កំពង់ធំ៖ ដំណើរ​​ប្រមាណ ៥ ម៉ោង​​​ ទៅ​មក​ពី​ភ្នំពេញ​ទៅ​សៀមរាប​ អ្នក​ដំណើរ​​​តាម​ផ្លូវ​ជាតិ​លេខ ៦ និយម​ឈប់​សម្រាក​លម្ហែកាយ និង​ទទួល​ទាន​​​ម្ហូប​ខ្មែរ​​ឆ្ងាញ់ៗ នៅ​ភោជនីយដ្ឋាន សម្រស់​ព្រៃ​ប្រស់ ដែល​មាន​​ក្យូស​មាត់​ទឹក​​អាច​ឲ្យ​ភ្ញៀវ​គយគន់​សម្រស់​ផ្ទៃ​បឹង​ព្រៃ​ប្រស់​ធំ​ល្វឹងល្វើយ ស្រូប​ជំនោរ​ខ្យល់​ធម្មជាតិ អម​​ដោយ​ទេសភាព​ស្រុក​ស្រែ​នៅ​ត្រើយ​ម្ខាង​​។

អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន​ សម្រស់​​ព្រៃ​ប្រស់​ លោក ជឹង សានណា បាន​ប្រាប់​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​បង្កើត​ភោជនីយដ្ឋាន​នេះ​ថា​៖ «​ថៅកែ​នៅ​ទី​នេះ គាត់​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ខ្លួន​គាត់ គាត់​មាន​ឡាន​ដឹក​ភ្ញៀវ​ស្រាប់ និង​មាន​ដី​ស្រាប់ អ៊ីចឹង​​នៅ​ឆ្នាំ ​២០១៦ ​គាត់​ក៏​បង្កើត​កន្លែង​ហ្នឹង​ទៅ ហើយ​ដំបូង​ក៏​គាត់​បើក​សម្រាប់​តែ​ភ្ញៀវ​គាត់​ដែរ​ទុក​ឲ្យ​ភ្ញៀវ​ចូល​ញ៉ាំ​អាហារ និង​សម្រាក​តែ​ប៉ុណ្ណឹង​»​។

លោក​បន្ថែម​ថា​៖​ «ពេល​ចាប់​បើក​ដំណើរការ​ដំបូង ភោជនីយដ្ឋាន​ទទួល​​បាន​តែ​ភ្ញៀវ​ដែល​ជា​អ្នក​ទេសចរ​របស់​​ក្រុមហ៊ុន​នេះ​ប៉ុណ្ណោះ ចំណែក​អ្នក​ដំណើរ​ផ្សេង​ទៀត ហាក់​មាន​ចំនួន​តិចតួច​រហូត​ដំណើរ​ការ​បាន​ ១ ​ឆ្នាំ ភោជនីយដ្ឋាន​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នកដំណើរ​ទូទៅ និង​ល្បី​រហូត​មក​ដល់​​​សព្វ​ថ្ងៃ សូម្បី​តែ​ស្ថានភាព​នៅ​តំបន់​នេះ​​ក៏​មាន​ការ​ប្រែប្រួល​ផង​ដែរ ​ពី​មុន​ទី​នេះ ជា​ទី​ស្ងាត់​មិន​សូវ​មាន​មនុស្ស តែ​ពេល​នេះ​មាន​មនុស្ស​រស់នៅ​​កាន់​តែ​ច្រើន​»​។

ស្ថាបនា​លើ​ផ្ទៃ​ដី ​១ ​ហិកតា​កន្លះ ដែល​ធំ​ទូលាយ​​​ងាយ​ស្រួល​ចត​រថយន្ត ​ភោជនីយដ្ឋាន​ សម្រស់​ព្រៃ​ប្រស់ មាន​ក្យូស​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​ចំនួន ​២៩។ ​ក្យូស​ធំៗ​ចំនួន ២ ដែល​អាច​ទទួល​ភ្ញៀវ​​បាន​ ២៥ ​នាក់ និង​មាន​ក្យូស​​តូច​ចំនួន ២៧ អាច​ឲ្យ​ភ្ញៀវ​អង្គុយ​បាន​ ១០​ នាក់​​ក្នុង​ក្យូស​នីមួយៗ​។

