ភ្នំពេញៈ ផ្ដើម​ចេញ​ពី​បទពិសោធ​កែច្នៃ​សាលាដ និង​ទឹក​ផ្លែឈើ​ជួយ​សម្រក​ទម្ងន់​ស្វាមី​បាន​ជោគជ័យ​អ្នកនាង លីម ស៊ូលីន ម្ចាស់​ហាង JLC Salad បាន​ផ្ដួច​ផ្ដើមគំនិត​បើកហាង​អាហារ​សុខភាព និង​ជំរុញ​ប្រជាជន​ខ្មែរ​ឲ្យ​ងាក​មករក​របប​អាហារ​សម្បូរ​បន្លែ ផ្លែឈើ ដើម្បី​ជួយ​សម្អាត​ជាតិពុល រក្សា​ទម្ងន់ ថែ​សម្រស់ ព្រម​ទាំង​សុខភាព​ទូទៅ​ផង​ដែរ​។

អ្នកនាង លីម ស៊ូលីន មាន​វ័យ ២៦ ​ឆ្នាំ​បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​ជា​អ្នក​ចូលចិត្ត​ធ្វើ​ម្ហូប​ខ្ញុំ​ក៏​ជា YouTuber ដែរ​ពី​មុន​ខ្ញុំ​ថត​វីដេអូ​ធ្វើ​ម្ហូប post ច្រើន view ឡើង​ដល់ ១ ​លាន ទៅ ១,៥ លាន ហើយ​ថ្ងៃ​មួយ​ស្វាមី​ខ្ញុំ​គាត់​ចង់​ស្រក​ទម្ងន់ រួច​ខ្ញុំ​ក៏​រក​វិធី​ច្នៃ​ធ្វើ​សាលាដ​ឲ្យ​គាត់​ញ៉ាំ​ស្រួល​។ គាត់​អត់​ចូលចិត្ត​ក៏​គាត់​ចាប់ផ្តើម​ញ៉ាំ​បាន​ដែរ​។ ប្រមាណ​ជា​ ១ ​ខែ​គាត់​ហាត់ប្រាណ​ផង ញ៉ាំ​សាលាដ និង​ទឹក​ផ្លែឈើ​ជាប់​ផង​។ គាត់​ស្រក​អស់ ៦ ​គីឡូ​នៅ​សល់ ៧៦ ​គីឡូ​ពី​មុន ៨១​ ​គីឡូ ទៅ ៨២ ​គីឡូ​។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​បើកហាង​នេះ​ឡើង​»​។

សាលាដ​មាន​បន្លែ ផ្លែឈើ សាច់ និង​ស៊ុត​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ និង​វីតាមីន ហើយ​ត្រូវ​បាន​រៀបចំ​យ៉ាង​មាន​អនាម័យ​។ រូបថត Yousos Apdoulrashim

JLC ដែល​ជា​ឈ្មោះ​ហាង​ផ្ដើម​ពី​ឈ្មោះ​គូ​ស្វាមីភរិយា​ម្ចាស់​ហាង JOHN LIN COOKING ដែល​បម្រើ​ទឹក​ផ្លែឈើ​ស្រស់​គាប​ចេញ​ពី​ម៉ាស៊ីន​ច្រក​ដប​យ៉ាង​ស្អាត និង​សាលាដ​ចម្រុះ​ពណ៌​។

ម្ចាស់​ហាង​រូបនេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​សព្វថ្ងៃ​ប្រជាជន​យើង​គាត់​ច្រើន​និយម​ហូប​អាហារ​បំពង អាហារ​សម្បូរ​ដោយ​ខ្លាញ់​ដូចជា​សាច់​ច្រើន ជាដើម ហើយ​ភាគច្រើន​ពួកគាត់​ក៏​មិន​ចូលចិត្ត​ហូប​បន្លែ​ដែរ​។ ខ្ញុំ​គ្រាន់តែ​ចង់​បន្ថែមថា ពួកគាត់​គួរតែ​ចាប់ផ្តើម​ស្វែងយល់​ពី​តម្លៃ​នៃ​សុខភាព​ខ្លួនឯង គាត់​អាច​ញ៉ាំ​អាហារ​ដែល​គាត់​ចូល​ចិត្ត​បាន​តែ​មុន​នឹង​ទទួលទាន គាត់​គួរ​គិត​ថា​ម្ហូប​ហ្នឹង វា​ផ្តល់​អ្វី​ខ្លះ​ដល់​រាងកាយ វា​នឹង​ថែម​ស្ករ អាស៊ីត ខ្លាញ់ ឬ​វីតាមីន​»​។

បើក​ដំណើរការ​ហាង​រយៈពេល​ជិត​ ១ ​ឆ្នាំ​ដោយ​មាន​ចំនួន​ការ​កុម្ម៉ង់​ប្រចាំថ្ងៃ​ប្រមាណ ៦០ ប្រអប់ JLC មាន​បម្រើ​នូវ​សាលាដ​ផ្ទាប់​សាច់​ជាច្រើន​រសជាតិ​តម្លៃ​ពី ៣ ទៅ ៤,៥ ​ដុល្លារ​។

ជម្រើស​ទឹក​ផ្លែឈើ​គាប​លាយ​បន្លែ​មាន​តម្លៃ ១ ​ម៉ឺន​រៀល​ក្នុង​ ១ ​ដប​។

សាលាដ JLC មាន​តម្លៃ​ពី ៣ ទៅ ៤,៥ ​ដុល្លារ​។ រូបថត Yousos Apdoulrashim

បន្លែ​ដែល​យក​មក​ប្រើប្រាស់​នៅក្នុង​ហាង​វិញ​គឺ​នាំចូល​ពី​សួន​ធម្មជាតិ រីឯ​សាច់​មកពី​កសិដ្ឋាន​ក្នុង​ស្រុក​។

ម្ចាស់​ហាង​រាង​ខ្ពស់ស្រឡះ​រូប​នេះ​ក៏បាន​ផ្តាំ​ទៅ​អ្នក​ដែល​មិន​សូវ​និយម​ញ៉ាំ​បន្លែ​ផ្លែឈើ​ថា​៖ «​សាលាដ និង​បន្លែ​មិន​ចាំបាច់​ទាល់តែ​ទៅ​ទិញ​នៅ​ហាង​ថ្លៃ ឬ​ឲ្យ​គេ​ធ្វើ​ឲ្យ​ទេ​។ គាត់​អាច​ញ៉ាំ​បាន​គ្រប់ពេល​ដោយ​ខ្លួនឯង ឬ​ជាមួយ​គ្រួសារ​។ យើង​គិតថា​ពិបាក​ញ៉ាំ តែ​វា​ស្រួល​ញ៉ាំ​ជាង​ការគិត​ទៅ​ទៀត ហើយ​នៅពេល​ញ៉ាំ​ហើយ ទើប​គាត់​មាន​អារម្មណ៍​ថា WOW! ខ្លួនប្រាណ​គាត់​ប្រសើរ​គ្រាន់បើ​ជាង​ពី​ម្សិលមិញ​»​។

JLC Salad ស្ថិត​នៅ​ផ្លូវ​លេខ ៣១០ កែង​ផ្លូវ​ត្រសក់ផ្អែម សង្កាត់​បឹងកេងកង ១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​៕

វីដេអូ៖