ភ្នំពេញ: ចូល​មក​ដល់​ខែ​បុស្ស (រដូវ​ធ្លាក់​ខ្យល់​អំឡុង​ដើម​ឆ្នាំ) នេះ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ខ្វិត​ទុំ ប្រាកដ​ជា​នឹក​ភ្នក​ជា​ចង់​ញ៉ាំ​ជា​មិន​ខាន ដោយសារ​តែ​រដូវ​នេះ​សម្បូរ​ខ្វិត​ទុំ។

សម្រាប់​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ក៏អាច​រក​ទិញ​បាន​នៅ​តាម​ទីផ្សារ​លក់​ត្រី​បន្លែ​សាច់​ធំៗ ឬមួយ​ក៏​ទិញ​ពី​អ្នក​ស្រុក​ដែល​គាត់​ដឹក​តាម​កង់។

ចំពោះ​ខ្វិត​ទុំ អ្នកខ្លះ​ចូលចិត្ត​ពុះ​ភ្លាម​យក​ស្លាបព្រា​កោស​ទទួល​ទាន។ រីឯ​អ្នក​ខ្លះ​ទៀត​និយម​យក​ទៅ​ច្របល់​ជាមួយ​ស្ករ​មុន​នឹង​ញ៉ាំ។ ខ្វិត​ទុំ​កម្រ​ត្រូវ​បាន​គេ​ច្នៃ​យក​ទៅ​ធ្វើ​បង្អែម ឬ​ក៏​អាហារ​អ្វី​ផ្សេង​ទៀត​ណាស់ ក្រៅ​ពី​ពុះ​ញ៉ាំ​ស្រស់។ តែ​ឥឡូវ​នេះ​ឃើញ ហាង​ការ៉េម​មួយ​កន្លែង​ម្តុំ​ទួល​ទំពូង បាន​កែច្នៃ​ខ្វិត​ទុំ​មក​ធ្វើជា​ការ៉េម ដែល​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ។

បើទោះជា​អ្នកខ្លះ​អាច​មិនសូវ​និយម​ក្លិន​ផ្លែ​ខ្វិត​ទុំ​ក៏ពិត​មែន តែ​សម្រាប់​រសជាតិ​វិញ ការ៉េម​ខ្វិត​ទុំ ឆ្ងាញ់​ប្លែក​មាត់ ដោយសារ​តែ​សាច់​ការ៉េម​ទន់​ត្រជាក់ លាយ​សរសៃ​ខ្វិត​ធម្មជាតិ និង​មាន​ក្លិន​ឈ្ងុយ​ខ្វិត​ជាប់​ច្រមុះ។

នៅ​ហាង​ការ៉េម Delikat Gelato ដែល​តែងតែ​ច្នៃ​ផ្លែឈើ​របស់​ខ្មែរ​តាម​រដូវកាល​នេះ ក៏មាន​រសជាតិ​ការ៉េម​ប្លែកៗ​ដូចជា​ទុរ៉េន ខ្នុរ ល្ង​ស្វាយ ដូង ស្រកានាគ ក្រូច​វល្លិ (ផាសិន) ល្ពៅ និង​ជីរ​អង្គាម​ជាដើម។ រឹត​តែ​ប្លែក​ទៅ​ទៀត ហាង​ការ៉េម​ទំនើប​នេះ​ក៏មាន​ការ៉េម​ត្រប៉ែ​ផងដែរ។

ការ៉េម​ផ្លែឈើ​ស្រស់ៗ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​មួយថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ ដើម្បី​រក្សា​គុណភាព​ស្រស់ និង​ឆ្ងាញ់​ល្អ។

ចង់​ញ៉ាំ​ការ៉េម​ផ្លែឈើ​រសជាតិ​ប្លែកៗ​ដូចជា​ការ៉េម​ខ្វិត​ទេ? Delikat Gelato ម្តុំ​ផ្សារ​ទួលទំពូង ទូរស័ព្ទ​លេខ ០៨៧ ២១១ ២១១៕