ភ្នំពេញ: ជាអ្នកចូលចិត្តភ្លក្សអាហារ និងមានប្រវត្តិគ្រួសារបើកអាហារដ្ឋានច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ម្ចាស់ហាង សាកាណា អាហារជប៉ុន និងស៊ុប បានបញ្ចូលវប្បធម៌ និងរសជាតិរវាងកម្ពុជា និងជប៉ុន ដើម្បីបង្កើតជាអាហារថ្មី ឆ្ងាញ់ ប្លែក នៅកម្ពុជា។
សាកាណា អាហារជប៉ុន និងស៊ុបមានការរៀបចំដោយបែងចែកតុជា ៣ ជួរដោយជួរទី ១ សម្រាប់មនុស្ស ២ នាក់ ជួរទី ២ សម្រាប់មនុស្ស ៤ ឬ ៥ នាក់ និងជួរទី ៣ គឺសម្រាប់ភ្ញៀវលក្ខណៈគ្រួសារដោយអង្គុយផ្ទាល់លើឥដ្ឋ តាមរបៀបញ៉ាំអាហារបែបជប៉ុន។
នៅលើជញ្ជាំងមានលម្អដោយរូបទេសភាព ដើមឈើ ផ្កា ភ្នំទឹកកក នារីជប៉ុនស្លៀកពាក់ឈុតប្រពៃណី អាហារជប៉ុន និងរូបតុក្កតាស៊ីនចាំងដែលប្រជាជនកម្ពុជាភាគច្រើនសុទ្ធតែបានស្គាល់គំនូរជីវចលដ៏កំប្លុកកំប្លែងរបស់ជប៉ុនមួយនេះ។
ម្ចាស់ហាងសាកាណា អាហារជប៉ុន និងស៊ុបអ្នកស្រី គឹម សុគន្ធទេវី បាននិយាយថា៖ «កាលពីមុនខ្មែរនិយមញាំស៊ុប សាច់អាំង ហើយយើងមើលឃើញថាវាអត់មានអីថ្មីទេ។ ទើបមួយរយៈក្រោយនេះមានគេនាំអាហារមកប្លែកៗ អ៊ីចឹងខ្ញុំក៏ចាប់ផ្តើមគិតជាមួយមេចុងភៅខ្ញុំដែលមានបទពិសោធធ្វើការនៅភោជនីយដ្ឋានធំៗនៅប្រទេសថៃថាពួកយើងគួរតែធ្វើអី»។
ម្ចាស់ហាងរូបនេះបានបន្តទៀតថា៖ «ពេលហ្នឹងយើងក៏ចាប់ផ្តើមបង្កើតហាងអាហារជប៉ុននេះឡើងជាអាហារល្អសម្រាប់សុខភាព តម្លៃសមរម្យ។ សិស្សក៏ញ៉ាំបាន អ្នកធ្វើការ មន្ត្រីរាជការក៏ញុំាបាន ហើយរសជាតិ ខ្មែរអាចទទួលយកបាន ឆ្ងាញ់»។
បើកដំណើរការនៅឆ្នាំ ២០១៨ សាកាណា អាហារជប៉ុន និងស៊ុបមានអាហារជប៉ុនជាង ៧០ មុខ។ ជារៀងរាល់ ២ អាទិត្យម្តង មេចុងភៅតែងបង្កើតមុខម្ហូបថ្មីមួយសម្រាប់ភ្ញៀវ។
អាហារជប៉ុនមានដូចជា ពងត្រីសាលម៉ុន ស៊ូស៊ី (៥ ដុល្លារ) បង្គាសាលម៉ុន ស៊ូស៊ី (១៤០០០ រៀល) សាលម៉ុន សាស៊ីមិ (៤ ដុល្លារ) ស៊ីមិ សាបា (៣ ដុល្លារ) សាកាណា ស៊ូស៊ី (តម្លៃ ១៤០០០ រៀល) និងមានអាហារ ១ ដុំ តម្លៃ ១ ពាន់រៀលដូចជា៖ ពងមាន់ស៊ូស៊ី សាច់ក្តាមស៊ូស៊ី កាលីហ្វនីយ៉ាម៉ាគី និងស៊ូស៊ី ហ្វុរ៉ៃ។
អាហារស៊ុបមានដូចជា ស៊ុបក្បាលត្រីសាលម៉ុនឆ្នាំងតូច តម្លៃ ៩ ដុល្លារ និងឆ្នាំងធំ ១៨ ដុល្លារ ស៊ុបគីមឈី និងបង្គា (១៤០០០ រៀល) ស៊ុបគីមឈី និងសាច់គោ (១៤០០០ រៀល) និងមានស៊ុបជាច្រើនប្រភេទទៀត។
ម្ចាស់ហាងវ័យ ៤៨ ឆ្នាំរូបនេះបន្ថែមថា៖ «ប្រជាជនខ្មែរភាគច្រើនឲ្យតែឮថាអាហារជប៉ុន ពួកគាត់គិតថាឆៅតែម្តង ប៉ុន្តែសម្រាប់នៅហាងសាកាណាគឺអត់ទេ យើងមានអាហារទាំងឆ្អិន និងឆៅតម្រូវចិត្តអតិថិជន ហើយរសជាតិគឺយើងកាច់មករសជាតិខ្មែរ ហើយពួកយើងក៏បង្រៀនភ្ញៀវពីរបៀបហូបដែរ»។
ហាងសាកាណា អាហារជប៉ុន និងស៊ុបចាប់បើកលក់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ២ រំលងអធ្រាត្រ និងមានទីតាំងស្ថិតនៅអគារលេខ ៤៧០ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនក្បែរសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)៕
វីដេអូ៖