ក្រុង ហូជីមិញ : ខណៈសល់ពេលប្រហែលមួយខែទៀតដល់រដូវសែនព្រះខែ ហើយនោះ សហគ្រាសផលិតនំនានាបានប្រកាសថា ខ្លួននឹងមានការបង្កើនបរិមាណផលិតនំដល់ទៅ២០ភាគរយ ជាមួយនឹងការបង្កើនតម្លៃ២០ភាគរយធៀបនឹងឆ្នាំចាស់។
បច្ចុប្បន្ន គេសង្កេតឃើញមាននំព្រះខែយ៉ាងហោចណាស់ក៏មាន ២៥០ ប្រភេទដែរ នៅលើទីផ្សារ។ ជាក់ស្តែងនៅឆ្នាំនេះ ហាងនំ ប៊ីប៊ីកា បានបង្កើនផលិតផលនំព្រះខែនៅហាងរបស់ខ្លួនដល់ចំនួន ៥២៥ តោនឯណោះដោយមាន៥០ប្រភេទ ជាមួយតម្លៃពី១,៥ទៅដល់៤ដុល្លារ។
ចំណែក ក្រុមហ៊ុនផលិតនំសែនព្រះខែ គីញដូ ហ្គ្រុប វិញក៏បានបង្កើនការផលិតនំដល់២១០០តោន ជាមួយនឹងតម្លៃពី១២ទៅដល់៦០ដុល្លារក្នុង១ប្រអប់។
រីឯនំ ព្រះខែនៅហាងមួយក្នុងទីក្រុងហាណូយដែលមានឈ្មោះថា ឡុង ឌិញ អាន គុយ នោះមានលក់នំតម្លៃដល់ទៅ២២០ដុល្លារ សម្រាប់នំ៨ដុំក្នុងមួយប្រអប់ឈើឆ្លាក់ក្បាច់ អមដោយដបស្រា និងតែ២កញ្ចប់ផងដែរ។
គេនៅតែមានចម្ងល់ថាតើនំសែនព្រះខែ នោះវាពិតជាមានគុណភាពល្អដូចតម្លៃដែរឬទេ? តើវាមានរសជាតិឆ្ងាញ់ជាងនំនៅហាងធម្មតាយ៉ាងណាដែរ?
តែទោះជា យ៉ាងណាអ្នកផលិតនំនេះមិនដែលបានបញ្ចេញ ឬបង្ហាញនូវរូបមន្ត ឬគ្រឿងផ្សំលម្អិតនៃនំព្រះខែនេះឡើយឡើយ។ ពោលគឺអតិថិជនពិបាកនឹងបែងចែកថា នំថ្លៃៗមានលក្ខណៈអ្វីខ្លះខុសពីនំព្រះខែធម្មតាណាស់។ តាមពិតទៅ តម្លៃនំព្រះខែមិនស្ថិតលើគ្រឿងផ្សំរបស់វាទេ ពោលគឺអាស្រ័យលើម៉ូតប្រអប់នំ និងភេសជ្ជៈភ្ជាប់មកជាមួយនឹងផលិតផលទៅវិញទេ៕ PR