The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សៀវភៅ​ម្ហូប​ខ្មែរ «ញ៉ាំ» របស់​មេចុងភៅ​ស្រី​ហោះ​ទៅ​ដល់​ធ្នើរ​សៀវភៅ​ម្ហូប​អាមេរិក និង​អូស្ដ្រាលី




សៀវភៅ​ម្ហូប​ខ្មែរ «ញ៉ាំ» របស់​មេចុងភៅ​ស្រី​ហោះ​ទៅ​ដល់​ធ្នើរ​សៀវភៅ​ម្ហូប​អាមេរិក និង​អូស្ដ្រាលី

Content image - Phnom Penh Post
រូបថត​ដោយ Nataly Lee បង្ហាញ​ពី​សម្លម្ជូរគ្រឿង​ទា​ផ្លែ​ត្នោត ជា​មូលហេតុ​មួយ​នៃ​ការកកើត សៀវភៅ​ម្ហូប «ញ៉ាំ : រូបមន្ដ​ពី​ផ្ទះបាយ​កម្ពុជា»។ សហការី

សៀវភៅ​ម្ហូប​ខ្មែរ «ញ៉ាំ» របស់​មេចុងភៅ​ស្រី​ហោះ​ទៅ​ដល់​ធ្នើរ​សៀវភៅ​ម្ហូប​អាមេរិក និង​អូស្ដ្រាលី

ភ្នំពេញ៖ ពេល​អ្នកស្រី រស់ រតនៈ ធ្វើ​ដំណើរ​ទៅលេង​សាច់ញាតិ​ក្នុង​ខេត្ដ​សៀមរាប និង​ពេលចាស់ៗ​ក្នុង​ភូមិ​ធ្វើ​ម្ហូប​សម្លម្ជូរគ្រឿង​ទា​ផ្លែ​ត្នោត អ្នកស្រី​ចាប់​ចិត្ដ​នឹង​រសជាតិ​របស់​វា។

អ្នកភូមិ​បាន​ចំណាយពេល​ជាច្រើន​ម៉ោង​ធ្វើ​សម្ល ១ មុខ​នេះ ចាប់តាំងពី​ការចាប់ និង​ធ្វើ​ទា​រហូត​ដល់​កាត់ និង​ជីក​បន្លែ ហាន់ និង​បុក​គ្រឿងផ្សំ​ក៏ដូចជា​ការឡើង​ត្នោត​បេះ​ផ្លែ​ផងដែរ។

អ្នកស្រី រតនៈ បាន​រំឭក​ថា៖ «ការស្វែងយល់​ដំណាក់កាល​នៃ​ការរៀបចំ​ចម្អិន​សម្ល​នេះ​បង្កើត​បាន​ជា​បទពិសោធ​នៃ​ការទទួល​ទាន​មិនអាច​បំភ្លេចបាន»។

សម្ល ១ មុខ​នេះ​បង្ហាញ​ពី​ភាព​ប៉ិនប្រសប់ និង​កិច្ចសហការ​យ៉ាង​ល្អ ដែល​ពួកគេ​ចេះ​ចាំ​នូវ​រូបមន្ដ​ទាំង​នេះ​តៗ​គ្នា​ពី ១ ជំនាន់​ទៅ ១ ជំនាន់​ទៀត ដោយ​គ្មាន​ការចងក្រង​ជា​សៀវភៅ ឬ​ក៏​ត្រូវបាន​បំផ្លាញ​អស់។

នេះ​គឺជា​មូលហេតុ​មួយ​នៃ​ការកកើត​សៀវភៅ​ម្ហូប «ញ៉ាំ : រូបមន្ដ​ពី​ផ្ទះបាយ​កម្ពុជា» ដែល​បាន​បង្ហាញ​ពី​ម្ហូប​ប្រពៃណី​ខ្មែរ​រាប់សិប​មុខ ដោយ​ខ្លះ​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​ឯនោះ។

ជា​មេចុងភៅ​ស្រី​ដ៏ល្បីល្បាញ​ម្នាក់​នៅ​កម្ពុជា អ្នកស្រី រតនៈ ហៅ Chef Nak បាន​ចងក្រង​រូបមន្ដ​ម្ហូប​ខ្មែរ​ប្រមាណ ៨០ មុខ និង​សហការ​ជាមួយ​អ្នក​ថតរូប​កូនកាត់​ខ្មែរ-អូស្ដ្រាលី ណាតាលី លី ដើម្បី​ផលិត​សៀវភៅ​ម្ហូប ២២៧ ទំព័រ។

