ភ្នំពេញ៖ ដោយសារជាប់ចិត្តនៃទឹកស៊ុបមានក្លិនឈ្ងុយប្រហើរ និងរសជាតិហឹរនៃម្រេច ធ្វើឲ្យបុរសកម្ពុជាដែលធ្លាប់ទៅលេងនៅប្រទេស សិង្ហបុរី ជាប់ចិត្តអាហារនេះ ហើយក៏សម្រេចនាំយកនូវស៊ុបឆ្អឹងជំនីរជ្រូកបែបសិង្ហបុរីមកលក់នៅកម្ពុជាក្នុងអគារ The Bridge។
លោក ឡាយ ពិសិដ្ឋ វ័យ ៣៩ ឆ្នាំ ជាស្ថាបនិកនៃ ស៊ុន ហេង បាក់គូតេ បានថ្លែងមក ភ្នំពេញ ប៉ុស្តិ៍ ថា៖ «កាលពីឆ្នាំ ២០១៨ ខ្ញុំបានទៅលេងនៅសិង្ហបុរី ដោយមានការណែនាំពីបងធម៌របស់ខ្ញុំនៅទីនោះ គាត់ក៏បានទៅញ៉ាំអាហារប្រពៃណីរបស់ប្រទេសនេះ ជាច្រើនក្នុងនោះក៏មានបាក់គូតេ (ស៊ុបឆ្អឹងជំនីរជ្រូក) នេះផងដែរ។ ដោយជាប់ចិត្តនឹងរសជាតិខ្ញុំក៏បានសិក្សាជាមួយបងប្រុសរបស់ខ្ញុំក្នុងការនាំមកលក់នៅទីនេះ (កម្ពុជា) ដោយមានការរួមហ៊ុនគ្នាចំនួន ៤ នាក់»។
បន្លែសាឡាដពណ៌ខៀវតម្រៀបខាងក្រោមឆ្អឹងជំនីរជ្រូក ២ ដុំ រោយជី បន្ថែមទឹកស៊ុបភាយក្លិនឈ្ងុយម្រេចកំពត និងមើមខ្ទឹមសជាគ្រឿងទេសចាំបាច់បំផុតសម្រាប់ស៊ុបបែបសិង្ហបុរី ដោយគេនិយមទទួលទានជាមួយនំចាខ្វៃ តាមរសជាតិដើមនៃស៊ុបឆ្អឹងជំនីរជ្រូក បាក់គូតេ។
ស៊ុបឆ្អឹងជំនីរជ្រូកបែបសិង្ហបុរី ជាមុខម្ហូបល្បីប្រចាំនៅ ស៊ុន ហេង បាក់គូតេ ដែលមានភ្ញៀវនិយមចូលចិត្តជាងគេ ដោយមានគ្រប់ជាតិសាសន៍ ពិសេសជនជាតិខ្មែរផងដែរ មានតម្លៃ ៦,៨០ ដុល្លារ។ ស៊ុបនេះត្រូវបានកំណត់បរិមាណនៃទឹកសម្រាប់រម្ងាស់ជាមួយសាច់ជ្រូករយៈពេល ៤ ម៉ោង បន្ថែមគ្រឿងផ្សំទៅតាមរូបមន្តដែលបានមកពីសិង្ហបុរី ដែលកំណត់ក្នុងការចម្អិនរហូតដល់ ១០ ម៉ោង។
ស្ថាបនិកនៃ ស៊ុន ហេង បាក់គូតេ ដែលមកពីប្រទេស សិង្ហបុរី លោក Andrew Low បានប្រាប់ពីការចម្អិនស៊ុបថា៖ «ស៊ុបបែបសិង្ហបុរីត្រូវចំណាយពេលយូររហូតដល់ ១០ ម៉ោង ក្នុងការរម្ងាស់ អ៊ីចឹងហើយយើងចម្អិននៅថ្ងៃនេះ គឺទុកសម្រាប់លក់នៅថ្ងៃស្អែក ប៉ុន្តែឆ្អឹងជំនីរយើងចម្អិនផ្សេងរយៈពេល ១ ម៉ោងប៉ុណ្ណោះ បើសិនជាភ្ញៀវកុម្ម៉ង់ ទើបយើងរម្ងាស់ជាមួយទឹកស៊ុបរហូតដល់ចូលជាតិ បានយកឲ្យភ្ញៀវ។ ហើយសាច់វិញ បើសិនជាយើងលក់មិនអស់ យើងក៏មិនទុកប្រើសម្រាប់ថ្ងៃស្អែកទៀតដែរ វាអាចនាំឲ្យមានក្លិនមិនល្អ ដោយយើងបានឲ្យទៅបុគ្គលិក បើសិនជាពួកគាត់ត្រូវការ ឬបោះចោលតែម្តង»។
ស៊ុន ហេង បាក់គូតេ មានលក់ ប្រភេទខ ដូចជា ខសាច់ទា មីខទា (៤,៥ ដុល្លារ) ខសាច់ជ្រូក ៣ ជាន់ (៤,២ ដុល្លារ) និងខជើងជ្រូក (៥ ដុល្លារ)។ ប្រភេទស៊ុបក្រៅពីស៊ុបឆ្អឹងជំនីរជ្រូកដូចជា ស៊ុបក្រលៀន (៥ ដុល្លារ) ស៊ុបក្រលៀនលាយថ្លើម (៥,៥ ដុល្លារ) ស៊ុបសាច់ជ្រូកលាយថ្លើម (៥ ដុល្លារ) ព្រមទាំងស៊ុបបន្លែ (២,២ ដុល្លារ)។
ចំពោះរូបមន្តនៃទឹកស៊ុបត្រូវបានទិញមកពីម្ចាស់ដើមនៃប្រទេស សិង្ហបុរី។ បន្លែក្នុងស្រុកស្រស់ៗ ជាមួយសាច់ជ្រូកពីកសិដ្ឋាននៅគីឡូលេខ ៦ ដែលជាវថ្មីៗជារៀងរាល់ថ្ងៃសម្រាប់ផ្គត់ផ្គង់ការចម្អិន។
ស៊ុន ហេង បាក់គូតេ ទើបតែចាប់ផ្តើមដំណើរការតាំងពីខែឧសភា ដោយទទួលភ្ញៀវពីម៉ោង ១០:៣០ នាទីព្រឹក រហូតដល់ម៉ោង ៩ យប់ ក្នុង ១ ថ្ងៃអាចទទួលអតិថិជនបានចន្លោះពី ៥០ ទៅ ១០០ នាក់ ដោយទទួលបានភ្ញៀវជាជនជាតិខ្មែរ។
ស៊ុន ហេង បាក់គូតេ មានទីតាំងស្ថិតនៅក្នុងផ្សារទំនើប The Bridge Lifestyle Mall ជាន់ទី ១៕
វីដេអូ៖