ភ្នំពេញ៖ ​ផ្ដើម​​ពី​ការ​លក់​ស្វាយជ្រក់​តាម​អនឡាញ​ Good Taste/ឆ្ងាញ់ ផ្ទះ​បាយ​ពុយពុយ​ បាន​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​មួយ​​បន្ទាប់​ពី​មាន​​សំណូមពរ​ពី​អតិថិជន​​ជា​ច្រើន ដែល​និយម​រសជាតិ​ផ្ទះបាយ​អ្នកស្រី សេរី ហាន់នីកា​​។

មុន​ពេល​ដាក់​លក់​តាម​អនឡាញ ស្វាយ​ជ្រក់​គ្រាន់​តែ​ជា​រូបមន្ដ​អាហារ​ចង្ក្រាន​​​បាយ​ផ្ទាល់​ខ្លួន​ ដែល​សមាជិក​គ្រួសារ​ទទួល​ទាន​រួម​គ្នា​ រួច​បន្ដ​ទៅ​កាន់​​មិត្ដភក្ដិ​រហូត​ដល់​អ្នក​ប្រើប្រាស់​លើ​បណ្ដាញ​សង្គម​។

ម្ចាស់​ភោជនីយដ្ឋាន​ អ្នកស្រី​​ សេរី ហាន់នីកា​ បាន​ឱ្យ​ដឹង​​ថា​៖ «ដោយសារ​​​គ្រួសារ​ខ្ញុំ និង​មិត្ដភក្ដិ​ចូលចិត្ត​ញ៉ាំ​​មុខ​ម្ហូប ​ដែល​យើង​ដាក់​បម្រើ​នៅ​ក្នុង​ហាង​បច្ចុប្បន្ន​ ​នៅ​​ពេល​ដែល​​ញ៉ាំ​​ឆ្ងាញ់ ពួក​​គាត់​ក៏​ផ្ដល់​យោបល់​ឱ្យ​​យើង​បើក​ហាង​​លក់​សាកល្បង»។

អ្នកស្រី​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «​​​អាជីវកម្ម​នេះ​មាន​ប្រជាប្រិយភាព​ផ្ដើម​ចេញ​ពី​ស្វាយជ្រក់​ ហើយ​ក្រោយ​មក​ ខ្ញុំ​បន្ដ​​អាប់​ដេត​​មុខ​ម្ហូប​បន្ត​បន្ទាប់ ​មាន​ទាំង​បុកល្ហុង​ តាំប៉ា​ ដែល​ពេល​នោះ​ភ្ញៀវ​​ចាប់​ផ្ដើម​សួរ​រក​ទីតាំង ​ដើម្បី​​មក​ញ៉ាំ​ផ្ទាល់​»។

ផ្ទះបាយ​ពុយពុយ បាន ​និង​កំពុង​ដំណើរ​ការ​រយៈពេល ​២ ​ឆ្នាំ​មក​ហើយ រួម​​ទាំង​ការ​លក់​លើ​អនឡាញ​រយៈពេល​ ​១ ​ឆ្នាំ​ផង​ដែរ​។

ទិដ្ឋភាព​ភ្ញៀវ​មក​ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ ផ្ទះបាយ​ពុយពុយ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកស្រី​​ ហាន់នីកា បាន​និយាយ​ថា ​មុខ​ម្ហូប​នៅ​ក្នុង​តារាង​រាយ​នាម​របស់​ភោជនីយដ្ឋាន ផ្ទះបាយ​ពុយពុយ ​ភាគ​ច្រើន​ជា​​​រូបមន្ដ​មក​ពី​ថៃ​ អឺរ៉ុប និង​ការ​ច្នៃ​ប្រឌិត​របស់​ម្ចាស់​ភោជនីយដ្ឋាន​រូប​នេះ​ផ្ទាល់​។ ​

មុខ​ម្ហូប​ដែល​ទទួល​បាន​ការ​ពេញ​និយម​ និង​​ណែនាំ​ពី​ម្ចាស់​ភោជនីយដ្ឋាន​ ដែល​ជា​ពិធី​ការិនី​ផ្នែក​កីឡា​រូប​នេះ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​​ មុកៈថៈ តាំប៉ា​ចម្រុះ​ ក្ដាម​ពង​ជ្រក់​ អយស្ទ័រ​ និង​បំពង​​សរសៃ​ជង្គង់​មាន់​ មាន​ប្រជាប្រិយភាព​សម្រាប់​អតិថិជន​។​

មុកៈថៈ ​និង​តាំប៉ាចម្រុះ​ជា​មុខម្ហូប​ថៃ​ដែល​មាន​តម្លៃ​ ១២ ដុល្លារ។ ​​តាំប៉ា​ មាន​តម្លៃ​ចាប់​ពី ១២ ​ដុល្លារ ដោយ​​អាស្រ័យ​​​លើ​អតិថិជន​ចង់​ថែម​អ្វី​ខ្លះ។​ តាំប៉ា​ ស្រដៀង​​បុកល្ហុង ខុស​តែ​​បន្លែ​ច្រើន​ជាង ដែល​រួម​មាន ​ត្រប់ស្រួយ​ ស្អំ​ ចេកខ្ចី​ បុក​ជាមួយ​ក្ដាម​ គ្រឿង​សមុទ្រ​ ខ្យង ​និង​ត្រី​សាលម៉ុន​។

