The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ម្ហូប​ឆ្ងាញ់​ពី PUBG street food ត្រូវចិត្ត​ហ្វេន​ហ្គេម​ស្ដូក

ម្ហូប​ឆ្ងាញ់​ពី PUBG street food ត្រូវចិត្ត​ហ្វេន​ហ្គេម​ស្ដូក

Content image - Phnom Penh Post
ឆ្អឹងជំនីរ​ស្រោច​ម្ទេស​ខៀវ​ជាមួយ​ទឹកជ្រលក់​ទឹកត្រី​កោះកុង​ហឹរ​ឆ្ងាញ់​។ រូបថត នួន សុខសារីម

ម្ហូប​ឆ្ងាញ់​ពី PUBG street food ត្រូវចិត្ត​ហ្វេន​ហ្គេម​ស្ដូក

ភ្នំពេញៈ ផ្តើម​ចេញពី​ការចូលចិត្ត​លេង​ហ្គេម ផាប់ជី (PUBG) និង​ខាង​ចម្អិន​ម្ហូប​កញ្ញា ម៉ូហ្សា ម្ចាស់​ហាង​ផាប់ជី ស្ត្រីតហ៊្វូត (PUBG Street Food) បាន​បើក​ដំណើរការ​ហាង​អាហារ​របស់​ខ្លួន ដោយ​រៀបចំ​តុបតែង​យក​គំរូ​តាម​ហ្គេម​ផាប់ជី ដែល​កំពុង​តែ​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​។

ម្ចាស់​ហាង​រូប​ស្រស់ វ័យ ២០ ​ឆ្នាំ​បាន​រៀបរាប់​ថា​៖ «​ដោយសារ​តែ​ខ្ញុំ​ជា​អ្នកលេង​ផាប់​ជី​ផ្ទាល់ ហើយ​ស្រលាញ់​មាន​អារម្មណ៍​ថា វា​កំពុង​តែ​ទាន់​សម័យ​នៅ​ឆ្នាំ​ ២០១៩ ហ្នឹង ហើយ​ផ្ទុះ​ខ្លាំង​មែនទែន​រឿង​ផាប់ជី​ហ្នឹង ហើយ​ខ្ញុំ​ស្រឡាញ់​ខាង​ធ្វើ​ម្ហូប​ផង ខ្ញុំ​ក៏​បង្កើត​ហាង​ដាក់ ផាប់ជី ស្ត្រីតហ៊្វូត ​តែ​ម្តង​ទៅ ខ្ញុំ​ឌីហ្សាញ​ដោយ​ខ្លួនឯង ហើយ​របស់របរ​ដូចជា​ផែនទី កាំភ្លើង​អ៊ីចឹង ខ្ញុំ​កុម្ម៉ង់​ពី​ក្រៅ​ប្រទេស​មក​»​។

Content image - Phnom Penh Post
កញ្ញា ម៉ូហ្សា ម្ចាស់​ហាង ផាប់ ជី ស្ត្រីតហ៊្វូត ចូលចិត្ត​ធ្វើ​ម្ហូប និង​លេង​ហ្គេម​ហាប់ជី​។ រូបថត នួន សុខសារីម

ទន្ទឹម​នឹង​ការតុបតែង​ប្លែក​ពី​ហាង​ដទៃ ផាប់ជី ស្ត្រីតហ៊្វូត ក៏​មាន​ម្ហូប​ពិសេស​ប្រចាំ​ហាង​ប្លែកៗ​មាន​ដូចជា នំ​បញ្ជុក​ទឹក​កាពិ បាញ់ហយ​ទឹក​កាពិ ភ្លាក្តាម ភ្លា​បង្គា​បែប​ថៃ និង​ឆ្អឹងជំនីរ​ស្រោច​ម្ទេស​ខៀវ​ជាដើម​។

