ភ្នំពេញ៖ មុខ​ម្ហូប​ខ្មែរ​ជាច្រើន​មុខ​ជាស្នាដៃ​ចម្អិន​របស់​​ចុងភៅ​វ័យ​ក្មេង​ខ្មែរ​-​កាណាដា​ ​ទើប​ជាប់​ពាន​រង្វាន់​ជា​ចុងភៅ​ឆ្នើម​​ប្រចាំ​ទីក្រុង​​ម៉ុងរេអាល់ សម្រាប់​​ឆ្នាំ​ ២០២០​ ​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ហាង​លក់​ម្ហូប​ខ្មែរ «ទូក»​ ដែល​ទើប​បើក​ដំណើរការ​សាកល្បង​នា​ពេល​ថ្មី​នេះ​ ឯ​ទឹកដី​កាណាដា។

ដោយ​មាន​ឈាម​ជ័រ​ជា​ជនជាតិ​ខ្មែរ និង​​តែង​មាន​ក្តី​ស្រមៃ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ លោក យេន ចាន់ធី បាន​បើក​ភោជនីយដ្ឋាន ដោយ​រៀបចំ​ត្រឹមតែ​ ៣-៤ តុ មាន​ក្រាល​​កម្រាល​ក្រណាត់​សូត្រ​​ខ្មែរ ​តុបតែង​អម​ដោយ​​បាច់​ផ្កា ថូផ្កា​ និង​ទូ​ដាក់​តាំង​បង្ហាញ​ស្រា។

ដោយ​ប្រើប្រាស់​គ្រឿង​ផ្សំ​បែប​ខ្មែរ ​ហាង​ដែល​​មាន​ទីតាំង​ស្ថិត​នៅ​កន្លែង​មាន​​មនុស្ស​ម្នា​​ដើរ​កាត់​ តែង​ភាយ​ក្លិន​ឈ្ងុយ​នៃ​គ្រឿង​ផ្សំ​ម្ហូប​ខ្មែរ​ ទាក់ទាញ​ទិញ​អាហារ​សម្រន់​​​វេច​​ខ្ចប់​សម្រាប់​ដំណើរ​កម្សាន្ត​ពិចនិក។

ក្នុង​បទសម្ភាស​ជាមួយ​ ភ្នំពេញ ប៉ុស្តិ៍ មេ​ចុងភៅ​​វ័យ​ ៣២ ឆ្នាំ​ បាន​ឲ្យ​ដឹង​​ថា៖ «ទូក ​បាន​បើក​លក់​ម្ហូប​ខ្មែរ​សាកល្បង​ដំបូង​នៅ​ថ្ងៃ​អាទិត្យ​ ទី ២៤​ ខែ​ឧសភា​ ឆ្នាំ ​២០២០​ ​ទើប​តែ​បើក​មិន​បាន​ប៉ុន្មាន​ទេ​ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​​ខ្ញុំ​ភ្ញាក់​ផ្អើល​បំផុត​នៅ​ពេល​មាន​មនុស្ស​ជាច្រើន​តម្រង់​ជួរ​រង់ចាំ​ទិញ​ម្ហូប​របស់​យើង​។ វត្តមាន​មនុស្ស​ជាច្រើន​ឈរ​នៅ​មុខ​ហាង​ រង់ចាំ​ភ្លក្ស​ម្ហូប​ខ្មែរ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ និង​ព្យាយាម​ស្វែង​រក​មុខ​ម្ហូប​ថ្មីៗ​បន្ត​ទៀត»។

លោក​បាន​បន្ត​ប្រាប់​ថា​៖ «គ្រប់​គ្នា​នៅ​ទីនេះ​​ស្គាល់​តែ​​ម្ហូប​ថៃ​ វៀតណាម​ ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ស្គាល់​អ្វី​ទៅ​ជា​ម្ហូប​ខ្មែរ​​ ប៉ុន្តែ​ពេល​នេះ ​ទូក​ នឹង​ក្លាយ​ជា​ហាង​ដែល​ចាប់​ផ្តើម​បើក​ផ្លូវ​ឲ្យ​ពិភព​លោក​ស្គាល់​​ម្ហូប​ខ្មែរ។​ ខ្ញុំ​នឹង​ចែក​រំលែក​រសជាតិ​ដ៏​អស្ចារ្យ​នៃ​ម្ហូប​ខ្មែរ​ ជាមួយ​គ្រប់គ្នា​នៅ​ទីនេះ​ និង​មេ​ចុងភៅ​ល្បី​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​ឲ្យ​ស្គាល់​​ថា អ្វី​ទៅ​ជា​ម្ហូប​ខ្មែរ​»។