ចំណែក​ឯ​មុកៈថៈ​ មាន​តម្លៃ​ ១២ ​ដុល្លារ​ ​គឺ​ជា​ប្រភេទ​​សាច់អាំង​ដែល​មាន​​សាច់​ជ្រូក​បីជាន់​ សាច់គោ​ ប្រហិត​សាច់គោ​ គ្រឿង​សមុទ្រ​ និង​បន្លែ​ជាច្រើន​​មុខ​ទៀត ​ជាមួយ​នឹង​ទឹក​ជ្រលក់​ដ៏​ឆ្ងាញ់​ពិសា​។​

ខណៈ​អាហារ​​ទាំង ២ ​ជា​រូបមន្ដ​មក​ពី​ថៃ មុខ​ម្ហូប​ទូទៅ​ដទៃ​ទៀត​មាន​តម្លៃ​ចាប់ពី ៣ ​ដុល្លារ​ឡើង​ ​ព្រម​ទាំង​​ស្រា​ទំពាំង​បាយជូរ និង​ស្រាបៀរ​ជាច្រើន​ថែម​ទៀត​។

អ្នកស្រី ហាន់នីកា អាយុ ៣៨ ​ឆ្នាំ បាន​​អះអាង​ថា​៖ «យើង​យក​ផលិតផល​ផ្គត់ផ្គង់​ពី​កន្លែង​ម៉ូយ​​របស់​យើង​ដែល​អាច​ទុក​ចិត្ត​បាន។ យើង​​​ដឹង​ថា​ វា​ជា​របស់​​ល្អ​ ​មាន​សុវត្ថិភាព​ និង​ស្គាល់​​ពី​ប្រភព​វា​ច្បាស់លាស់»។

ពិធីការិនី​មាន​ថ្វី​មាត់​នៅ​ក្នុង​កម្មវិធី​កីឡា​​លើ​កញ្ចក់​ទូរទស្សន៍ CTN រូប​នេះ បាន​ប្រាប់​ថា ​អ្នកស្រី​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព និង​រសជាតិ​នៃ​​ម្ហូប​នីមួយៗ​សម្រាប់​បម្រើ​ជូន​ភ្ញៀវ​​ក៏​ដូចជា​សេវាកម្ម​​។

​ផ្ទះបាយ​ពុយពុយ អាច​ទទួលភ្ញៀវ​ដល់ ១០០​ នាក់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អំឡុង​ពេល​កូវីដ ​និង​អាកាសធាតុ​ប្រែប្រួល​នេះ​ អ្នកស្រី​ទទួល​ស្គាល់​ថា មួយ​រយៈ​នេះ​ ភោជនីយដ្ឋាន​ធ្លាក់​ភ្ញៀវ​មក​​ទទួល​ទាន​ផ្ទាល់​​ខ្លះ តែ​មួយ​ចំនួន​នៅ​បន្ដ​កុម្ម៉ង់​ទិញ​យក​ទៅ​ផ្ទះ និង​ដឹក​ជញ្ជូន​ដល់​ផ្ទះ​។ ​

សម្រាប់​អ្នក​រៀបចំ​កម្មវិធី​ផ្សេងៗ ភោជនីយដ្ឋាន ផ្ទះ​បាយ​ពុយ​ពុយ ធ្វើ​ការ​បញ្ចុះ​តម្លៃ ១០ ​ភាគរយ ​ចំពោះ​ការ​កក់​ទុក​មុន​។

អ្នកស្រី​បន្ដថា​៖ «​ជាមួយ​គ្នា​នោះ ​ខ្ញុំ​ចង់​​ពង្រីក​បន្ថែម​ហាង​បន្តិច​ទៀត ​ដើម្បី​​ទទួល​ភ្ញៀវ​ដែល​គាត់​ចង់​រៀបចំ​កម្មវិធី​​ឱ្យ​មាន​ភាព​​ស្រួល​ជាង​នេះ​​ ហើយ​​ក៏​ចង់​រៀបចំ​តាក់តែង​​ឱ្យ​កាន់​តែ​ទាក់ទាញ​​ផង​ដែរ​»។

ភោជនីយដ្ឋាន ផ្ទះ​បាយ​ពុយ​ពុយ បើក​ដំណើរការ​​​រៀងរាល់​ថ្ងៃ ​លើកលែង​តែ​បុណ្យ​ធំៗ​ ដោយ​​ចាប់​បើក​ពី​ម៉ោង ​១១ ​ព្រឹក​សម្រាប់​ការដឹក​ជញ្ជូន​ ក៏​ដូច​ជា​បើក​ទ្វារ​​​ចាប់​ពី​ម៉ោង ​៤ ​ល្ងាច ​ដល់​ ១២ ​អ្រធាត្រ​​។

Good Taste/ឆ្ងាញ់ ផ្ទះបាយ​ពុយពុយ ​មាន​ទីតាំង​នៅ​ផ្ទះលេខ​ ២៧៩ ផ្លូវ Polaris គម្រោងទី ៧ នៅ​ក្នុង​បុរីប៉េងហួត បឹងស្នោ។ សម្រាប់​ព័ត៌មាន​​បន្ថែម សុំចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក @chhnganh៕

វីដេអូ៖