
ភ្នំពេញ: លតឆា ជាអាហារសម្រន់បែបខ្មែរ ដែលយើងអាចទទួលទានជំនួសបាយ ដូច្នេះហើយ ហាងលក់លតឆា ពិសេសលតឆាតាមរទេះរុញគឺសម្បូរនៅគ្រប់ទីកន្លែង។
ប៉ុន្តែ ហាងអាហារដែលស្អាត និងជំនាញខាងចម្អិនលតឆាសុទ្ធនោះ គឺមិនងាយនឹងប្រទះទេ ទើបលោក ឆាន វិរៈ សម្រេចបើកហាងលក់លតឆាមួយមានកន្លែងអង្គុយផាសុកភាព និងជម្រើសជាច្រើនប្រភេទ។
ម្ចាស់ហាង លតឆា តាឆាន លោក ឆាន វីរៈ ដែលចង់បង្កើតមុខរបរបំពេញចំណង់ចំណូលចិត្តខ្មែរនោះ បាននិយាយថា៖ «របរលក់លតឆា និងអ្នកលក់ភាគច្រើនគាត់អត់ព្រមច្នៃឲ្យមានរសជាតិថ្មី គឺពួកគាត់ឆាដដែលៗ ហើយមិនមានកន្លែងអង្គុយត្រឹមត្រូវ។ អ៊ីចឹងហើយបានជាខ្ញុំសម្រេចចិត្តបើកលក់លតឆានេះឡើង ដើម្បីធ្វើឲ្យលតឆានេះក្លាយជាម្ហូបតាមផ្លូវប្រចាំប្រទេសខ្មែរយើងតែម្តង ឲ្យ មានស្តង់ដារ រសជាតិឆ្ងាញ់ មានអនាម័យដែលអាចឲ្យភ្ញៀវបរទេសគាត់ញ៉ាំបាន»។
លតឆា តាឆាន មានភាពខុសប្លែកពីលតឆាទូទៅ ដោយសារម្ចាស់ហាងបានអភិវឌ្ឍឲ្យមានច្រើនជម្រើសដូចជាក្លាស៊ិកលតឆា លតឆាគ្រឿងសមុទ្រ លតឆាប្រហិតធំ និងលតឆាចានធំ ជាដើម។
លោក ឆាន វីរៈ បានបន្តថា៖ «ខ្ញុំធ្វើជាឈុតលតឆាចានធំសម្រាប់គ្នាច្រើន គាត់អាចញ៉ាំជុំគ្នា ហើយនៅថ្ងៃខាងមុខទៅខ្ញុំនឹងនឹកធ្វើអ្វីឲ្យប្លែកៗនៅថ្ងៃខាងមុខទៀត។ ទាក់ទងទៅនឹងរសជាតិវិញ គឺខ្ញុំធ្វើតាមស្តង់ដារ រង្វាស់រង្វាល់ត្រឹមត្រូវ គឺរសជាតិវានៅដដែល មិនប្រែប្រួលតាមអារម្មណ៍ចុងភៅនោះទេ គឺខ្ញុំធ្វើដោយយកចិត្តទុកដាក់ គិតពីសុខភាពភ្ញៀវ ជាមួយគ្រឿងផ្សំប្រចាំត្រកូលតែម្តង»។
រីឯតម្លៃវិញ ក្លាស៊ិកលតឆា មួយចាន ២ ដុល្លារ លតឆាគ្រឿងសមុទ្រ ៣ ដុល្លារ លតឆាប្រហិតធំ ២,៥ ដុល្លារ និងលតឆា ចានធំ ៦ ដុល្លារ។
ហាង លតឆា តាឆាន ស្ថិតនៅផ្ទះលេខ ១៩ B ផ្លូវលេខ ២៩០ ក្រោយក្រសួងសុខាភិបាល ទូរស័ព្ទលេខ ០១៧ ៨៣៣ ៦៤៤៕

លតឆាចានធំសាច់ច្រើនមុខ អាចញ៉ាំបានគ្នាច្រើន។ ហុង មិនា

ហាង លតឆា តាឆាន មានកន្លែងអង្គុយស្អាត និងស្ដង់ដារអនាម័យក្នុងការចម្អិន។ហុង មិនា