ស្ថិត​ក្នុង​ចំណោម​ទី​សំចត​ទទួល​ទាន​អាហារ ​ដែល​បើក​ព្រោង​ព្រាត​តាម​​ផ្លូវ​ជាតិ​លេខ ៦ ​ភោជនីយដ្ឋាន​សម្រស់​ព្រៃ​ប្រស់ រក្សា​ភាព​លេច​ធ្លោ​របស់​ខ្លួន ដោយ​ផ្ដោត​លើ​​ទីតាំង​ល្អ ​ជម្រើស​បន្ទប់​បំពាក់​ម៉ាស៊ីន​ត្រជាក់ កន្លែង​អង្គុយ​មាន​​ផាសុកភាព​ តម្រូវ​ចំណូល​ចិត្ត​អ្នក​និយម​​ភាព​ស្ងប់ស្ងាត់។ ​ទេសភាព​ស្រស់​ស្អាត ខ្យល់​ត្រជាក់​បរិសុទ្ធ ឡោម​ដោយ​​ធម្មជាតិ​ផ្ទៃ​បឹង ព្រៃ​ព្រឹក្សា សត្វ​ស្លាប និង​​​សកម្មភាព​នេសាទ​​លក្ខណៈ​គ្រួសារ​។

ចំពោះ​សេវាកម្ម​​អាហារ​ ​ម្ហូប​ប្រចាំ​​​​សម្រស់​ព្រៃ​ប្រស់​មាន​​ដូច​ជា​ មាន់​ដុត​ទឹកឃ្មុំ​ត្រយូង​ចេក​កូកា តម្លៃ​ ៥ ម៉ឺន​ ទៅ ៦ ម៉ឺន​រៀល​តាម​ទំហំ​មាន់​ ត្រី​រ៉ស់​ដុត​ តម្លៃ​ ២៥ ០០០-៣៥ ០០០ រៀល និង​មាន​ម្ជូរ​ស្រែ ម្ជូរ​គ្រឿង ម្ជូរយួន សាច់​​គោ​​អាំង​ជ្រុញ ប្រហុក​អាំង​ជ្រុញ គោ​ងៀត ក្របី​ងៀត ខ្យង​អាំង ​សម្ល​ខ្មែរ​បែប​​ស្រុក​ស្រែ​គ្រប់​ប្រភេទ និង​មាន​ម្ហូប​​ឆ្អិន​ស្រាប់​ជាច្រើន​ទៀត​ជាមួយ​​តម្លៃ​សមរម្យ​។

ម្ហូប​ខ្មែរ​​បែប​ស្រុកស្រែឆ្ងាញ់ៗ មានតម្លៃ​ថោក​សមរម្យ​​​​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន សម្រស់​​ព្រៃ​ប្រស់ បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «មាន់​នៅ​ភោជនីយដ្ឋាន​យើង គឺ​មាន់​ស្រែ សុទ្ធ​ល្អ ឆ្ងាញ់ សូម្បី​តែ​ត្រី​ក៏​អ៊ីចឹង​ដែរ ព្រោះ​យើង​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​នេះ គាត់​ចិញ្ចឹម​មាន់ និង​នេសាទ​ត្រី​ហ្នឹង​»​។​

បន្ថែម​ពី​នេះ លោក ជឹង សាន​ណា អាយុ​ ៣២ ​ឆ្នាំ បញ្ជាក់​ថា​៖ «​នៅ​ភោជនីយដ្ឋាន​យើង​ស្អាត តែ​បើ​ខែ ​១០ គឺ​ស្អាត​ខ្លាំង ព្រោះ​ទឹក​ឡើង ផ្ទៃ​ទឹក​ស្អាត​ណាស់ មាន​ឈូក មាន​ត្រកួន មាន​ខ្យល់​ត្រជាក់ ហើយ​បើ​ភ្ញៀវ​ចង់​ស្ទូច​ត្រី មាន​សន្ទូច​ឲ្យ​ខ្ចី​ដោយ​ឥត​គិត​លុយ​ទេ ហើយ​​ទីនេះ​សម្បូរ​ត្រី​ណាស់ មាន​ត្រី​ឆ្តោ ត្រី​ឌៀប ត្រី​រ៉ស់ ត្រី​សណ្តាយ ត្រី​កេះ ឆ្លូញ​​ជាដើម​»​។​

