The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ម្ហូប​ឆ្ងាញ់ៗ​ ពី​ចុងភៅ​ល្បី​នៅ អ៊ុយ គុយទាវ ថ្មី




ម្ហូប​ឆ្ងាញ់ៗ​ ពី​ចុងភៅ​ល្បី​នៅ អ៊ុយ គុយទាវ ថ្មី

Content image - Phnom Penh Post
ចុងភៅ​ល្បីឈ្មោះ​លោក លូ ម៉េង។ គាំ ច័ន្ទរស្មី

ម្ហូប​ឆ្ងាញ់ៗ​ ពី​ចុងភៅ​ល្បី​នៅ អ៊ុយ គុយទាវ ថ្មី

ភ្នំពេញ: អ៊ុយ គុយទាវ គឺជា​ភោជនីយដ្ឋាន​មួយ​ដែល​បង្កើត​ឡើង​ដោយ​មេ​ចុងភៅ​ចំណាន​ប្រចាំ​ប្រទេស​កម្ពុជា​គឺ​លោក លូ ម៉េង ដោយ​មាន​ច្រើន​សាខា​នៅ​ទីក្រុង​ភ្នំពេញ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អ៊ុយ គុយទាវ បាន​ពង្រីក​សាខា​មួយ​ដ៏ធំ​នៅ​បឹង​កេងកង។

លោក លូ ម៉េង ម្ចាស់​ភោជនីយដ្ឋាន អ៊ុយ គុយទាវ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ឃើញ​គុយទាវ​នៅតាម​ហាង​ក៏ច្រើន​ល្អ​ដែរ អ៊ីចឹង​ខ្ញុំ​ចង់ឲ្យ​ភ្ញៀវ​ទូទៅ​ដែល​គាត់​ធ្លាប់​ភ្លក្ស​គុយទាវ​នៅក្នុង​ហាង​តូចៗ​តាមផ្លូវ មក​ភ្លក្ស​គុយទាវ​ភ្នំពេញ​ដែល​យើង​មក​ធ្វើ​មួយកម្រិត​ទៀត​ជាមួយ​ទឹក​ស៊ុប​ពិសេស​ដែល​យើង​មិនប្រើ​ប៊ីចេង​សោះ ជំនួស​ដោយ​ប្រើ​ឆ្អឹង​ស៊ុប​មាន់​រម្ងាស់​ទៅជា​ទឹកស៊ុប​ដែល​មាន​រសជាតិ​ផ្អែម​ហើយ​មិនបាច់​ត្រូវ​បន្ថែម​ជាតិ​គីមី​ដែល​ធ្វើឲ្យ​មាន​រសជាតិ​ឆ្ងាញ់​នោះ​ទេ»។

Content image - Phnom Penh Post
តាមជញ្ជាំង​ភោជ​នីយដ្ឋាន អ៊ុយ គុយទាវ មានតាំង​នូវ​រូបថត​អគារ​ចាស់ៗ​​។ រូប សហការី

លោក​បាន​បន្តថា៖ «អ៊ីចឹង​យើង​ចម្អិន​គុយទាវ​នេះ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ភ្ញៀវ​ញុំា​ទៅ​មាន​ផាសុកភាព និង​ចង់​ឲ្យភ្ញៀវ​ដែល​គាត់​មក​ពីស្រុក​ក្រៅ​និង​តាម​បណ្តា​ខេត្ត​នានា​គាត់​បាន​ភ្លក្ស និង​ញ៉ាំ​ជុំគ្នា​ជាមួយ​គ្រួសារ​នៅ​ក្នុង​ហាង​មួយ​ដែល​មាន​ផាសុកភាព​សម្បូរ​ទៅ​ដោយ​ដើម​ឈើ​ធំតូច​យ៉ាង​ត្រជាក់»។