លោក ​ចាន់​ធី​​ ​​មាន​ឪពុកម្តាយ​ជា​ជនជាតិ​ខ្មែរ​ និង​បាន​ផ្លាស់​លំនៅ​ទៅ​​​​កាណាដា ក្នុង​ឆ្នាំ​ ១៩៨៥។

លោក ចាន់ធី មេចុងភៅ​ខ្មែរ-កាណាដា អាយុ ៣២ ឆ្នាំ បើក​ហាង «ទូក» លក់ម្ហូបខ្មែរ​នៅ​ក្រុង​ម៉ុងរេអាល់។ រូបថត សហ​ការី

ទោះ​ជា​មាន​កំណើត​ និង​ធំធាត់​​នៅ​ទីក្រុង​អនតារីយោ​​ លោក​​បាន​រៀន​និយាយ​​ភាសា​ខ្មែរ និង​រៀន​ចម្អិន​ម្ហូប​ខ្មែរ​​ពី​ជីដូន​​តាំង​ពី​កុមារភាព​។

លោក​បាន​រំឭក​​​ថា៖ «ខ្ញុំ​ចាំ​បាន​ កាល​​ពី​តូច​យាយ​របស់​ខ្ញុំ​ហៅ​ខ្ញុំ​ទៅ​បង្រៀន​​របៀប​ធ្វើ​ម្ហូប​ខ្មែរ​ និង​និទាន​រឿង​​ផ្សេងៗ​​អំពី​ប្រទេស​ខ្មែរ​ឲ្យ​ខ្ញុំ​ស្តាប់។ ពេល​នោះ​ខ្ញុំ​ក៏​ចាប់​ផ្តើម​រៀន​ធ្វើ​​ម្ហូប​សម្រាប់​ខ្លួន​ខ្ញុំ​ និង​គ្រួសារ​របស់​ខ្ញុំ​​ ហើយ​​រៀន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រក​លុយ​​ដោយ​ខ្លួន​ឯង​ ដោយ​ចាប់​ផ្តើម​ធ្វើ​ការ​ផ្នែក​ម្ហូប​អាហារ​​តាំង​ពី​អាយុ​ ១៥ ​ឆ្នាំ​ នៅ​​តំបន់​ដែល​ខ្ញុំ​រស់នៅ»។

ក្រោយ​មក​លោក​បាន​​បន្ត​ការ​សិក្សា​ជំនាញ​ធ្វើ​ម្ហូប​នៅ​ Northwest Culinary Academy និង​​​​បន្ត​ដំណើរ​ជីវិត​​ជា​មេ​ចុងភៅ​​​តាម​បណ្ដា​​ភោជនីយដ្ឋាន​ អាស៊ី​ ​អឺរ៉ុប​ និង​អាមេរិក​​ល្បី​ៗ​។

តាមរយៈ​ទេពកោសល្យ​ផ្ទះបាយ ​លោក ចាន់ធី បាន​ក្លាយ​ជា​ចុងភៅ​ជនជាតិ​ខ្មែរ​ដំបូង​ ដែល​​បាន​ធ្វើ​ការ​ជាមួយ​កំពូល​ចុងភៅ​ល្បី​ក្នុង​ពិភព​លោក​​ Ferran Adria និង​អាច​បម្រើការ​ជា​មេ​ចុងភៅ​ក្នុង​ភោជនីយដ្ឋាន Mugaritz ​ចំណាត់​ថ្នាក់​លេខ​ ៥ ​ក្នុង​ពិភព​លោក​នៅ​អេស្ប៉ាញ។

