ភ្នំពេញៈ ក្រោម​ដំបូល​តង់​តូច​រើខ្លួន​មិន​រួច ភ្ញៀវ​ចេញចូល​ប្រដាក់​គ្នា​មិន​ដាច់ រក​តែ​កន្លែង​អង្គុយ​ស្ទើរ​មិន​បាន ដើម្បី​មក​ភ្លក្ស​ស៊ុប​រូបមន្ត​ថ្មី ធ្វើ​ផ្ទាល់​ដោយ​ដៃ​តារា​សម្តែង និង​ជា​ពិធី​ការិនី​រូប​ស្រស់​កញ្ញា សោម ស្រីនាថ បូករួម​ជាមួយ​ឈ្មោះ​ហាង​កប់​ស៊េរី «ស៊ុប​ខ្ទើយ»។

ស្ថិត​នៅក្រោយ​មន្ទីរពេទ្យ​ព្រះកុសុមៈ (ពេទ្យ​លោកសង្ឃ) ស៊ុប​ខ្ទើយ ជា​ឈ្មោះ​ដ៏​ទាក់​ទាញ ដែល​ដាក់​ដោយ​ប្អូន​ប្រុស​របស់​តារា​សម្ដី សោម ស្រីនាថ ដោយ​សារ​តែ​ស៊ុប​នោះ​មាន​ច្រើន​រស​ជាតិ​ចូល​គ្នា និង​ជា​រូបមន្ត​របស់​អ្នក​ផ្ទះ​តារា​សម្តែង​ស្រី​រាង​តូច​ច្រឡឹង​នេះ​ផ្ទាល់​តែ​ម្ដង។

ទើប​តែបើ​កបាន​មួយអាទិត្យ​ស៊ុប​ខ្ទើយ មាន​អ្នកគាំទ្រ​ច្រើនសន្ធឹក ដោយ​លក់​ពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​អាទិត្យ ចាប់​ពី​ម៉ោង ៣ រសៀល រហូត​ដល់​អស់ នៅ​ម៉ោង​ប្រហែល​ជា ៨ យប់។

ស៊ុបខ្ទើយ​​​​មាន​បន្លែ និង​សាច់​ជា​ច្រើន​មុខ ១​ ឈុត​តម្លៃ ២៥០០០៛។ហេង ជីវ័ន

ជំនួញ​លក់​ស៊ុប​នេះ​ផ្ដើម​ពី​កញ្ញា សោម ស្រីនាថ ចាប់ដៃ​ជាមួយ​ប្អូនប្រុស​ទាំង ២ ឆ្លៀត​ពេល​សម្រាក​ពី​ការ​ថត​កុន និង​ថត​ផ្សាយ​ផលិតផល ដោយ​មិន​មាន​ជួល​បុគ្គលិក​ឡើយ។

ស៊ុប ដែលមាន​រសជាតិ​ប្លែក​ជូរតិចៗ ត្រូវបាន​ផ្សំ​ឡើយ​ពីសា​ច់​ទា​ស្រែ ប្រហិត​ចម្រុះ ពង​មាន់ បង្គា ឈាម ផ្សិត​ម្ជុល ពោត​បារាំង ត្រកួន ជីរ​នាង​វង ម្អម និង​ទឹក​ជ្រលក់។

ម្ចាស់​ហាង​ជាតា​រា​ស្រី​រូប​ស្រស់ កញ្ញា សោម ស្រីនាថ បាន​ប្រាប់​ពី​មូលហេតុ​នាំ​ឲ្យ​នាង​បើក​កន្លែង​លក់​ស៊ុប​តូច​តែ​ខ្លឹម​នេះ​ថា៖ «ពេល​ហ្នឹង​គេង ៣ នាក់​បង​ប្អូន ហើយ​ប្អូន​ប្រុស​ក៏បាន​និយាយ​ឡើង​ថា តោះ​បង​យើង​បើក​កន្លែង​លក់​អី​ញ៉ាំ ក៏​នាំគ្នា​គិតថា​ លក់​អី​ក៏​សម្រេច​ចិត្ត​លក់​ស៊ុប​ខ្ទើយ​នេះ ព្រោះ​មាន​រូបមន្ត​ហើយ​ស្រាប់ ហើយ​មួយ​ទៀត​ប្អូន​ប្រុស​បង​ទាំង ២ នាក់​រៀន​ចប់​ទី ១២ កំពុង​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ ហើយ​ទំនេរ នៅ​ពេល​ល្ងាច ប៉ុន្តែ​ពួក​គាត់​សុំ​មិន​លក់​នៅ​ថ្ងៃ​ចន្ទ ១ ថ្ងៃ ព្រោះ​ចង់​ទុក​ពេល​ធ្វើ​កិច្ចការ​សាលា»។

ស្ថិត​ក្រោម​ដំបូលតង់​តាម​ចិញ្ចើម​ផ្លូវ ស៊ុប​ខ្ទើយ​មាន​មនុស្ស​ណែនៗ។ ហេង ជីវ័ន

ស៊ុប​ខ្ទើយ តម្រូវ​មនុស្ស​គ្រប់រូប​មិន​ថា ជា​សិស្សសាលា​ក៏ដោយ​ក៏​អាច​ញ៉ាំ​បាន​ដែរ។ កញ្ញា​ក៏បាន​លើក​ហេតុផល​ថា៖ «បើក​ហាង​តូច​បែប​ហ្នឹង​មក​ពី​យើង​មិន​ទាន់​មាន​លទ្ធភាព និង​ចង់​ធ្វើ​លក្ខណៈ​គ្រួសារ​សិន ធ្វើ​ពី​តិច​ទៅ​ច្រើន»។

ទើបតែ​ចាប់ផ្ដើម​លក់​ថ្មីថ្មោង​ចំណូល​សម្រាប់ ២ ថ្ងៃ​ដំបូង​គឺ ៥០ ម៉ឺន​រៀល ក្នុង ១ ថ្ងៃ ដោយ​លក់​អស់​គ្មាន​សល់។

ស៊ុប​ខ្ទើយ មួយ​ឆ្នាំង មានតម្លៃ ២៥ ០០០៛ ហើយ​ក្រៅពីនោះ​កញ្ញា​ក៏មាន​លក់ ភ្លាក្តាម​តម្លៃ ១២ ០០០៛ និង ភ្លា​តង្កៀប​ក្តាម តម្លៃ ១៥ ០០០៛ ចំណែក​ស៊ុប​ខ្ទើយ​ឈុត​ជា​ចាន​ត្រឹម​តែ ៦ ៥០០។ សូម​ទាក់​ទង​តាម​ទូរស័ព្ទ​លេខ ០៩៣ ៤៨៣ ០៤១និង ០៩៨ ៣១៣ ៦៤៨៕