ភ្នំពេញ៖ ជា​ភោជនីយដ្ឋាន​ដែល​មាន​ប្រវត្តិ​ជាង ២ ទសវត្សរ៍​នៅ​​ចិន បាណាណាលីហ្វ (Banana Leaf​) បាន​រំលេច​រូបរាង​នៅ​រាជធានី​ភ្នំពេញ ជាមួយ​ជម្រើស​មុខ​ម្ហូប​​ថៃ ចិន និង​ម្ហូប​កូន​កាត់​​ឆ្ងាញ់ៗ​ជា​ច្រើន​មុខ។

រឹត​​តែ​បំពេញ​ន័យ​ឲ្យ​រសជាតិ​អាហារ​នោះ គឺ​​សំណើច​រីករាយ​តាមរយៈ​វត្តមាន​​​ក្រុម​សម្ដែង​​ ដែល​នាំ​ឲ្យ​ភ្ញៀវ​សប្បាយ​ចូលរួម​​ការ​រាំ​ច្រៀង​​យ៉ាង​មាន​សេចក្ដី​សុខ។

ស្ថិត​ក្នុង​ភោជនីយដ្ឋាន​ដែល​មាន​​ការ​​រចនា​លាយ​បញ្ចូល​គ្នា​រវាង​ភាព​បុរាណ និង​ទំនើប​អ្នកនាង Yiow Sin Mun ជា​នាយក​ទីផ្សារ​បាន​ឲ្យ​ដឹង​ថា៖ «បាណាណាលីហ្វ បម្រើ​ម្ហូប​ច្នៃ​ប្រឌិត​ពី​បន្សំ​នៃ​ជាតិ​សាសន៍​ចម្រុះ ដែល​ហៅថា Fusion ព្រោះ​យើង​ចង់​តម្រូវ​រសជាតិ​ដល់​មនុស្ស​គ្រប់​វ័យ គ្រប់​ជា​តិសាសន៍ ដែល​មក​ញ៉ាំ​នៅ​ទីនេះ​ឲ្យ​ទទួល​បាន​បទពិសោធ​អាហារ​ឆ្ងាញ់ ក្នុង​បរិយាកាស​​ប្រកប​ដោយ​ផាសុកភាព និង​សុភមង្គល»។

ក្រៅ​ពី​រសជាតិ​អាហារ​ឆ្ងាញ់ ភាព​ពិសេស​របស់​ភោជនីយដ្ឋាន ​គឺ​ចំណី​​អារម្មណ៍​​ពី​ការ​​កម្សាន្ត​រាំ​ច្រៀង​ជាមួយ​បុគ្គលិក​ជា​​ក្រុម​សម្ដែង​​ផ្ទាល់​។

ក្នុង​បេសកកម្ម​ផ្ដល់​ភាព​រីករាយ និង​សុភមង្គល​ជូន​ភ្ញៀវ​ទាំង​ឡាយ ​អ្នកនាង​បាន​បញ្ជាក់​ពី​វត្តមាន​ក្រុម​តន្ត្រីករ ​និង​​សម្ដែង​ប្រចាំ​ហាង​ថា៖ «ពួក​គេ​ជា​អ្នក​មាន​ទេពកោសល្យ ជា​ចុងភៅ និង​បុគ្គលិក​ដែល​​​មាន​ចំណូល​ចិត្ត​ផ្នែក​សម្ដែង ហើយ​​រីករាយ​នឹង​បំផុស​នូវ​​បរិយាកាស​រីករាយ​ជូន​ភ្ញៀវ»។

បន្ថែមលើម្ហូបឆ្ងាញ់ នៅមានក្រុម​សម្ដែង​ដ៏​រស់រវើក​។ រូបថត យូសុះ អាប់ឌុល​រ៉ាស់ហ៊ីម

បើក​ដំណើរការ​សាកល្បង​កាល​ពី​ខែ​ធ្នូ បាណាណាលីហ្វ ទទួល​បាន​ភ្ញៀវ​ខ្មែរ ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី អឺរ៉ុប និង​អាមេរិក។

វត្តមាន​ភ្ញៀវ​មក​គាំទ្រ​ចម្រុះ​ជាតិ​សាសន៍​ត្រូវ​បាន​អ្នកនាង Yiow Sin Mun បាន​ឲ្យ​ដឹង​ទៀត​ថា៖ «នេះ​ជា​ភាព​ពិសេស​​របស់​យើង ដែល​ផ្ដល់​នូវ​សុភមង្គល​ និង​ភាព​រីករាយ​ដល់​ភ្ញៀវ​តាមរយៈ​អាហារ និង​បរិយាកាស រាំ ច្រៀង ​សម្ដែង​យ៉ាង​​ក្អាកក្អាយ»។

