ភ្នំពេញ: ស្ថិតនៅលើផ្លូវ ២៩៤ ម្ដុំផ្សារកាប់គោ ភោជនីយដ្ឋាន De Boat ទាក់ទាញក្រសែភ្នែកអ្នកដំណើរឆ្លងកាត់ ជាមួយការរចនាហាងមានខ្សែពួរ ទូក និងពោង បីដូចជាទិដ្ឋភាពនៅឆ្នេរសមុទ្រ។
ភ្ញៀវអាចទទួលទានជាមួយនឹងមិត្តភក្តិ ក្រុមគ្រួសារ ក្នុងបរិយាកាសស្រស់ស្រាយប្លែកភ្នែក ដោយមានការតុបតែងនូវគ្រឿងសង្ហារិមឈើ សំណាញ់ ចង្កូតនាវា ស្អាតប្លែកភ្នែកម្យ៉ាងដែរ ហើយក៏អាចអង្គុយជជែកគ្នាកម្សាន្តបណ្តើរ ដោយមិនបាច់បារម្ភពីសំឡេងរំខានខ្លាំងពីខាងក្រៅ។
ជាភោជនីយដ្ឋានបម្រើអាហារបែបថៃ ហាង De Boat ដែលជំនាញខាងគុយទាវទូករសជាតិដើមបែបថៃតាំងពីឆ្នាំ ១៩៧០ និងមានគុយទាវច្រើនប្រភេទចម្អិនដោយចុងភៅជនជាតិថៃផ្ទាល់តែម្ដងដូចជា គុយទាវឈាម គុយទាវតុមយ៉ាំ គុយទាវចំហុយគោក គុយទាវស៊ីអ៊ីវ គុយទាវឆាការីគ្រឿងសមុទ្រ និងគុយទាវរ៉ាតណាសាច់ជ្រូកជាដើម។
ក្រៅពីជម្រើសគុយទាវដ៏សម្បូរបែប ហាង De Boat ក៏មានលក់សាច់ជ្រូកអាំងដោតចង្កាក់ ដែលជាអាហារដ៏ពេញនិយមនៅប្រទេសថៃផងដែរ។ ជាមួយតម្លៃ ៣,៩ ដុល្លារ សាច់ជ្រូកអាំងមួយចានមាន ៤ ចង្កាក់អមដោយទឹកជ្រលក់ហឹរឆ្ងាញ់រូបមន្តពិសេស។ ចំពោះភេសជ្ជៈវិញ De Boat មានលក់នូវតែបៃតង តែក្រហមទឹកដោះគោ និងបង្អែមបែបថៃ។
ភោជនីយដ្ឋាន De Boat ស្ថិតនៅផ្ទះលេខ ២៣ ផ្លូវលេខ ២៩៤ ទល់មុខ The Summer Bar៕