ក្រោយ​ពី​​ប្រឡូក​ក្នុង​វិស័យ​ម្ហូប​អាហារ​ និង​បាន​ធ្វើ​ជា​មេ​ចុងភៅ​នៅ​ក្នុង​ភោជនីយដ្ឋាន​ល្បីៗ​បាន​ប៉ុន្មាន​ឆ្នាំ​ ​យុវជន​រូប​នេះ​​​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​របស់​ខ្លួន​ដំបូង​​ ឈ្មោះ​​ថា Filedstone​​។

លោក​បាន​ប្រាប់​ថា៖ «ខ្ញុំ​បាន​បំបែក​ និង​​បង្កើត​រូបមន្ត​ថ្មី​របស់​ខ្មែរ​ឈ្មោះ​ «គ្រឿង» និង​ «ស្ងោរ»​ ដោយ​មុខ​ម្ហូប​ទាំង ​២ នេះ​បាន​ជាប់​​ជា​មុខ​ម្ហូប​ពេញ​និយម​របស់​ហាង​យើង​​ រហូត​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ទទួល​បាន​ពានរ​ង្វាន់​ Readers'' Choice Chef​ ប្រចាំ​ឆ្នាំ​ ២០១៨​ និង​បាន​ចូលរួម​ជា​សមាជិក​សភា​មេ​ចុងភៅ​របស់​ប្រទេស​កាណាដា​»។

ដោយសារ​លោក​ ចាន់ធី ក៏​ជា​មេ​ចុងភៅ​ខ្មែរ​ដំបូង​ដែល​ទទួល​បាន​​រង្វាន់​ចុងភៅ​​ល្អ​បំផុត​ប្រចាំ​​ទីក្រុង​ម៉ុងរេអាល់​ ក្នុង​ឆ្នាំ​ ២០២០ ភាព​ល្បីល្បាញ​នេះ​​​បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​របស់​កាណាដា​ជាច្រើន​ ​ចុះផ្សាយ​ពី​រូប​​លោក និង​ហាង «ទូក» ​ដែល​ទើប​បើក​ដំណើរការ​ថ្មីថ្មោង​​។

ដោយ​​ខំប្រឹង​និយាយ​​​ខ្មែរ​ថែ​អត្តសញ្ញាណ ទោះ​ជា​សំនៀង​បែប​ប៉ៃឡាំ​ មេ​ចុងភៅ​រូប​​នេះ​បាន​លើក​ឡើង​ថា​៖ «ខ្ញុំ​ដាក់​ឈ្មោះ​ហាង​ថា ទូក​ គឺ​ប្រដូច​បាន​​នឹង​រូប​ខ្ញុំ​ជា​កាប់​ពី​តែន ដែល​បើក​ទូក​នាំ​ភ្ញៀវ​ទៅ​កាន់​តំបន់​ថ្មី​មួយ ​ដើម្បី​​ទទួល​បាន​បទពិសោធ​​ថ្មី​។ ទូក​ គឺ​ចង់​សំដៅ​លើ​​ដំណើរ​ផ្សងព្រេង​របស់​​អតិថិជន​ទាំងឡាយ​ដែល​មក​កាន់​ហាង​នេះ​ទៅ​ដក​បទ​ពិសោធ​​ថ្មី​ជាមួយ​ក្លិន​ និង​​រសជាតិ​នៃ​ម្ហូប​ខ្មែរ​​ ដែល​​មាន​រូប​ខ្ញុំ​ជា​អ្នក​បើកបរ​ផ្ទាល់​ ហើយ​ទូក​នឹង​នាំ​ពួក​គេ​ទៅ​បរិភោគ​អាហារ​ខ្មែរ​ ដែល​ពិបាក​​ស្វែងរក​នៅ​​កាណាដា»។

ហាងទូកមានលក់ នំបញ្ចុកសម្លខ្មែរ សាច់ចង្កាក់អាំង នំប៉័ងសាច់ ការីសាច់មាន់ បាយឆា សាច់គោងៀត ភ្លាសាច់គោ មីកាតាំង ឆាគុយទាវ និងមីកូឡា​​។ រូបថត សហ​ការី