នៅ​មាន​ម្ហូប​ផ្សេង​ទៀត​ដូចជា មឹក​បំពង 3D គួង​គ្រឿង​សមុទ្រ ស៊ូស៊ី​បាញ់ត្រាង មឹក​ចង្កាក់​អំបិលម្រេច បង្គា​ម្រះ​ទឹកកក ក្តាមសេះ​អាំង​ហោះ សាច់គោ​អាំង​ប៊ីប៊ីឃ្យូ ប្រហិត​បំពង​ម្សៅ បង្គា​អាំង​ពិសេស និង​ម្ហូប​ជាច្រើន​មុខ​ទៀត​។ រាល់​អាហារ​មាន​តម្លៃ​សមរម្យ​ចាន​តូច ១៥០០០៛ និង​ចាន​ធំ​តម្លៃ ៣០០០០៛​។ សម្រាប់​សេវាកម្ម​ដឹក​ជញ្ជូន​ពី ៤០០០៛ ទៅ ៨០០០៛ អាស្រ័យ​លើ​ចម្ងាយ​ជិត ឬ​ឆ្ងាយ​។

Content image - Phnom Penh Post
ហ្វេសហ្គេម​ផាប់ជី មកលេង​ហ្គេម និង​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​។ រូបថត នួន សុខសារីម

ម្ចាស់​ហាង​រាង​តូច​ច្រឡឹង​រូប​នេះ​បាន​បង្ហាញ​ពី​ចំណុច​ពិសេស​នៃ​ហាង​ខ្លួន​ថា​៖ «​ម្ហូប​ហាង​យើង​នេះ​គឺ​អត់​ប្រើ​ចាន​ទេ យើង​មាន​កញ្ច្រែង ហើយ​ទ្រាប់​ស្លឹកចេក​ផ្ទាល់​ម៉ង​។ អាហារ​ថ្មីៗ ហើយ​មាន​បន្លែស្រស់ៗ អនាម័យ​ស្អាត​ហើយ​យើង​មាន​ទឹកជ្រលក់ ៣ មុខ​យើង​មាន​ទឹក​កាពិ ទឹកត្រី​កោះកុង​ខៀវ ទឹកត្រី​កោះកុង​ក្រហម និយាយ​ទៅ​គឺ​ឆ្ងាញ់​ម៉ង ខ្ញុំ​ហ៊ាន​និយាយ​អ៊ីចឹង ដោយសារ​តែ​ខ្ញុំ​ទទួល​បាន​ហ្វីតបេក (feedback) ពី​ភ្ញៀវ​ច្រើន​មែនទែន​ថា មាន​រសជាតិ​ឆ្ងាញ់​»​។

ទើប​តែ​ដំណើរការ​បាន​រយៈពេល​ជាង​ ១ ​ខែ កញ្ញា ម៉ូហ្សា បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​មិន​នឹកស្មាន​ថា​ទទួល​បាន​អតិថិជន​ច្រើន ទាំង​ភ្ញៀវ​មក​ញាំ​ផ្ទាល់ និង​តាម​ការ​កុម្ម៉ង់​។

Content image - Phnom Penh Post
ការតុបតែង​ហាង​រូបភាព និង​ឧបករណ៍​របស់​ហ្គេមផាប់ជី​។ រូបថត នួន សុខសារីម

ទន្ទឹម​នេះ​កញ្ញា​ក៏​សូម​អធ្យាស្រ័យ​​ពី​សំណាក់​អតិថិជន​នូវ​ចំណុច​ខ្វះខាត​ដូចជា​បញ្ហា​ស្លាក​ឈ្មោះ​ហាង និង​ឧបករណ៍​របស់​ហ្គេម​ផាប់ជី​មួយ​ចំនួន​ដោយ​កញ្ញា​បាន​កុម្ម៉ង​ធ្វើ និង​ទិញ ប៉ុន្តែ​មិន​ទាន់​ធ្វើ​រួចរាល់​។

រីឯ​សេវាកម្ម​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ អតិថិជន​អាច​ត្រូវ​រង់ចាំ​យូរ​បន្តិច​​រួមទាំង​សេវាកម្ម​ដឹកជញ្ជូន​ផង​ដែរ តែ​កញ្ញា ម៉ូហ្សា​នឹង​កែប្រែ​ចំណុច​ទាំងនេះ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បំពេញ​តម្រូវការ​អតិថិជន​ទាន់​ពេលវេលា​។

ហាង​ផាប់ជី ស្ត្រីតហ៊្វូត ស្ថិត​នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ដោយ​ធ្វើ​ដំណើរ​តាម​ខ្លោងទ្វារ​ផ្សារ​បឹងឈូក​។ ទូរស័ព្ទ ០៧០ ២២១១៩៧ និង​ទំព័រ​ហ្វេសប៊ុក PUBG Street Food៕

វីដេអូ

អត្ថបទគួរចាប់អារម្មណ៍