លោក​បាន​បន្តថា៖ «ដោយសារ​តែមាន​ការគាំទ្រ​ច្រើន​ពី​ភ្ញៀវ​អ៊ីចឹង​ហើយ​បានជា​យើង​សម្រេចចិត្ត​ពង្រីក​សាខា​បន្ថែម​នៅ​បឹងកេងកង​នេះ​វាល្អ​មាន​ដើម​ឈើ​ធំៗ​ពួក​ខ្ញុំ​ក៏មាន​គំនិត​មួយ​ថា​បង្កើត​ជា​ភោជនីយដ្ឋាន អ៊ុយ គុយទាវ​ដែល​បម្រើ​ម្ហូប​ខ្មែរ​មាន​តម្លៃ​ធូរ​ថ្លៃ​ជូន​ដល់​អតិថិជន​របស់​យើង»។

Content image - Phnom Penh Post
ត្រីអាំង​សម្ល​កកូរ​ត្នោត។ រូប សហការី

សម្រាប់​សាខា​នេះ​គឺមាន​បម្រើ​គុយទាវ​តាំង​ពីព្រឹក​រហូតដល់​យប់​ដែរ ដូចជា​គុយទាវ​ភ្នំពេញ គុយទាវ​ស៊ុប​សាច់គោ គុយទាវ​ខគោ បាយ​សាច់មាន់​រហូតដល់​ម៉ោង ១០ យប់។

ដោយសារ​ទីតាំង​នេះ​ទូលាយ​ធំ មាន​សួនច្បារ ខុសគ្នា​ពីហាង​អ៊ុយ គុយទាវ សាខា​ផ្សេង​ទៀត ហាង​នេះ​មាន​បន្ថែម​ម្ហូប​ខ្មែរ​ពិសេស​ជាច្រើន​ដូចជា ត្រីអាំង សម្លកកូរ​ត្នោត ដែល​អាច​ញុំា​ជាមួយ​នំ​បញ្ចុក និង​ទឹក​អម្ពិល​ទុំ សាច់គោ​ស្តេក​របស់​ខ្មែរ​យើង​ដោយ​យក​សាច់​គោ​មក​ប្រឡាក់​គ្រឿង​បុក សាច់មាន់​អាំង​ជ្រលក់​ទឹក​ប្រហុក ឬក៏​នំបញ្ចុក​ដែរ។

អ្វីដែល​ធ្វើឲ្យ​ភោជនីយដ្ឋាន អ៊ុយ គុយទាវ បឹង​កេងកង​នេះ​កាន់តែ​លេច​ធ្លោ​នៅ​ត្រង់​ថា អគារ​នេះ​គឺជា​អគារ​ចាស់​បុរាណ​សង់​តាំងពី​ឆ្នាំ ១៩៦០ ច្នៃ​ជា​អក្សរ V ជា​សា្នដៃ​របស់​លោក វណ្ណ មូលីវណ្ណ។

រចនាប័ទ្ម​ទាំងមូល​របស់​អគារ​ត្រូវ​បាន​រក្សាទុក​នៅ​ដដែល​ដោយ​បន្ថែម​បណ្ណាល័យ​តូច​មួយ​សម្រាប់​ដាក់​តាំង​រូបថត​អគារ​ចាស់ៗ​ដល់​អ្នក​ដែល​មិនទាន់​ស្គាល់​អាច​មក​មើល​នៅ​ទីនេះ។

ជាពិសេស​ទៅ​ទៀត​នៅមាន​ការដាំ​កូនឈើ​ជាង ១០០០ ដើម​ជុំវិញ​អគារ​ហាង អ៊ុយ គុយទាវ ទាំង​មូល ធ្វើឲ្យ​បរិយាកាស​កាន់តែ​ត្រជាក់​បែប​ធម្មជាតិ។

ភោជនីយដ្ឋាន អ៊ុយ គុយទាវ ស្ថិត​នៅ​ផ្ទះ​លេខ ៤៦ ផ្លូវ ៣៥២ សង្កាត់​បឹងកេងកង ១ ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០៧៧ ៨១៣ ៧៧៧៕

Content image - Phnom Penh Post
មាន់​អាំង​ជ្រលក់​ទឹក​ប្រហុក​ ពីហាង អ៊ុយ គុយទាវ​។ រូប សហការី

អត្ថបទគួរចាប់អារម្មណ៍