ភ្នំពេញៈ ចង្រិតដូង និង​កណ្តូប​ជាច្រើន​ក្បាល​ត្រូវ​​បាន​លាង​ទឹក សម្ងួត​ដាក់​ក្នុង​កញ្ច្រែង​យ៉ាង​ស្អាត​មុន​នឹង​ច្របល់​ជាមួយ​អំបិល និង​ស្ករស​រួច​ដាក់​ក្នុង​ខ្ទះ​ប្រេង​កំពុង​ក្តៅ​ខ្លាំង​។

សត្វល្អិត​ដ៏ស្រួយខ្ញោក​ដែល​ស្រង់​ចេញ​មក​ត្រូវ​លាយ​គ្រឿង ក្រឡុក​ជាមួយ​ស្លឹក​ក្រូចសើច និង​សសៃ​គល់​ស្លឹកគ្រៃ​ឆ្មារៗ​មុន​នឹង​ច្រក​ដាក់​ចូល​ទៅក្នុង​កំប៉ុង​ក្រដាស បិទ​ស្ទិកឃ័រ «​ស្រួយ ស្រួយ​»​។

នេះ​ជា​ស្នាដៃ​អ្នកនាង មាស វណ្ណនីតា អ្នក​ជំនាញ​ផ្នែក​អាយធី​ជា​ម្ចាស់​ហាង​លក់​សត្វល្អិត​បំពង​ក្រឡុក​គ្រឿង​រសជាតិ​ដែល​មាន​ការពេញនិយម​បំផុត​នៅ​ប្រទេស​ថៃ​ដោយ​មាន​បងថ្លៃ​អ្នកនាង​ជា​អ្នក​បោះដុំ​សត្វល្អិត​ស្រាប់​ផង​។

អ្នកជំនាញ​អាយធី​ដែល​លាឈប់​ពី​ការងារ​មក​ប្រកបរបរ​ខ្លួនឯង​រូបនេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដោយ​ផ្ទាល់​ថា​៖ «​ទោះបី​ជា​មិន​ទាន់​បាន​បើក​កន្លែង​ត្រឹមត្រូវ​ក៏ដោយ ប៉ុន្តែ​ភ្ញៀវ​ដែល​បាន​កុម្ម៉ង់​សុទ្ធតែ​ជា​អ្នកមាន និង​កាលីប​ជិះឡាន​តម្លៃ​ថ្លៃ​ក្នុង​នោះ​ក៏​មាន​តារា​មួយ​ចំនួន​ដែរ​ដូចជា​កញ្ញា នីគី គឺជា​ម៉ូយ​ប្រចាំ​ជួនកាល​នៅ​ថ្ងៃ​ដែល​គាត់​សម្រាក​ពី​ការថត​អាច​កុម្ម៉ង់ ២ កំប៉ុង​ទៅ​ញ៉ាំ ព្រោះ​តែ​រសជាតិ​ឆ្ងាញ់​»​។

ស្រួយ ស្រួយ មាន​លក់​ចង្រិតដូង​មាន​ពង ១ កំប៉ុង​តូច​តម្លៃ ៥ ដុល្លារ និង​កំប៉ុង​ធំ​តម្លៃ ១០ ដុល្លារ​។ រីឯ​ចង្រិត​អត់​ពង និង​កណ្តូប​វិញ ១ កំប៉ុង​តូច​តម្លៃ ៣ ដុល្លារ និង​កំប៉ុង​ធំ​តម្លៃ ៦ ដុល្លារ​។

គ្រឿងផ្សំ​នានា​ក្នុង​ការចម្អិន​សត្វល្អិត​បំពង​។ ហេង ជីវ័ន

អ្នកលក់​វ័យ​ ២៨ ​ឆ្នាំ​រូប​នេះ​បាន​បង្ហើប​ថា ខ្លួន​កំពុង​តែ​រៀបចំ​ធ្វើ​ហាង​នៅ​ខាង​មុខ​ផ្ទះ​ដើម្បី​ដាក់​លក់​សត្វល្អិត​បន្ថែម​ទៀត​មាន រពីង ដុកឌឿ កន្ទាទូក និង​ប្រមូល​ផ្តុំ​សត្វល្អិត​ជាច្រើន​ប្រភេទ​ទៀត​ដើម្បី​ឲ្យ​អ្នក​ដែល​នឹក​ចង់​ញ៉ាំ​សត្វល្អិត គឺ​នឹក​ដល់​ហាង ស្រួយ ស្រួយ តែ​ម្ដង​។

ម្ចាស់​ហាង​សត្វល្អិត ស្រួយ ស្រួយ អ្នកនាង​ មាស វណ្ណនីតា បាន​បញ្ជាក់​ថា​៖ «​មាន​ភ្ញៀវ​គាំទ្រ​ច្រើន​មិនមែន​មកពី​រសជាតិ​តែ​មួយ​មុខ​នោះ​ទេ វា​គួបផ្សំ​ជាមួយ​តម្លៃ​ទីផ្សារ ពិសេស​គឺ​គុណភាព​អនាម័យ​ខ្ពស់​។ ភ្ញៀវ​ដែល​បាន​សាក​ភ្លក្ស​ចង្រិត ឬ កណ្តូប​នៅ ស្រួយ ស្រួយ ​តែងតែ​លាន់មាត់​ថា មិន​ធ្វើឲ្យ​ឈឺក​ដូច​កន្លែង​ដទៃ ហើយ​ថែម​ទាំង​ឆ្ងាញ់​ទៀត​ផង​»​។

សត្វល្អិត​បំពង ស្រួយ ស្រួយ មាន​ទីតាំង​នៅផ្ទះ​លេខ ២២ E តាម​ផ្លូវ​លេខ ៥៩៤ ខណ្ឌ​ទួលគោក ជិត​សាលា ភ្យូឆឺលីដឺ ទាក់ទង​តាម​ទូរស័ព្ទ ០១២ ៦៨៦ ៤៤៤៕

ចង្រិត​បំពង​រួច​ត្រូវ​បាន​ដាក់​លើ​ក្រដាស​ឲ្យ​បឺត​ប្រេង​។ ហេង ជីវ័ន

ការ​ចម្អិន និង​វេចខ្ចប់​មាន​អនាម័យ​ពី ស្រួយ ស្រួយ​។ហេង ជីវ័ន