បោះពុម្ព​ក្នុង​ឆ្នាំ ២០១៩ ទាំង​ភាសាជាតិ និង​អង់គ្លេស ដែល​ម្ចាស់​ស្នាដៃ​ចង់​ផ្សព្វផ្សាយ​ដល់ដៃ​ស្ត្រី​មេផ្ទះ​ក្នុង​ស្រុក និង​អន្ដរជាតិ។ «ញ៉ាំ» ពេល​នេះ​អាច​រក​ទិញ​បាន​នៅ​សហរដ្ឋអាមេរិក និង​អូស្ដ្រាលី តាមរយៈ​វេបសាយ​យក្ស អាម៉ាហ្សូន​ក្នុង​តម្លៃ ៣៩ ដុល្លារ។

Content image - Phnom Penh Post
Chef Nak ក្នុង​កម្មវិធី​ចម្អិន​អាហារ Khmer Special Vegetable Cardamom Shoot។ សហការី

Chef Nak ដែល​មាន​បេសកកម្ម​លើកតម្កើង អភិវឌ្ឍ និង​អភិរក្ស​មុខម្ហូប​ខ្មែរ និង​នាំយក​រសជាតិ​អាហារ​ដ៏វិសេស ក៏ដូចជា​វប្បធម៌​ដ៏សម្បូរបែប​ទៅកាន់​វេទិកា​ពិភពលោក​បាន​និយាយថា៖ «យើង​ជឿថា ម្ហូប​ខ្មែរ​គឺជា​ទម្រង់​សិល្បៈ ដែល​ស្ថិត​ក្នុង​កេរដំណែល​សិល្បៈ​វប្បធម៌​របស់​កម្ពុជា»។

អ្នកស្រី​បាន​ឱ្យ​ដឹងថា៖ «តាមរយៈ​សៀវភៅ​រូបមន្ដ​ម្ហូប ការបង្រៀន​ផ្ទាល់ និង​វីដេអូផ្សេងៗ​ក៏ដូចជា​បទពិសោធ​សេវាកម្ម​ឯកជន​ពិសេស យើង​រំពឹងថា​នឹង​បង្ហាញ​ពិភពលោក​អំពី​សិល្បៈ​នៃ​ការរស់នៅ​របស់​ខ្មែរ​តាមបែប​ប្រពៃណី»។

Chef Nak បាន​ប្រមែប្រមូល​រូបមន្ដ​ម្ហូប​ប្រពៃណី​ខ្មែរ​តាម​តំបន់​នានា​ក្នុងប្រទេស ដោយ​យោង​តាម​ប្រភព​នៃ​ការចងចាំ​ពី​កុមារភាព រហូត​ដល់​ការធ្វើដំណើរ និង​ស្រាវជ្រាវ​ស៊ីជម្រៅ​នៅ​ទីឋាន​ជនបទ។

មេចុងភៅ​រូបនេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «រូបមន្ដ​ដែល​ខ្ញុំ​ជ្រើសរើស​សម្រាប់​ដាក់ចូល​ក្នុង​សៀវភៅ «ញ៉ាំ» គឺ​ផ្អែកលើ​មុខម្ហូប ដែល​ខ្ញុំ​អាច​រកឃើញ ចូលចិត្ដ​ទទួលទាន និង​ចងក្រង​ពេញ​មួយ​ឆាកជីវិត​នេះ។ មុខម្ហូប​ទាំងអស់​មកពី​តំបន់​ផ្សេងៗ​ទូទាំង​ប្រទេស ហើយ​ខ្លះ​ខ្ញុំ​ជឿថា មាន​ប្រវត្ដិ​តាំងពី​រាប់ពាន់​ឆ្នាំមុន​ម្ល៉េះ»។

Content image - Phnom Penh Post
នំបញ្ចុក​សម្ល​ខ្មែរ ដែល​មាន​បន្លែ​ចម្រុះ និង​គ្រឿងផ្សំ​ដ៏សម្បូរបែប។ សហការី

