ភ្នំពេញ៖ ឆ្លងកាត់ស្ពានជ្រោយចង្វារ ទៅកាន់ត្រើយទន្លេខាងកើត មិនឆ្ងាយពីសួនកម្សាន្តដាយណូស័រ និងកន្ត្រកវិល ហាង «ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប» តែងតែទាក់ភ្នែកអ្នកដំណើរជិះកាត់ ទោះមិនបានចូលថ្ងៃនេះ ក៏គុំក្នុងចិត្តថានឹងមកភ្លក្សរសជាតិឱ្យបាននៅថ្ងៃណាមួយ។
អ្វីដែលទាក់ចិត្តអ្នកដំណើរនោះគឺ ហាង ស៊ុបគោខ្មែរ ស៊ុបម្រះ សៀមរាប មានដំបូលប្រក់ស្បូវ និងជញ្ជាំងធ្វើពីស្លឹកឃុនមារ ជារុក្ខជាតិដ៏កម្រមកពីតំបន់មួយនៅសៀមរាប។
ក្រៅពីរំលេចតុឈើ និងកៅអីពណ៌លឿងទុំឆ្អិនឆ្អៅ ហាងស៊ុបនេះព័ទ្ធទៅដោយវាលស្មៅខៀវខ្ចី ដើមឈើដាំជាជួរ និងចំណតយានយន្តធំទូលាយ។
«ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប» មានប្រភពពីទឹកដីសៀមរាបអង្គរ ដោយផ្ដើមពីអាជីវកម្មលក់តាមចិញ្ចើមផ្លូវ រហូតដល់ពង្រីកបានជាហាងធំចំនួន ២។
ម្ចាស់ហាងស៊ុប លោក ហ៊ុន រដ្ឋា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ព្រោះមានបងប្អូនយើងគាំទ្រច្រើន។ ដោយឃើញទីនោះទទួលបានជោគជ័យ ខ្ញុំក៏ចាប់ដៃគូជាមួយមិត្ត និងមេរបស់ខ្ញុំរកស៊ីនៅភ្នំពេញ»។
បុរសវ័យ ៣៦ ឆ្នាំ រូបនេះបានឱ្យដឹងថា ហាងនៅភ្នំពេញមានការរៀបចំឡើងដូចគ្នាទៅនឹងស្ដាយល៍នៅសៀមរាប គ្រាន់តែទីនេះមានទីធ្លាធំជាង។
ជាកូនច្បងក្នុងគ្រួសារ លោក ហ៊ុន រដ្ឋា លោកត្រូវបានឪពុកម្ដាយបង្ហាត់បង្រៀនឱ្យធ្វើម្ហូបសម្រាប់ប្អូនៗ ព្រោះឪពុកម្ដាយលោកមមាញឹកនឹងរបរលក់ដូរនៅផ្សារ។
លោករំឭកទៀតថា៖ «តាមពិតពីដំបូង ខ្ញុំមិនបានចូលចិត្តធ្វើម្ហូបអីណាស់ណាទេ ព្រោះតែពេលហ្នឹងនៅសៀមរាបវិស័យទេសចរណ៍រីកចម្រើនខ្លាំងសណ្ឋាគារក៏លូតលាស់ ដោយមិនសូវមានចំណេះដឹងជ្រៅជ្រះផង ខ្ញុំក៏សម្រេចចិត្តទៅធ្វើជាកូនកាំបិត រហូតដល់បានក្លាយជាចុងភៅ»។
មេចុងភៅ និងជាម្ចាស់ភោជនីយដ្ឋានរូបនេះ គឺជាអ្នកចេញរូបមន្តគ្រឿងផ្សំដោយខ្លួនឯងទាំងអស់ ដោយមិនប្រើប៊ីចេងក្នុងការចម្អិន។
ភ្ញៀវមានជម្រើសស៊ុប ស៊ុបគោ និងស៊ុបម្រះ ក្នុងតម្លៃ ១២,៥ ដុល្លារដូចគ្នា ព្រមទាំងមុខម្ហូបដាច់ដោយឡែកជាច្រើនទៀតដែរ។
