ភ្នំពេញៈ សប្តាហ៍មុនៗភ្នំពេញប៉ុស្ត៍បានបង្ហាញពីមុខម្ហូបជាច្រើនរបស់ហាង ក្តាមប្រៃដែលលោកអ្នកទាំងអស់គ្នាបានដឹងហើយថានៅក្នុងហាង នោះគឺមានមុខម្ហូបប្លែកៗជាច្រើន។
សម្រាប់សប្តាហ៍នេះហាង ក្តាមប្រៃបានចែករំលែកពីរបៀបធ្វើនូវមុខម្ហូបមួយបែបទៀតគឺសាច់ជ្រូកបំពងឆាម្រះព្រៅ។ គ្រឿងផ្សំដូចជា សាច់ជ្រូកបីជាន់ សណ្តែកកួរ ម្រះព្រៅ ខ្ទឹមបារាំង អម្ពិល ម្ទេសស្រស់ ប្រេងឆា អំបិល ស្ករស និងម្សៅស៊ុប។ របៀបធ្វើវិញគឺមុនដំបូងយកសាច់ជ្រូកបីជាន់លាងទឹកឲ្យស្អាត ហាន់ជាកង់ៗតូចៗល្មមទុកឲ្យស្រស់ទឹកទើបយកវាទៅបំពងឲ្យ ស្រួយ។ បន្ទាប់មកទៀតគឺចាក់ប្រេងឆាចូលខ្ទះដាក់ឲ្យក្តៅរួចហើយចាក់ សាច់ជ្រូកបីជាន់បំពង រួចឆាចូលជាមួយនឹងគ្រឿងផ្សំដូចជាអំបិល ស្ករស និងម្សៅស៊ុប រួចថែមអម្ពិលទុំចូលបន្តិចក៏បាន ឬក៏ដាក់ក្រូចឆ្មារក៏បានទៅតាមចំណង់ចំណូលចិត្ត រួចហើយចាក់ទឹកចូលបន្តិចឆាចូលគ្នាឲ្យចូលជាតិចាំដាក់សណ្តែកកួរ និងខ្ទឹមបារាំងចូលឆាចូលគ្នាហើយបានដាក់ម្រះព្រៅ និងម្ទេសចូលចុងក្រោយ រួចភ្លក្សរសជាតិជូរប្រៃផ្អែមហើយជាការស្រេច។
ហាងក្តាមប្រៃ អាហារមួយមុខៗមានតម្លៃចាប់ពី២ដុល្លារឡើងទៅ។ អាចកក់តាមលេខ ០១៧ ៣០ ៧០៦០ និង ០៦៧ ៨៨៨៨ ២០។ការទទួលទានអាហារចាប់ពី១០ដុល្លារឡើងទៅ ភ្ញៀវនឹងទទួលបានការបញ្ចុះតម្លៃ១៥ភាគរយ៕