកបណ្ដុះ និង​ត្រកួន​ស្រស់​មាន​តម្លៃ​ពី ៦០០០ រៀល ទៅ ៨០០០ រៀល​។ ហុង មិនា

មឹកស្រស់​លាយ​ជាមួយ​ម្សៅ​រមៀត និង​អំបិល​ច្របល់​ចូល​គ្នា​ត្រូវ​បាន​ចម្អិន​ក្នុង​ឆ្នាំង​ឲ្យ​ឆ្អិន​ល្អ​ទើប​ស្រង់​មក​កាត់​ដាក់​ក្នុង​ចាន​តម្រៀប​គ្នា​ជាមួយ​បន្លែស្រស់ និង​ទឹកត្រី​បុក​រូបមន្ត​ថ្មី​ឆ្ងាញ់​ជាប់​ចិត្ត​។

គ្រឿងផ្សំ មឹក 3D និង​មីខគោ​សុទ្ធតែ​ជា​ផលិតផល​ក្នុង​ស្រុក​ទាំងអស់​ដូចជា​ត្រសក់ ស្លឹកជីរ ម្ទេស​ជ្រើស​យក​ម្ទេសខ្មាំង និង​ម្ទេស​ត្រូវ​បាន​លាង​សម្អាត​ជាច្រើន​សា​ដោយ​ម្ចាស់​តូប​បាន​បញ្ជាក់ថា លោក​ផ្តោត​ទៅ​លើ​រសជាតិ និង​អនាម័យ​ខ្ពស់​បំផុត​។

មឹក​របស់​លោក​ត្រូវ​បាន​ទិញ​មកពី​អ្នក​ចុះ​ទូក​នៅ​ខេត្ត​កំពត​ដោយ​ឲ្យ​អ្នកលក់​ធ្វើការ​សម្អាត​ឲ្យ​ស្អាត​មុន​បញ្ជូន​មក​កាន់​ភ្នំពេញ​។ រីឯ​សាច់គោ​ជ្រើសរើស​យក​តែ​សាច់​ល្អ ដែល​ធ្វើ​ជា​ទឹក​មីខគោ​រួច ទោះបី​ទុក​ឲ្យ​ត្រជាក់​ច្រើន​ម៉ោង​ក៏​មិន​ឡើង​ខ្លាញ់​។

Content image - Phnom Penh Post
កូន​មឹក​ពីងពាង​ប្រឡាក់​គ្រឿង​ផ្សំ​ឈ្ងុយឆ្ងាញ់​ដួស​ចេញ​ពី​ឆ្នាំង​។ ហុង មិនា

អ្នកជំនាញ​ធ្វើ​ម្ហូប​រូប​នេះ​ក៏បាន​បង្ហាញ​ពី​លក្ខណ​ពិសេស​នៃ​មឹក 3D និង​មីខគោ​របស់​លោក​យ៉ាង​ដូច្នេះ​ទៀត​ថា​៖ «​ទឹកត្រី​ដែល​ធ្វើ​សម្រាប់​ជ្រលក់​មឹក​ខ្ញុំ​ធ្វើ​មក​ជាពិសេស​ដោយ​មិន​ដាក់​ប៊ីចេង​នោះ​ទេ ហើយ​អ្នក​ដែល​ធ្លាប់​ញ៉ាំ​សុទ្ធតែ​និយាយ​ថា ឆ្ងាញ់​ប្លែក​មិន​ធ្លាប់​បាន​ញ៉ាំ​នៅ​កន្លែង​ណា​មួយ​ពី​មុន​មក​ទេ​។ ចំណែក​ទឹក​មីខគោ​ខ្ញុំ​មិន​ប្រើ​ទឹក​ទេ គឺ​ប្រើ​ទឹកដូង​សុទ្ធ​ក្នុង​ការចម្អិន ហើយ​នេះ​គឺជា​រូបមន្ត​តាំងពី​ជំនាន់​យាយ​របស់​ខ្ញុំ​» ​មឹក 3D មាន​លក់​មឹក 3D ចាន​តូច​តម្លៃ ១១០០០ ​រៀល ចាន​ធំ ២២០០០ ​រៀល និង​មីខគោ​ធម្មតា ៦០០០ ​រៀល មីខគោ​ពិសេស ៨០០០ រៀល​។

លោក បញ្ញាឈួន បាន​ឲ្យ​ដឹង​ថា​៖ «​កន្លែង​ខ្ញុំ​ចាប់ផ្តើម​បើក​ពី​ម៉ោង ២ ​រសៀល​រហូត​ដល់​ម៉ោង ៨ យប់ ប៉ុន្តែ​ថ្ងៃ​ខ្លះ​អស់​មុន​ម៉ោង​កំណត់​»​។

មឹក 3D ឈ្ងុយ​ក្លិន​រមៀត និង មីខគោ​គឺ​ចម្អិន​ពី​ទឹកដូង​មាន​លក់​នៅ​តូប​សំយាប​ផ្ទះ​ម្ដុំ​ក្រោយ​សណ្ឋាគារ​ណានជីង ឬ​ទំនាក់ទំនង​ទូរស័ព្ទ​ ០៧០ ៧១៨ ១៦៨៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