ភ្នំពេញ: នៅ​ខែ​ចុងក្រោយ​បំផុត​ប្រចាំឆ្នាំ ប្រជាជន​ជាច្រើន​នាំគ្នា​រីករាយ​នឹង​រដូវ​កាល​គ្រិស្ត​ស្មាស់ គួប​នឹង​បុណ្យ​ចូល​ឆ្នាំ​សកល។

ដោយ​មិន​ប្រកាន់​ជំនឿ​សាសនា បណ្ដា​ហាង សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជាច្រើន នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​តុប​តែង​កន្លែង​របស់​ខ្លួន​ជាមួយ​នឹង​ពណ៌​ក្រហម បៃតង និង​ទឹក​មាស ហើយ​ម្ហូប​អាហារ​នោះ​ទៀត​សោត ក៏មាន​រំលេច​ការ​តុប​តែង​តាម​រចនា​ប័ទ្ម​គ្រិស្ត​ស្មាស់​ផង​ដែរ។

សម្រាប់​អ្នក​ប្រាថ្នា​ចង់​ប្រារព្ធ​ពិធីបុណ្យ​ដំណាច់ឆ្នាំ ជាមួយ​អាហារ​ប្រណីត និង​បរិ​យាកាស​លំដាប់​ខ្ពស់​នោះ ទុកជា​ការ​ចង​ចាំ​ដ៏​កក់ក្ដៅ​ជួប​ជុំ​មិត្តភក្ដិ ក្រុម​គ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់ សណ្ឋាគារ Rosewood ភ្នំពេញ បាន​បង្កើត​នូវ​កម្មវិធី​អាហារ​ប្រណីត​ជាច្រើន​ជម្រើស។

នៅពេល​រសៀល ចាប់ពី​ថ្ងៃទី ១៥ ខែធ្នូ កម្មវិធី Festive Afternoon Tea នឹងត្រូវ​បាន​បម្រើ​នៅ​សាល​ទទួល​ភ្ញៀវ ជាមួយ​សាន់​វិច​លំដាប់ និង​នំ​រចនា​ម៉ូដ​អបអរ​រដូវ​បុណ្យ​ចុង​ឆ្នាំ ជាមួយ​តម្លៃ ៤៥ ដុល្លារ សម្រាប់​គ្នា ២ នាក់ និង ៨០ ដុល្លារ សម្រាប់​គ្នា ២ នាក់​បូក​ស្រា​សាំប៉ាញ ២ កែវ។

ឈុត​អាហារគ្រិស្តស្មាស់ មាន​ថ្លើម​ក្ងាន ស៊ុបល្ពៅ ត្រី​ចៀន និង​បង្អែម​រចនាម៉ូដ​រដូវ​បុណ្យ​​​។ហុង មិនា

ភ្ញៀវ​ដែល​និយម​អាហារ​ជប៉ុន Festive Iza អាច​ចំណាយ​តម្លៃ ៦៥ ដុល្លារ ក្នុង​ម្នាក់ អាច​ជា​ជម្រើស​ក្នុង​ការ​ប្រារព្ធ​រដូវ​កាល​បុណ្យ​ចុង​ឆ្នាំ ជាមួយ​រស​ជាតិ​គ្រិស្ត​ស្មាស់​បែប​លោក​ខាង​កើត។

ដោយឡែក​នៅ​រាត្រី​មុន​ថ្ងៃបុណ្យ​គ្រិស្ត​ស្មាស់ នៅ​ភោជនីយដ្ឋាន Brasserie Louis មាន​បម្រើ​នូវ​មុខ​ម្ហូប​អឺរ៉ុប ៣ មុខ ដែល​ភ្ញៀវ​អាច​ទទួល​ទាន​បណ្ដើរ ក្រេប​ស្រា​សាំប៉ាញ ក្លែម​ទេសភាព​រាត្រី​នៃ​ទីក្រុង​ភ្នំពេញ យ៉ាង​ពេញ​ភ្នែក ពី​លើ​ជាន់​ទី ៣៥ នៃ​សណ្ឋាគារ។

ឈុត​គ្រិស្ត​ស្មាស់​អាហារ​អឺរ៉ុប​ចាប់ផ្ដើម​ដោយ ប៉ា​តេ​ថ្លើម​ក្ងាន (Fois Gras Terrine) ស៊ុប​ល្ពៅ ត្រី​ចៀន​បន្លែ (Pan Seared Fillet of Sea Bass ''Au Pistou'') និង​នំ​វ៉ានីឡា ផ្លែ​ស្ត្រប៊ើរី​ជាមួយ​ការ៉េម​ម៉ូដ គ្រិស្ត​ស្មាស់។

អាហារ ១ ឈុត​ដ៏​ប្រណីត ហើយ​ច្រើន​បរិបូរណ៍​នេះ គួបផ្សំ​នឹង​ស្រា​សាំប៉ាញ មាន​តម្លៃ​ម្នាក់ ៩៥ ដុល្លារ។ សម្រាប់​កញ្ចប់​ទទួល​ទាន​អាហារ ដែល​មាន ភេសជ្ជៈ​ស្វាគមន៍ និង​ញ៉ាំ​ស្រា​សាំប៉ាញ​តាម​ចិត្ត​ចង់ តម្លៃ​សម្រាប់​ម្នាក់ ១៧៥ ដុល្លារ៕