អ្នកស្រី​បន្ដថា៖ «ខ្ញុំ​មិនអាច​ធ្វើ​វា​ទៅ​បាន​ទេ​ បើ​គ្មាន​ដៃគូ ណាតាលី លី ជា​អ្នកជំនាញ​ថតរូប និង​រចនា​ទំព័រ​សៀវភៅ​ដ៏ល្អ ដែល​ធ្វើឱ្យ​យើង​មើលឃើញ​សម្រស់​មុខម្ហូប​យ៉ាង​ស្រស់ស្អាត»។

រូបមន្ដ​ទូទៅ​អាច​មាន​ត្រឹម​ឈ្មោះ​មុខម្ហូប បរិមាណ បញ្ជី​មុខ​គ្រឿងផ្សំ និង​រង្វាស់ រួច​រៀបចំ និង​ចម្អិន​អាហារ​ជាមួយ​ដំណាក់កាល​នីមួយៗ​រួមទាំង​រយៈពេល​នៃ​ការចម្អិន​ផង។

ផ្ទុយទៅវិញ បើ​អ្នកណា​មានសំណាង​បាន​ប្រទះឃើញ​រូបមន្ដ​បែប​ប្រពៃណី ពួកគេ​នឹង​គ្រាន់តែ​បញ្ចូល​វិធី​ដូចខាងលើ។ ការបន្ថែម​ទម្ងន់ រង្វាស់ និង​ការណែនាំ​ល្អៗ​មួយ​ចំនួន​ទៀត ដែល​ពិបាក​ស្វែងរក​ដោយ​ចៃដន្យ។ ដូច្នេះ ក្នុង​ដំណើរការ​សរសេរ​សៀវភៅ «ញ៉ាំ» មេ​ចុងភៅ​ត្រូវ​ស្វែងយល់​រូបមន្ដ​ទាំងនោះ​ដោយ​ខ្លួនឯង។

អ្នកស្រី​គិតថា អ្វី​ដែលមាន​សារៈសំខាន់​បំផុត​មួយ​នៃ​មុខម្ហូប​ខ្មែរ​គឺ​គ្រឿងផ្សំ។ ការស្រាវជ្រាវ «ញ៉ាំ» ភាគច្រើន​គឺ​ស៊ើបអង្កេត​អំពី​គ្រឿងផ្សំ​ទាំងនោះ។

Chef Nak បាន​ឱ្យដឹងថា អ្នកស្រី​ចង់ឱ្យ​សៀវភៅ​នេះ​លាតត្រដាង​ពី​គ្រឿងផ្សំ​ដ៏សម្បូរបែប និង​បង្ហាញ​ពី​អត្ថប្រយោជន៍​ផ្នែក​ជីវជាតិ​អាហារ​ជំនួយ​ផ្នែក​សុខភាព​រាងកាយ និង​សារសំខាន់​នៃ​វប្បធម៌។

អ្នកស្រី​និយាយថា៖ «សៀវភៅ​ម្ហូប​អាច​ចាប់ផ្ដើម​ពី​វិធី​ចម្អិន តែ​ភារកិច្ច​អភិវឌ្ឍន៍​ម្ហូប​ប្រពៃណី​ត្រូវ​ពឹង​អាស្រ័យ​លើ​មនុស្ស។ សៀវភៅ​អាច​ញ៉ាំង​ទឹកចិត្ដ​មនុស្ស​ឱ្យ​ចូលចិត្ដ​ចម្អិន​កាន់តែ​ច្រើន ស្វែងយល់​ពី​រូបមន្ដ​ប្រពៃណី ក៏ដូចជា​ប្រវត្ដិ​មុខម្ហូប​របស់​ពួកគេ ព្រមទាំង​អត្ថប្រយោជន៍​នៃ​មុខម្ហូប​នីមួយៗ និង​គ្រឿងផ្សំ​ផងដែរ»។

សម្រាប់​ព័ត៌មាន​លម្អិត សុំចូល​ទៅកាន់​វេបសាយ https://chefnak.com/ ឬ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​មេចុងភៅ​ស្រី រស់ រតនៈ @chefnak៕ HR

Content image - Phnom Penh Post
រូបថត​ដោយ Nataly Lee បង្ហាញ​ពី​សម្ល​ផ្សិត និង​រូបភាព Chef Nak បង្ហាញ​ក្ដាមស្រែ​រស់​រវើក។ សហការី

អត្ថបទគួរចាប់អារម្មណ៍