ក្រៅ​ពី​ទស្សនីយភាព​​ក្រុម​សម្ដែង ជាមួយ​ឧបករណ៍​តន្ត្រី​​ដ៏​រស់រវើក​ ​ភោជនីយដ្ឋាន​ក៏​ទទួល​បាន​ការ​ពេញ​និយម​លើ​ម្ហូប​ដូចជា​ ការី​ក្ដាម បាយ​ឆា​ម្នាស់ និង​ស៊ុប​មាន់​ទុរេន។

អ្នកនាង Yiow Sin Mun បាន​លើក​ឡើង​ថា៖ «យើង​ទៅ​ដល់​ទីណា បើក​ហាង​​នៅ​កន្លែង​ណា យើង​តែងតែ​គាំទ្រ​​ផលិតផល​​កសិករ​ក្នុង​ស្រុក។ យើង​ព្យាយាម​ប្រើប្រាស់​គ្រឿង​ផ្សំ​ខ្មែរ​ទាំង​អស់ ទាំង​សាច់​ជ្រូក មាន់ គោ និង​បន្លែ។

ហាងមាន​រចនាប័ទ្ម​​​បែបសហសម័យ​គួរឲ្យ​ទាក់ទាញ​​​។ រូបថត យូសុះ អាប់ឌុល​រ៉ាស់ហ៊ីម

យើង​ប្រើ​របស់​ស្រស់ៗ​ពី​កសិករ​ក្នុង​ស្រុក។ យើង​តែងតែ​ប្រើ​អង្ករ​ផ្កាម្លិះ និង​ម្រេច​កំពត​ ព្រោះ​យើង​ចង់​ឲ្យ​​ប្រជាជន​ទីនេះ​មាន​មោទនភាព​នឹង​ផលិតផល​របស់​ពួក​គេ»។

ក្នុង​ចំណោម​ភ្ញៀវ​នៅ​​ភោជនីយដ្ឋាន​​ ស្រីនិច ជា​និស្សិត​ផ្នែក​ទីផ្សារ​ ជា​​អតិថិជន​ដែល​មក​​ហាង​ បាណាណា​លីហ្វ ជា​លើក​ដំបូង ក៏​ជាប់​ចិត្ត​នឹង​​រសជាតិ​​បាយ​ឆា​ម្នាស់​ បាយ​ឆា​សាច់​គោ​ បុក​ល្ហុង​ និង​ស្កាឡប។

កញ្ញា​បាន​ឲ្យ​ដឹង​ថា៖ «វា​​មាន​រសជាតិ​ខុស​ពី​កន្លែង​ផ្សេង​ដែល​ខ្ញុំ​ធ្លាប់​ញ៉ាំ​ ហើយ​ច្នៃ​មក​បែប​ទាក់ទាញ​ ហើយ​ឆ្ងាញ់​អាច​ទទួល​យក​បាន​ ចំណែក​ឯ​តម្លៃ​ក៏​សមរម្យ​ ព្រោះ​ថា​ម្ហូប​ក្នុង ​១ ​ចានៗ​រៀង​ច្រើនៗ​ដែរ និង​សេវាកម្ម​វិញ​រហ័ស​ទាន់​ចិត្ត​»។

ក្រៅ​ពី​ពេញ​ចិត្ត​នឹង​បរិយាកាស​ព្រម​ទាំង​ការ​តុបតែង​ហាង ​យុវនិស្សិត​​​ឆ្នាំ​ទី ៣ សាកលវិទ្យា​ល័យ​ព្រះកុសុមៈ​រូប​នេះ​បាន​​សម្ដែង​ចំណាប់​អារម្មណ៍​ថា៖ «បន្ទាប់​ពី​មក​ញ៉ាំ​ម្តង​នេះ​ហើយ​ ខ្ញុំ​ក៏​មាន​បំណង​ចង់​បបួល​មិត្តភក្តិ​មក​ញ៉ាំ​ម្តង​ទៀត​ដែរ​»។

បាណាណាលីហ្វ ស្វាគមន៍​ភ្ញៀវ​ពី​ម៉ោង ១០ ព្រឹក ដល់ ២ កន្លះរសៀល​ និង​ពី​ម៉ោង ៥ ដល់​ម៉ោង ១០ យប់​។​ ទីតាំង​ភោជនីយដ្ឋាន​ស្ថិត​នៅ ផ្សារ​ទំនើប​ជីបម៉ុង Noro Mall មហាវិថី​ព្រះនរោត្តម ភ្នំពេញ​៕

វីដេអូ៖