ចាប់​បើក​ពី​ម៉ោង ៦ ​ព្រឹក ដល់​ម៉ោង ៩ ​យប់ ភោជនីយដ្ឋាន​មាន​សេវាកម្ម​រហ័ស ដោយ​បុគ្គលិក​មាន​ចំនួន​ជិត ៥០ ​​នាក់ ដែល​ជា​ប្រជាជន​រស់នៅ​ក្នុង​តំបន់​​នេះ ដែល​នេះ ​គឺ​ជា​ការ​លើក​ស្ទួយ​ការងារ​ដល់​ប្រជាជន ផ្តល់​ប្រាក់​ខែ ចៀសវាង​ពី​ការ​ចំណាក​ស្រុក ថែម​ទាំង​​កាត់​បន្ថយ​ការ​ចំណាយ​​ដោយ​ភោជនីយដ្ឋាន​មាន​អាហារ ​២ ពេល ​សម្រាប់​បុគ្គលិក​ទាំង​អស់​។

ភោជនីយដ្ឋាន សម្រស់ព្រៃប្រស់ មានក្យូស​សរុបចំនួន ២៩ សម្រាប់អង្គុយញ៉ាំអាហារ​​​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​លោក ​សានណា រៀបរាប់​ថា​៖ «ទិដ្ឋភាព​នៅ​ភោជនីយដ្ឋាន​សម្រស់​ព្រៃ​ប្រស់ នា​ពេល​រាត្រី មាន​សម្រស់​ស្រស់​ស្អាត ដោយ​នៅ​តាម​ស្ពាន​ឆ្លង​កាត់ មាន​បំពាក់​អំពូល ដែល​ប្រើប្រាស់​ថាមពល​សូឡា ចែងចាំង​ប៉ះ​ផ្ទៃ​ទឹក បង្កើត​បាន​ជា​សម្រស់​ប្លែក​មួយ ឡោម​ជាមួយ​រាត្រី​ស្ងប់ស្ងាត់ បន្លឺ​សំឡេង​សត្វ​ល្អិត​យំ ជា​វេលា​ដ៏​ស័កិ្តសម សម្រាប់​ការ​ជួបជុំ​គ្រួសារ»​។

ថ្ងៃ​ធម្មតា​ភោជនីយដ្ឋាន​នេះ​ទទួល​បាន​ភ្ញៀវ ៣០០ ​នាក់ និង​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ទទួល​ភ្ញៀវ​បាន​ប្រមាណ​ជិត ៥០០ ​​នាក់ ចំណែក​ថ្ងៃ​បុណ្យ​ទាន គឺ​ពេញ​គ្មាន​កន្លែង​អង្គុយ ដោយ​គិត​​ជា​ចំនួន​ប្រមាណ ​៨០០ ​នាក់។

ទៅ​ថ្ងៃ​អនាគត ​ភោជនីយដ្ឋាន​​​មាន​​គម្រោង​ពង្រីក​ចំណត​ឲ្យ​ធំ និង​ធ្វើ​ជា​បាងហ្គាឡូ​សម្រាប់​សម្រាក ដែល​មាន​កាណូត​សម្រាប់​ជិះ​កម្សាន្ត​​​ផង​ដែរ​។

ភោជនីយដ្ឋាន សម្រស់​ព្រៃ​ប្រស់ ស្ថិត​នៅ​ស្រុក​កំពង់ស្វាយ ​ខេត្ត​កំពង់ធំ ចម្ងាយ​​ ១៨ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ​កំពង់ធំ តាម​ផ្លូវ​ជាតិ​លេខ​ ៦​ ជាប់​នឹង​ស្ពាន​ព្រៃ​ប្រស់​​លេខ​ទូរស័ព្ទ ០១៥ ៨១ ៩៧ ៨៩ និង ០១១​ ៨៤ ៩៤ ៨៧ ហ្វេសប៊ុក ភោជនីយដ្ឋាន សម្រស់​ព្រៃ​ប្រស់៕

វីដេអូ​៖