ក្រុង​ព្រុចសែល៖ អង្គភាព​​ចំណី​អាហារ​របស់​សហភាព​អឺរ៉ុបកាលពីសប្ដាហ៍​មុន​ បាន​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​អ្នក​ទទួល​ទាន​នៅ​ទូទាំងតំបន់​អឺរ៉ុប​​ដើម្បី​មាន​ឱកាស​បាន​ទំពារ​សត្វ​ល្អិត ខណៈ​អង្គភាព​នេះ​បាន​ផ្ដល់​ការ​អនុម័ត​សុវត្ថិភាព​សម្រាប់​ការ​ទទួល​ទាន​របស់​មនុស្ស​នូវ​ដង្កូវស​​ឆ្អើរ។

សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​សុវត្ថិភាព​ចំណី​អាហារ​អឺរ៉ុប (EFSA) ជា​ជំហាន​ត្រូវ​ដើរ​ទៅ​មុខ​​ដ៏​ចាំ​បាច់ ​មុន​ពេល​ក្រុម​មន្ដ្រី​អាច​សម្រេច​ថា​ តើ​គួរ​អនុញ្ញាត​ឱ្យ​មាន​ការ​លក់​ដូរ​ដង្កូវស​ លក់​នៅបណ្ដា​ប្រទេស ២៧ នៃ​តំបន់​អឺរ៉ុប​ឬ​យ៉ាងណា។

ការ​សម្រេច​នេះ​កើត​ចេញ​ពី​​ការវាយ​តម្លៃចុង​ក្រោយ​​បឋមលើ​​ហានិភ័យ​​ចំពោះ​សុវត្ថិភាព​ចំណី​អាហារ​​​សត្វ​ល្អិត​ ដែល​ដាក់​ស្នើ​ដោយ​ទីភ្នាក់ងារ​ ខណៈវា​​ក៏​ត្រៀម​​បង្កើន​ពាណិជ្ជកម្ម​ធំ​ដុំ​ ដែល​អាច​ផ្ដល់​ជា​ប្រភព​ប្រូតេអ៊ីន​ចីរភាព។

Ermolaos Ververis មន្ដ្រី​ផ្នែក​វិទ្យា​សាស្ដ្រ​ក្នុង​អង្ភភាព NUTRI នៃ​អាជ្ញាធរ (EFSA) បាន​ឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា​៖ «​វា​អាច​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​អនុម័ត​ជា​ផ្លូវ​ការ​លើក​ដំបូង​នៅ​ទូទាំង​តំបន់​អឺរ៉ុប​»។

EFSA បាន​ឱ្យ​ដឹង​ថាខ្លួន​បាន​រក​ឃើញ​ថាដង្កូវ​ស ឬដង្កូវតេណេប្រ៊ីយ៉ូម៉ូលីទ័រមាន​សុវត្ថិភាព​ចំពោះ​ការ​​ទទួល​ទាន​ ទាំង​ការ​ទំពារ​ទាំង​មូល ឬ​ជា​ទម្រង់​ម្សៅក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​ក្រុមហ៊ុន​សត្វ​ល្អិត​បារាំង Micronutris។

សាច់ប៊ឺហ្គើ​ផ្សំពី​សត្វ​ល្អិន​កិន​ចូលគ្នា មាន​ដាក់លក់នៅ​ទីផ្សារ​អឺរ៉ុប។ រូបថត AFP

សេចក្ដី​ថ្លែង​ការណ៍​បាន​បន្ដថា​៖ «​សមាសធាតុ​ចម្បង​របស់​វា​គឺ​មាន​ប្រូតេអ៊ីនខ្លាញ់ និង​ហ្វៃប៊័រ​»។

ប៉ុន្ដែ​អង្គភាព​បាន​ព្រមានថា ពួកគេ​ត្រូវ​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​អ្នក​មាន​អាឡាក់ស៊ីចំពោះ​សត្វ​ល្អិត។

អាជ្ញាធរ EFSA មូលដ្ឋាន​នៅ​ប្រទេស​អ៊ីតាលីបាន​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​លើ​អាហារ​សត្វ​ល្អិត​ និង​ក៏​ត្រៀម​​សិក្សា​មើល​ថាតើ​ចង្រិតនិង​កង្កូប​ក៏​អាច​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសា​ផង​ដែរ។

សត្វ​ល្អិត​ត្រូវ​បាន​ទទួល​ទាន​យ៉ាង​ទូលំ​ទូលាយ​រួច​ហើយ​នៅ​តំបន់​ផ្សេង​ៗ​ទៀត​នៃ​សកល​លោក​ដោយ​មាន​ការ​ប៉ាន់​ប្រមាន​ថា សត្វ​ល្អិត​ប្រមាណ ១​ ពាន់​ប្រភេទ​ ត្រូវបាន​ក្លាយ​ជា​អាហារ​សម្រាប់​ប្រជាជន​ ២​ពាន់​លាន​នាក់​នៅ​តំបន់​អាហ្វ្រិក អាស៊ី និង​អាមេរិក​ឡាទីន។

ខាង​ឧស្សាហកម្ម​សត្វ​ល្អិត​ បាន​ឱ្យ​ដឹងថាខ្លួន​រំពឹង​ថា ទីផ្សារ​នៅ​អឺរ៉ុប​ចំពោះ​ផលិត​ផល​ធ្វើ​ពី​សត្វ​ល្អិត​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ ហើយ​ផលិតផល​ទាំង​នេះ​នឹង​ហក់​ឡើង​ប្រមាណ ២៦ ​ម៉ឺន​តោន​ នៅ​ឆ្នាំ​ ២០៣០៕ AFP/HR

ស្ត្រី​ម្នាក់​ភ្លក្ស​​ស្ករ​សូកូឡា​លាយ​សត្វ​ល្អិត​ ដែល​ជា​ទំនោរ​ទទួលទាន​ថ្មី​នៅ​បស្ចិមប្រទេស។ រូបថត AFP