ស៊ុបគោទទួលបានការពេញនិយមជាងគេ។ រីឯស៊ុបម្រះ ដែលមានរសជាតិល្វីងតិចៗ ត្រូវនឹងរសជាតិប្រហិតត្រីស្លាតបំផុត។
ឯម្ហូបពិសេស និងប្លែកជាងគេក្នុងហាង ដែលលោកក៏ចង់ណែនាំដល់ភ្ញៀវនោះគឺ បុកមាន់សៀមរាប តម្លៃ ៤ ដុល្លារ។ ម្ហូបមានដើមកំណើតពីតំបន់ ១ នៅសៀមរាប ដែលមានលក្ខណៈជាញាំរសជាតិហឹរ ប្រៃ និងជូរ។ ដោយផ្សំពីមាន់អាំង អង្ក្រង បុកជាមួយទឹកប្រហុក អន្លក់ដើមចេក និងត្រយូងចេកដ៏ឆ្ងាញ់។
បើងាកមកអាហារប៉ែកអឺរ៉ុបវិញ ហាងស៊ុបនេះមានបម្រើ «សាច់គោអាមេរិកលើថ្ម» ដែលលោក ហ៊ុន រដ្ឋា បានអះអាងថា លោកមានបំណងចង់ឱ្យអតិថិជនទូទៅអាចសាកល្បងទទួលទានអាហារស្ដេកបែបហាងលំដាប់ខ្ពស់ ក្នុងតម្លៃដ៏មធ្យម។
ស្របនឹងជោគជ័យក្នុងអាជីវកម្មភោជនីយដ្ឋាន លោក រដ្ឋា បានឱ្យដឹងថា ពេលឃើញភ្ញៀវនាំគ្រួសារមិត្តភក្តិមកទទួលទានទីនេះ ធ្វើឱ្យលោកនឹកដល់អនុស្សាវរីយ៍ពីកុមារភាព។
លោករៀបរាប់ថា៖ «កាលពីនៅតូចៗ ឪពុកម្ដាយខ្ញុំតែងនាំខ្ញុំទៅហូបស៊ុប ហើយឃើញថា មកដល់បច្ចុប្បន្ននៅតែមានអ្នកគាំទ្រច្រើន ខ្ញុំសប្បាយចិត្ត ដែលខ្ញុំបានបើកហាងនេះ ហាក់ដូចជានាំការជួបជុំឱ្យគ្រួសារនៅតែមានពេលបរិភោគជុំគ្នា ដូចជាទាញយកការចងចាំត្រឡប់មកវិញ»។
ចំណុចពិសេសរបស់ហាងស៊ុបនេះ គឺអតិថិជនមិនបារម្ភពីចំណតរថយន្ត ហើយបរិយាកាសក៏ស្រស់ស្រាយ បីដូចជាការទទួលទាននៅរានហាលដ៏ទំនើប ជាមួយជំនោរធម្មជាតិ។
យ៉ាងណាមិញ លោក រដ្ឋា ក៏គ្រោងធ្វើទំនើបកម្ម ដោយការប្រើប្រាស់អាយផេត ក្នុងការបម្រើការកុម្ម៉ង់ដល់ភ្ញៀវឱ្យកាន់តែរហ័សទាន់ចិត្ត។
លោកបន្តទៀតថា៖ «ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នកដែលបានជួយគាំទ្រខ្ញុំតាំងពីនៅសៀមរាបរហូតមកដល់ភ្នំពេញ។ ខ្ញុំសូមឱ្យនៅតែមានការគាំទ្រ ហើយខ្ញុំក៏នឹងព្យាយាមរក្សារសជាតិ និងអនាម័យឱ្យនៅតែល្អ ហើយក៏បន្តអភិវឌ្ឍខ្លួនជានិច្ច»។
ហាង «ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប» ចាប់បើកដំណើរការពីម៉ោង ៤ ល្ងាច ដល់ម៉ោង ១១ យប់។ ទំនាក់ទំនងទូរស័ព្ទលេខ ០១៦ ៦៦៤ ២៨៩៕
វីដេអូ៖