The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាំងវិច​សាច់​មាន់ Popeyes ល្បី​ដាច់​ស្ដុក​ធ្វើ​ឲ្យ​អ្នក​អាមេរិក​អន្ទះ​សាភ្លក្ស

សាំងវិច​សាច់​មាន់ Popeyes ល្បី​ដាច់​ស្ដុក​ធ្វើ​ឲ្យ​អ្នក​អាមេរិក​អន្ទះ​សាភ្លក្ស

Content image - Phnom Penh Post
អតិថិជន​ខ្លះ​ខឹង​ហាង Popeyes ពី​ការផ្សព្វផ្សាយ​បំផ្លើស​ពីផលិតផល។ រូបថត AFP

សាំងវិច​សាច់​មាន់ Popeyes ល្បី​ដាច់​ស្ដុក​ធ្វើ​ឲ្យ​អ្នក​អាមេរិក​អន្ទះ​សាភ្លក្ស

ក្រុង​វ៉ាស៊ីន​តោន៖ សម្ព័ន្ធ​ភោជនីយដ្ឋាន​អាមេរិក Popeyes បាន​ដាក់​លក់​សាំងវិច​សាច់​មាន់​ ដែល​ពេញ​និយម​រហូត​ដល់​ក្រុមហ៊ុន​អស់​ស្ដុក​លក់​ ដោយ​ធ្វើ​ឲ្យ​អតិថិជន​រង់​ចាំ​ទិញ​យ៉ាង​អន្ទះសា​ស្ទើរ​ដាច់​ខ្យល់​។

អគ្គនាយក​ប្រចាំ​អាមេរិក Felipe Athayde បាន​ប្រាប់ Miami Herald ថា៖ «​យើង​បាន​ដឹង​ថា នៅ​សហរដ្ឋ​អាមេរិក​​មាន​ទីផ្សារ​ធំ​សម្រាប់​សាំងវិច​សាច់​មាន់ ហើយ​ច្បាស់​ណាស់​ថា យើង​ត្រូវ​ផ្ដល់​តម្រូវ​ការ​នេះ​»។

សាំង​វិច​ចាប់​ផ្ដើម​ល្បី​លើ​បណ្ដាញ​សង្គម​ភ្លាម​ៗ ដែល​ Popeyes ខិតខំ​ផ្សព្វផ្សាយ​យ៉ាង​សម្បើម។​ វីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត​បាន​បង្ហាញ​ពី​បព្វជិក​សាសនា​ម្នាក់​ធ្វើ​ការ​ប្រៀប​ធៀប​សាំងវិច​ Popeyes និង​ Chick-fil-A ក្នុង​កាយ​វិការ​បំផ្លើស​ជ្រុល​ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។

មិន​យូរ​ប៉ុន្មាន អតិថិជន​ទូទាំង​សហរដ្ឋ​អាមេរិក នាំ​គ្នា​សម្រុក​ទៅ​តាម​ភោជនីយដ្ឋាន Popeyes ដើម្បី​គ្នា​ទិញ​សាំងវិច​សាច់​មាន់​​។ រូប​ថត និង​វីដេអូ​ឃ្លីប​ជា​ច្រើន​​​លើ​បណ្ដាញ​សង្គម​ បាន​បង្ហាញ​រូបភាព​មនុស្ស​ម្នា​ឈរ​រង់ចាំ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​។

Content image - Phnom Penh Post
សាំងវិច​សាច់មាន់ Popeyes ដែល​ធ្វើឲ្យអតិថិជន​ជ្រួលទិញ និង​ខឹង​សម្បា​​។

ទីក្រុង​មួយ​ក្នុង​រដ្ឋ​ណេវ៉ាដា ត្រូវ​បាន​បង្ខំ​ឲ្យ​បង្គាប់​ភោជនីយដ្ឋាន Popeyes បិទ​ទ្វារ​ ក្រោយ​អតិថិជន​តម្រង់​ជួរ​បង្ក​ការ​រំខាន​ដល់​ចរាចរណ៍​។ ប៉ុន្ដែ​ភោជនីយដ្ឋាន ពិបាក​គោរព​តាម​ការ​ទាមទារ​ ហើយ​បដា​សរសេរ​សន្យា «ផ្ដល់​ជូន​​​សាំងវិច​សាច់​មាន់​បន្ថែម​» ជូន​ភ្ញៀវ​ក្នុង​ពេល​ឆាប់​ៗ ត្រូវ​បាន​ចង​ជាប់​បង្អួច​ភោជនីយដ្ឋាន​។

ក្រុមហ៊ុន​បាន​សរសេរ​ថា​៖ «​យើង​បាន​​ដឹង​ថា លោក​អ្នក​ពិត​ជា​ចូលចិត្ដ​សាំងវិច​របស់​យើង តែ​យើង​អត់​មាន​ស្ដុក​ទេ​ក្នុង​ពេល​នេះ​»។

នាយក​ប្រតិបត្ដិ​សម្ព័ន្ធ RBI លោក Jose Cil បាន​ប្រាប់ CNN ថា​៖ «​ខ្ញុំ​គិត​ថា យើង​គិត​ខុស​មួយ​ចំណុច​។ យើង​មិន​រំពឹង​ថា វា​ផ្ទុះ​លើ​អ៊ីនធឺណិត​អី​​​ក៏​ខ្លាំង​យ៉ាង​នេះ​ ហើយ​ជា​លទ្ធផល យើង​អស់​ស្ដុក​លក់​ភ្លាមៗ​តែ​ម្ដង​»។

សេចក្ដី​ប្រកាស​បាន​បង្ក​ការ​ខឹង​សម្បា​ ដោយ​ភ្ញៀវ​ម្នាក់​​លើក​ឡើង​​​ថា៖ «​គ្មាន​អស់​ស្ដុក​អី​ទេ គេ​គ្រាន់​តែ​ចង់​កិកកុក​យក​គួរ​ប៉ុណ្ណោះ​»។

ភ្ញៀវ​ម្នាក់​​​ខឹង​​ Popeyes ​​​ធ្វើ​ឲ្យ​ខ្លួន​ខាត​ពេល​ឥត​ប្រយោជន៍​បើក​​​ឡាន​​​​ពី​សាខា​មួយ​ទៅ​សាខា​មួយ​ទៀត​​ ដើម្បី​ទិញ​សាំងវិច​នេះ​​៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