បើក​​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ​ ​ពី​ម៉ោង​ ២ ដល់​ម៉ោង​ ៨​ យប់​ ​​ហាង​ទូក​​មាន​​លក់​ នំ​បញ្ចុក​សម្ល​ខ្មែរ​ សាច់​ចង្កាក់​​អាំង​ នំប៉័ង​សាច់​ ការី​សាច់​មាន់​ ស្លាប​មាន់​ចៀន​ បាយឆា​​ សាច់គោ​ងៀត​ បុកល្ហុង ​ភ្លា​សាច់​គោ​ មីកាតាំង​ ចាយ៉​ ឆាគុយទាវ​ និង​មីកូឡា​។

ចុងភៅ​​​​​បទពិសោធ​ជាង​ ១៦ ឆ្នាំ​រូប​នេះ​​បាន​​បន្ត​ទៀត​ថា៖ «ម្ហូប​ដែល​ទទួល​​​បាន​ការ​គាំទ្រ​ច្រើន​ជាង​គេ​ គឺ​នំបញ្ចុក​​សម្ល​ខ្មែរ​​​តម្លៃ​ ១៤ ​ដុល្លារ​ កាណាដា​ដែល​ភ្ញៀវ​ហូប​​ហើយ​សរសើរ​ថា​ឆ្ងាញ់ ហើយ​កម្មង់​​ទិញ​ច្រើន​ដល់​ទៅ​ ៥០ ​ចាន​ ក្នុង​ ១ ថ្ងៃ​ និង​រំពឹង​ថា​ចំនួន​​នេះ​អាច​នឹង​កើន​ឡើង​លើស​ពី​នេះ​ទៀត។ មាន​អ្នក​ខ្លះ​កម្មង់​ទិញ​តាម​អនឡាញ​ តាំង​ពី​មុន​ពេល​យើង​បើក​ទ្វារ​​លក់​ក៏​មាន​។ ក្នុង​ហាង​យើង​ក៏​​មាន​​ភ្ញៀវ​ជនជាតិ​ខ្មែរ​មួយ​ចំនួន​ដែរ​មក​ទិញ​​នំបញ្ចុក​នេះ​​»។

ព្រោះ​តែ​​ការ​កម្មង់​ទិញ​ច្រើន​ លោក​​ក៏​​មាន​កូន​កាំបិត ​២ នាក់ ជា​ជនជាតិ​ បារាំង​​​ជួយ​សម្រួល​ការងារ​​​​ហាន់​គ្រឿង​ ហាន់សាច់​ រៀបចំ​បន្លែ​ជាដើម។

យ៉ាងណា​មិញ ​លោក​បញ្ជាក់​ថា៖ «គ្រប់​​​មុខ​​ម្ហូប​ទាំង​អស់​ ខ្ញុំ​ជា​អ្នក​ផ្សំ​គ្រឿង​ ភ្លក្ស​ ​និង​ចម្អិន​ដោយ​ផ្ទាល់។ រីឯ​​​ការ​រក​ទិញ​គ្រឿង​ នៅ​ម៉ុងរេអាល់​ ​​ពិត​ជា​ពិបាក​ណាស់​ ទម្រាំ​ទិញ​គ្រឿង​បាន​ខ្ញុំ​ត្រូវ​ដើរ​រក​គ្រឿង​ពី​ហាង​មួយ​ទៅ​ហាងមួយ​ យ៉ាង​ហោច​ណាស់​ខ្ញុំ​ត្រូវ​ដើរ​ទិញ​អស់​​កន្លះ​ថ្ងៃ​ ហើយ​នៅ​មិន​ទាន់​​បាន​គ្រឿង​គ្រប់​ដែល​ខ្ញុំ​ត្រូវ​ការ​ទេ»។

ក្រៅ​ពី​បំណង​ច្នៃ​គ្រឿង​​ផ្សំ​ម្ហូប​ខ្មែរ​លក់​​​​នៅ​ទឹក​ដី​កាណាដា ​លោក​ ចាន់ធី ក៏​មាន​គម្រោង​​មក​កម្សាន្ត ​និង​ចែក​រំលែក​ចំណេះដឹង​បទពិសោធ​​ចម្អិន​ម្ហូប​នៅ​ប្រទេស​​កម្ពុជា ​​ផង​ដែរ៕