The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សម្លម្ជូរ​ពងត្រី​ត្រកួន ពី​ផ្ទះ​អ្នក​បាត់ដំបង




សម្លម្ជូរ​ពងត្រី​ត្រកួន ពី​ផ្ទះ​អ្នក​បាត់ដំបង

Content image - Phnom Penh Post
សម្ល​ម្ជូរ​ពងត្រី​ត្រកូន ជាមួយ​បាយ​អង្ករ​សំរូប​។ ឈឹម ស្រីនាង

សម្លម្ជូរ​ពងត្រី​ត្រកួន ពី​ផ្ទះ​អ្នក​បាត់ដំបង

ភ្នំពេញ: ផ្ទះអ្នក​បាត់ដំបង​ដើម​ឡើយ​គឺល្បី​ខ្លាំង​ដោយសារ​ការ​លក់​សង្វាក់ ស៊ុប​ផ្សិត​ខួរជ្រូក និង​មីកូឡា​ជាដើម។ បន្ទាប់​មក​ទៀត ខាង​ផ្ទះ​អ្នក​បាត់ដំបង​បាន​បន្ថែម​នូវ​មុខម្ហូប​ខ្មែរ​ជាច្រើន​មុខ​ទៀត​ជាមួយ​នឹងការ​រចនា​តុបតែង​ថ្មី​តាម​បែប​ខ្មែរ​តែម្តង។

អ្នកនាង ចន ឈុនអ៊ី ជាអ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ហាង បាន​និយាយ​ថា៖ «មុន​ដំបូង​ក្រុម​គ្រួសារ​របស់ខ្ញុំ​គឺជា​អ្នក​រស់នៅ​ខេត្ត​បាត់ដំបង ហើយ​ម្យ៉ាងទៀត​អ៊ំខ្ញុំ​គឺជា​អ្នកធ្វើ​សង្វាក់​នៅ​ខេត្ត​បាត់ដំបង អ៊ីចឹង​ទៅ​ក៏សម្រេច​ចិត្ត​បើក​ហាង​នេះ​ដាក់​ឈ្មោះ​ផ្ទះ​អ្នក​បាត់ដំបង​តែម្តង​ទៅ»។

អ្នកនាង​បាន​រៀបរាប់​ទៀត​ថា៖ «មុន​ដំបូង​គឺ​យើង​គ្រាន់តែ​សាកល្បង​លក់​សង្វាក់ ស៊ុប​ផ្សិតខួរ និង​មីកូឡា​តែ​ប៉ុណ្ណោះ បន្ទាប់​មក​ទៀត ក៏សម្រេច​ចិត្ត​ថា ចង់​បង្ហាញ​នូវ​ម្ហូប​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​យក​មក​ធ្វើជូន​អ្នក​ភ្នំពេញ​បាន​ភ្លក្ស​នូវ​រសជាតិ​ដើម»។

បច្ចុប្បន្ន ផ្ទះ​អ្នក​បាត់​ដំបង បាន​បើក​ដំណើរការ ៤ កន្លែង​ហើយ។ ដោយ​ឡែក សាខា​ថ្មី ផ្ទះអ្នក​បាត់ដំបង ទួលគោក​នេះ​មាន​លក្ខណៈ​ប្លែក​ជាង​ផ្ទះអ្នក​បាត់ដំបង​មុនៗ ដោយ​សារតែ​នៅ​ទីនេះ​មាន​ភាព​ស្ងប់ស្ងាត់ ត្រជាក់​ងាយ​ស្រួល​អង្គុយ មាន​ជាក្យូស និង​កៅអី​អង្គុយ​នៅ​ក្រោម​ម្លប់​ស្វាយ។

អ្នកនាង ចន ឈុនអ៊ី បាន​បន្តថា​៖ «សម្រាប់​ម្ហូប​ខ្មែរ​នៅក្នុង​ផ្ទះ​អ្នក​បាត់ដំបង​គឺខ្ញុំ​បាន​ច្នៃ​ដោយ​យក​ឆ្នាំងដី កញ្រែ្ចង ល្អី មក​ប្រើ​ជំនួស​ចានថ្ម​វិញ​ដើម្បី​ជួយ​លើក​ស្ទួយ​ផលិតផល​ខ្មែរ​យើង ទោះ​បីជា​វាប្រើ​ចុះ​ជាងចាន​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​គិតថា ពេលដែល​ប្រើប្រាស់​វាទៅ​គឺអាច​លើក​ស្ទួយ​ម្ហូប​ខ្មែរ​យើង​ឲ្យរឹត​តែមាន​សោភណភាព​បន្ថែម»។

ម្ហូប​ដែល​ភ្ញៀវ​ពុំគួរ​រំលង​គឺ​សម្លម្ជូរ​ត្រកួន​ពងត្រី​ឆ្នាំងដី ជាមួយ​បាយ​សំរូប មួយ​ឆ្នាំង​ត្រឹម​តែ ១៨ ០០០ រៀល​ប៉ុណ្ណោះ។

ផ្ទះអ្នក​បាត់ដំបង ស្ថិត​នៅ​ផ្ទះ​លេខ ៨ ផ្លូវ ៥៤៨ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក ទូរស័ព្ទ​លេខ ០១២ ៥៤២ ៥៦២៕

អត្ថបទគួរចាប់អារម្មណ៍