
ភ្នំពេញ : គ្រាន់តែបើកទ្វារភ្លាមបុគ្គលិកប្រុសស្រីញញឹមស្វាគមន៍ភ្ញៀវខណៈដែលក្លិនអាហារភាយចេញពីចង្ក្រានគួរឲ្យចង់ស្រក់ទឹកមាត់។
នៅក្នុងហាងវិញតុកៅអីខ្មៅរលោងតម្រៀបគ្នាក្រោមអំពូលភ្លើងគោមពណ៌លឿងដ៏ទាន់សម័យដែលសូម្បីតែចានក្បាន ចង្កឹះស្លាបព្រា ក៏មានពណ៌ខ្មៅរលោងដូចជាសង្ហារឹមទាំងនោះដែរ។
ក្រឡេកមើលក្នុងមីនុយវិញ បុគ្គលិកហាងបានណែនាំនូវមុខម្ហូបពិសេសៗដូចជាមីហឹរក្តាមសកបាយពងទាខបែបសិង្ហបុរីចាយ៉សាច់មាន់តៅហ៊ូបំពងនិងជ្រូកខ្វៃជ្រលក់អំបិលម្ទេស។
ក្នុងចំណោមម្ហូបទាំងនោះសាច់ជ្រូកខ្វៃជ្រលក់អំបិលម្ទេសហាក់ដូចជាមានឈ្មោះខុសប្លែកពីសាច់ជ្រូកខ្វៃទូទៅដែលយើងនិយមបរិភោគវាទទេឬក៏ញ៉ាំជាមួយនឹងទឹកសៀង។
ក្នុងពេលដែលអង្គុយចាំម្ហូបយើងអាចប្រើwifiដោយសេរី និងពិសាទឹកតែដែលមានក្លិនឈ្ងុយឆ្ងាញ់ផងដែរ។
នៅប្រមាណជា១០នាទីបុគ្គលិកហាងបានលើកមុខម្ហូបទាំងនោះមក។ សាច់ជ្រូកខ្វៃអំបិលម្ទេសនោះមានស្បែកស្រួយនិងពណ៌ឆ្អិនឆ្អៅហើយរសជាតិរបស់វាក៏ប្លែកពីសាច់ខ្វៃទូទៅដែរ។
សម្រាប់មុខម្ហូបទាំងអស់នៅទីនោះមានតម្លៃចាប់ពី២ទៅដល់៦ដុល្លារ។ជ្រូកខ្វៃអំបិលម្ទេសតម្លៃប្រមាណជា៤ដុល្លារក្នុងមួយចានមីហិលក្តាមសក៦,៥ដុល្លារ មីគោកសាច់សាស៊ីវ៣ដុល្លារ និងបង្អែមប្រមាណជា២ដុល្លារ។ភោជនីយដ្ឋានAsianKitchen ស្ថិតនៅផ្ទះលេខ ៣៣៥ មហាវិថីព្រះមុនីវង្ស ជិតហាងលក់អំពូលភ្លើង Eco ឬទាក់ទងលេខតាមទូរស័ព្ទ ០២៣ ២២ ២២ ៦៦៕