ភ្នំពេញ: ខែ​ភ្លៀង​អ៊ីចឹង​បើ​បាន​សម្លក្តៅៗ ជូរហឹរៗ​ញ៉ាំ ពិត​ជា​ឆ្ងាញ់​មាត់​មិន​ខាន។ វេលា​បាយ​ថ្ងៃ​ត្រង់ សម្រាប់​អ្នក​ធ្វើការ​បច្ចុប្បន្ន​នេះ មិន​សូវ​ជា​មាន​ពេល​ក្រោក​ធ្វើ​ម្ហូប​ខ្ចប់​ទៅ​ការិយាល័យ​ប៉ុន្មាន​ទេ។ ម្យ៉ាង​ទៀត​អ្នក​ធ្វើការ​ក្មេងៗ​ក៏​ពុំ​សូវ​ចេះ​ធ្វើ​ម្ហូប​ដែរ ជា​ពិសេស​គឺ​ម្ហូប​ខ្មែរ​តែ​ម្តង។

នៅ​ភោជនីយដ្ឋាន មាតុភូមិ ដែល​ជំនាញ​ខាង​ម្ហូប​ខ្មែរ​បែប​ស្រុក​ស្រែពិតៗ បាន​បង្ហាញ​ពី​របៀប​ធ្វើ​សម្ល «ម្ជូរ​ល្ហុង​ខួរ​ក្តាម» ដល់​អ្នកធ្វើ​ការ​ដែល​មិន​ចេះ ឬ​មួយ​ក៏​មិន​មាន​ពេល​ធ្វើ​ម្ហូប​គ្រ​ប់គ្រាន់ គឺ​អាច​សាក​ល្បង​រៀន​ធ្វើ​បាន​ដោយ​ងាយៗ និង​មិន​ចំណាយ​ពេល​ធ្វើ​ច្រើន​ប៉ុន្មាន​ទេ។

មុខម្ហូប​មួយ​មុខ​នេះ​ត្រូវមាន​គ្រឿងផ្សំ​ដូចជា ក្តាមស្រែ ត្រី-ពោ ពងត្រី កំពឹស ល្ហុង​ខ្ចី ម្អម ក្រសាំង ម្ទេស ខ្ទឹមស ស្លឹក​ក្រូចសើច ស្លឹកគ្រៃ ស្ករស អំបិល និង​ម្សៅ​ស៊ុប។

របៀប​ធ្វើ មុនដំបូង​យើង​ត្រូវ យក​ក្តាមស្រែ​មក​បុក​ពូត​យក​ទឹក​ខាប់ ចំណែក​ស្នូក​ក្តាម​វិញ​ត្រូវ​បក ឆ្កឹះ​យក​ខ្លាញ់។ បន្ទាប់​មក​ដាក់​ទឹក​ដាំ​ឲ្យ​ពុះ យក​កន្ត្រង​ច្រោះ​ទឹក ខួក្តាម ដែល​បុក​រួច​ទៅ​រម្ងាស់ ហើយ​សឹម​បង់​ខ្ទឹម​ស​ចូល បន្ទាប់​មក​ថែម​ទឹក​ចូល​បន្តិច ទើប​ដាក់​គ្រឿង​ផ្សំ​ដូចជា ស្ករត្នោត អំបិល ម្សៅ​ស៊ុប ក្រសាំង និង​ត្រីពោ ចូល​ឲ្យ​ឆ្អិន​ល្មម ទើប​បង់​កំពឹស មួយ​ពុះ​ទើប​ចាក់​ល្ហុង​ចូល និង​បន្ថែម​ម្ទេស​ជា​ការ​ស្រេច។

សម្រាប់​អ្នក​មិន​ចង់​ចម្អិន​ដោយ​ខ្លួនឯង​ទេ អាច​ទៅ​កុម្ម៉ង់​ញ៉ាំ​បាន នៅ​ភោជនីយដ្ឋាន មាតុភូមិ ដែល​នៅ​ជិត​អ្នក ឬ​ទាក់​ទង​តាម​ទូរស័ព្ទ​លេខ ០១១ ៨៦៨ ០១០៕