ភ្នំពេញ: ត្រប់គឺជាបន្លែប្រជាជនខ្មែរនិយមប្រើប្រាស់ជាបន្លែអន្លក់ ចម្អិនជាមួយសម្លការី ឬដុត និងឆាសាច់ជ្រូកចិញ្ច្រាំជាដើម។ ប៉ុន្តែសម្រាប់ម្ហូបជនជាតិ ពួកគេបានចម្អិនត្រប់ជាស៊ុបដោយរោយស្លឹកម្រះព្រៅពីលើ។
ផ្ទះបាយជនជាតិដើមនេះទើបតែបើកលក់បានរយៈពេលមួយខែជាង ឃើញថាមានភ្ញៀវចូលញ៉ាំច្រើន ទាំងជនជាតិដើម (ព្នង គ្រឹង និង ទំពួន) ជនជាតិខ្មែរ និងជនជាតិបរទេស ហើយភ្ញៀវភាគច្រើនគឺគាត់ចូលចិត្តកុម្ម៉ង់ម្ហូបពិសេសប្រចាំហាងដូចជា ចាណាង ភីភា ឡាប ញាំក្រមុំជនជាតិ សម្លត្រួយបន្លែ ស៊ុបត្រប់ និងបុកមាន់គល់ស្លឹកគ្រៃ ជាដើម។
អ្នកស្រី យុន ម៉ាណេ ជនជាតិព្នងម្ចាស់ហាងផ្ទះបាយជនជាតិដើម បញ្ជាក់ថា៖ «បន្លែភាគច្រើនដែលខ្ញុំប្រើសម្រាប់ធ្វើម្ហូបគឺយើងយកមកពីរតនគិរី និងមណ្ឌលគិរី ដែលខាងសហគមន៍ ជនជាតិដើមគាត់ដាំផ្ទាល់ដៃតែម្តង និងបន្លែខ្លះគឺខ្ញុំរកទិញនៅភ្នំពេញ ជ្រើសរើសយកបន្លែដែលល្អៗគ្មានជាតិគីមី»។
ផ្ទះបាយជនជាតិដើម បើកលក់បីពេល ព្រឹក ថ្ងៃ និងល្ងាច ចាប់ពីម៉ោង ៧ ព្រឹករហូតដល់ ៨ យប់ ចំពោះមុខម្ហូបគឺចាប់ពី ៦០០០ រៀលរហូតដល់ ១២០០០ រៀល ក្រៅពីម្ហូបជនជាតិដើម និងម្ហូបខ្មែរ គឺមានលក់ទឹកឃ្មុំសុទ្ធ ១០០ ភាគរយមកពីរតនគិរី ស្រាពាង ផ្លែប៊ឺរ និងផ្លែក្រូច។
ផ្ទះបាយជនជាតិដើម សិ្ថតនៅផ្ទះលេខ ៦៨A ផ្លូវ ៤៥៦ សង្កាត់ទួលទំពូង ១ ទាក់ទងទូរស័ព្ទលេខ ០៧៧ ៩៩ ៤២ ៥៤៕