ភ្នំពេញ: ស្ថិតនៅច្រកផ្លូវពីក្រោយសណ្ឋគារណានជីង កន្លែងលក់នំបុ័ងសាច់សំយាបផ្ទះឆ្ងាញ់អស់ស្ទះស្នាដៃឆ្នាំ ១៩៨៩ បានបន្ថែមលក់នូវមឹកពីងពាងស្ងោរគ្រឿង (មឹក 3D) ដែលជាអាហារកំពុងតែពេញនិយមខ្លាំងពីភ្ញៀវទាំងអស់ ជាពិសេសនៅពេលល្ងាចគឺមានភ្ញៀវជាច្រើនឈរអង្គុយរង់ចាំទិញមឹកពីងពាងស្ងោរគ្រឿង។
លោក ម៉ី បញ្ញាឈួន ម្ចាស់តូបបាននិយាយទាំងទឹកមុខញញឹម និងដៃកំពុងតែរវល់ដួសមឹកចេញពីឆ្នាំងថា៖ «ខ្ញុំចូលចិត្តបង្កើតមុខម្ហូបថ្មីៗហើយថ្ងៃមួយនោះខ្ញុំបានទៅលេងនៅក្រៅប្រទេសគេយកមឹកពីងពាងនេះមកច្នៃធ្វើជាចំណីយ៉ាងឆ្ងាញ់ប្លែកមាត់ បន្ទាប់ពីខ្ញុំបានញុំាមឹកនេះហើយ ខ្ញុំក៏មានគំនិតច្នៃគ្រឿងផ្សំយ៉ាងម៉េចឲ្យខុសប្លែកពីរសជាតិនៅស្រុកគេ ដោយយើងប្រើគ្រឿងផ្សំបែបធម្មជាតិមកប្រើដូចជា ក្រូចសើច គល់ស្លឹកគ្រៃ និងល្មៀតជាដើម»។
ម្ចាស់តូបដែលហៅមឹកពីងពាងរបស់ខ្លួនថា «មឹក 3D» នោះ បានប្រាប់ឲ្យដឹងទៀតថា៖ «សម្រាប់មឹកពីងពាងនេះ កាលពេលដែលខ្ញុំសម្រេចយកវាមកច្នៃធ្វើជាចំណីញ៉ាំលេងគឺវាពិបាករកមែនទែន អ៊ីចឹងខ្ញុំព្យាយាមទាក់ទងជាមួយមិត្តដែររស់នៅកំពតឲ្យគាត់ជួយរកទិញពីអ្នកនេសាទផ្ទាល់តែម្តង គឺខាងខ្ញុំមិនប្រើមឹកមកពីវៀតណាមនោះទេ សំខាន់គឺទាល់តែប្រើមឹកធម្មជាតិទើបវាមានរសជាតិឆ្ងាញ់»។
ដោយសារតែល្បីពីរសជាតិឆ្ងាញ់របស់មឹកពីងពាងមកពីខេត្តកំពត ពីមាត់មួយទៅមាត់មួយតៗគ្នា លោក ម៉ី បញ្ញាឈួន បានបញ្ជាក់ទៀតថា៖ «អ៊ីចឹងសរុបមកមឹករបស់ខ្ញុំគឺថ្មីរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃអាចលក់បាន ៧០ ទៅ ៨០ គីឡូក្រាមឯណោះ»។
ចំពោះមឹកស្ងោរគ្រឿងពណ៌លឿងដែលគេហៅតៗគ្នាថា មឹក 3D នេះលក់ក្នុងមួយប្រអប់តម្លៃ ១០០០០ រៀល។ ក្រៅពីមឹក ៣D នេះ តូបក៏មានលក់មឹកស្នូកសម្រាប់ញ៉ាំជាមួយបន្លែមានរសជាតិឆ្ងាញ់ប្លែកមាត់។
ក្រៅពីប្រភេទអាហារមឹក នៅទីនោះក៏មានលក់ដូចជាបបរគ្រឿង ស្លាបមាន់ចៀន ទឹកកកឈូសមានរសជាតិឆ្ងាញ់ និងនំបុ័ងសាច់ផាក់ឡូវជាមួយជ្រក់ពិសេសផងដែរ។
សម្រាប់អ្នកមិនទាន់បានភ្លក្សមឹកពីងពាងស្ងោរគ្រឿងពណ៌លឿង គឺអាចទៅរកញ៉ាំបាននៅតូបសំយាបផ្ទះពីក្រោយសណ្ឋាគារណានជីង ឬទំនាក់ទំនងទូរស័ព្ទលេខ ០៧០ ៧១៨ ១៦៨៕