The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាច់​ជ្រូក​កែច្នៃ​​ ​ផ្ដល់​ជម្រើស​ថ្មី​ដល់​ពលរដ្ឋ​អាស៊ី​និយម​អាហារ​សាច់

សាច់​ជ្រូក​កែច្នៃ​​ ​ផ្ដល់​ជម្រើស​ថ្មី​ដល់​ពលរដ្ឋ​អាស៊ី​និយម​អាហារ​សាច់

Content image - Phnom Penh Post
សាច់ជ្រូក​ចម្អិនបែបថៃ ដែល​ប្រើប្រាស់​សាច់កែច្នៃ ឬ​សិប្បនិម្មិត ដើម្បី​ប្ដូរ​ទម្លាប់បរិភោគសាច់​ មក​ទទួលទានបន្លែ។ រូបថត AFP

សាច់​ជ្រូក​កែច្នៃ​​ ​ផ្ដល់​ជម្រើស​ថ្មី​ដល់​ពលរដ្ឋ​អាស៊ី​និយម​អាហារ​សាច់

ក្រុង​បាងកក៖ ម្ទេស សាច់​ជ្រូក​ពណ៌​ផ្កា​ឈូក និង​ស្លឹក​ម្រះព្រៅ​ឆា​ច្របល់​​ក្នុង​ខ្ទះ​ មេ​ចុងភៅ សុងប៉ូល ធានា​ថា​ ឆា​ម្រេះ​ព្រៅ​ហឹរ​ហោះ​រសជាតិ​បែប​ថៃ​​រក្សា​នូវ​ទម្រង់​ដើម​ដដែល ខណៈ​ប្រូតេអ៊ីន​ចេញ​ពី​បន្លែ​សុទ្ធ​ទាំង​នេះ​កំពុង​ជ្រៀត​ចូល​ក្នុង​តារាង​មុខ​ម្ហូប​ដ៏​ជោរជន់​ដោយ​គ្រឿង​ផ្សំ​ពី​សាច់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

មេ​ចុងភៅ​បាន​និយាយ​ពី​ក្នុង​ផ្ទះ​បាយ​កំពុង​ឆាឆុល​នៅ​ភោជនីយដ្ឋាន Bangkok You & Mee ថា​៖ «​វា​ជា​ល្បាយ​ដែល​មាន​រសជាតិ​ដូច​សាច់​ជ្រូក​​ គួប​ផ្សំ​នឹង​បច្ចេកវិទ្យា​រូបមន្ដ​ពិសេស​ផ្ទាល់​ខ្លួន​»។

ប៉ុន្ដែ​លោក​មិន​ប្រកែក​ក្នុង​ការ​កែ​សម្រួល​រសជាតិ​តិច​តួច​ ដើម្បី​ផ្គាប់​ចិត្ដ​ភ្ញៀវ​ពី​រូបមន្ដ​ដើម​ក្នុង​ប្រទេស ថៃ ​ដែល​សម្បូរ​អ្នក​ចូលចិត្ត​សាច់​។

លោក​បាន​បន្ថែម​ថា​៖ «​ពួក​គេ​មិន​រំពឹង​ត្រូវ​ការ​គ្រឿង​ផ្សំ​ទាំង​អស់​សុទ្ធ​តែ​រុក្ខជាតិ​ប្រើ​ក្នុង​មុខ​ម្ហូប​ថៃ​​នោះ​ទេ​»។

Content image - Phnom Penh Post
សាច់ជ្រូកកែច្នៃ​ ចាប់ផ្ដើម​ក្លាយ​ជា​របប​អាហារ​​​ប្រជាជន​អាស៊ីអាគ្នេយ៍​​​​​​។ រូបថត AFP

ក្រុមហ៊ុន​ផលិត​ចំណី​អាហារ​​ទូទាំង​សកល​លោក​កំពុង​តែ​ប្រឡង​ប្រណាំង​ ​ដើម្បី​គ្រប់គ្រង​តំណែង​លើ​​ឧស្សាហកម្ម​​​ប្រូតេអ៊ីន​ ដែល​ធនាគារ Barclay បង្កើត​ឡើង​ អាច​មាន​ទឹក​ប្រាក់ ១៤០ ពាន់​លាន​ដុល្លារ ​ក្នុង ​១ ទសវត្សរ៍​ ខណៈ​ក្ដី​កង្វល់​ចំពោះ​​បរិស្ថាន​ សីលធម៌ និង​សុខភាព ជំរុញ​កំណើន​ចំណី​អាហារ​ប្រើ​បន្លែ។

សាច់​ជ្រូក​ជា​អាហារ​សាច់​ពេញ​និយម​ដែល​ទទួល​ទាន​ជាមួយ​បាយ​ និង​គុយទាវ​ស៊ុប​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​។ ឆា​ម្រះព្រៅ​របស់​ចុងភៅ សុងប៉ូល ត្រូវ​បាន​ចម្អិន​ឡើង​ជាមួយ​បន្លែ​រចនា​ជា​សណ្ឋាន​សាច់​ជ្រូក​បែប​ថ្មី ដែល​ផ្សំ​ឡើង​ពី​សណ្ដែក​ ផ្សិត​ចំបើង​ បាយ និង​សណ្ដែក​សៀង​ពី​ក្រុមហ៊ុន Green Monday មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​។

Content image - Phnom Penh Post
សាច់ជ្រូក​សិប្បនិម្មិត មានរសជាតិ​អាចជំនួស​​សាច់ជ្រូកបាន​។ រូបថត AFP

អគ្គនាយក​ក្រុមហ៊ុន លោក ដាវីដ យឿង បាន​និយាយ​ថា​៖ «​វា​ផ្ដោត​សំខាន់​លើ​អាហារ​បែប​អាស៊ី​»។

បន្ទាប់​​ពី​សិង្ហបុរី ជា​ទី​ដែល​យីហោ​នេះ​បង្កើត​ជា​ភោជនីយដ្ឋាន​កាល​ពី​ចុង​ឆ្នាំ​មុន ថៃ​ដែល​ពលរដ្ឋ​ភាគ​ច្រើន​ប្រកាន់​សាសនា​ព្រះពុទ្ធ​បាន​ក្លាយ​ជា​គោលដៅ​ចម្បង​សម្រាប់​អាហារ​សាច់​ជ្រូក​សិប្បនិម្មិត​ ខណៈ​ការ​​ប្ដូរ​ទម្លាប់​បន្ថយ​ញ៉ាំ​សាច់​​ក៏​មិន​ស្រួល​ដែរ។​

នា​ល្ងាច​ថ្ងៃ​មួយ អ្នក​គ្រូ​មត្តេយ្យ​ថៃ​ម្នាក់​ឈ្មោះ Diane Piroon បាន​សាកល្បង​ភ្លក្ស​ឆា​ម្រះព្រៅ​អត់​សាច់​ក្នុង​ទីក្រុង​បាងកក​។ អ្នក​គ្រូ​បាន​និយាយ​ប្រាប់​ថា​៖ «​វា​មាន​រសជាតិ​ដូច​សាច់​ជ្រូក​។ ពលរដ្ឋ​ថៃ​ចូលចិត្ដ​សាច់​ ហើយ​ផល​លំបាក​គឺ​ថា យើង​ពិបាក​កែប្រែ​នូវ​អ្វី​ដែល​ពួក​គេ​ធ្លាប់​តាំង​ពី​តូចៗ​មក​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