ក្រុង សេអ៊ូល : កុងណាមុល គុក (Kongnamul Guk) ឬស៊ុបសណ្ដែកបណ្ដុះ គឺជាម្ហូបកូរ៉េខាងត្បូងដែលងាយស្រួលក្នុងការចម្អិន មានគ្រឿងផ្សំសាមញ្ញ និងតម្លៃថោកទៀតផង។
បើទោះជាមានរសជាតិស្រាល សាបលែមៗក៏ពិតមែន ប៉ុន្តែស៊ុបសណ្ដែកបណ្ដុះនេះត្រូវបានគេប្រើប្រាស់ជាអាហារសម្រាប់ព្យាបាលអាការធេងធោងដោយសារជំងឺគ្រុន ឬស្រវឹងស្រា។
ស៊ុបសណ្ដែកបណ្ដុះដ៏ពេញនិយមនៅកូរ៉េខាងត្បូងនេះសម្បូរទៅដោយវីតាមីន C និងមានកម្រិតកាឡូរីទាប។ អ្វីដែលកម្ដៅពោះ និងធ្វើឲ្យរោគគ្រុនឆាប់សាយ និងជាសះស្បើយនោះគឺម្សៅម្ទេសក្រហម កូឈូការ៉ុ (kochukaru) តែម្ដង។
ដោយប្រើប្រាស់រយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ អ្នកអាចចម្អិនស៊ុបសណ្ដែកបណ្ដុះនេះបានភ្លាម។
គ្រឿងផ្សំដែលអ្នកត្រូវការរួមមាន សណ្ដែកបណ្ដុះ១ចាន ទឹក៦កែវ ខ្ទឹមសចិញ្ច្រាំ១ស្លាបព្រា ទឹកស៊ីអ៊ីវ ២ស្លាបព្រា ប្រេងល្ង ១ស្លាបព្រា អំបិល១កូនស្លាបព្រា ស្លឹកខ្ទឹម១ស្លាបព្រា និងម្សៅម្ទេសកូឈូការ៉ុ របស់កូរ៉េ ១ស្លាបព្រា។
វិធីចម្អិនដ៏ងាយស្រួល ចាប់ផ្ដើមដំបូងដោយត្រូវដាំទឹកក្នុងឆ្នាំង។ យកខ្ទះរំលីងខ្ទឹមស ជាមួយទឹកស៊ីអ៊ីវ និងប្រេងល្ង២នាទី ប៉ុន្តែចៀសវាងកុំឲ្យខ្ទឹមឡើងពណ៌ក្រហមខ្លោច។ យកទឹកពុះចាក់ចូលក្នុងខ្ទះលាយជាមួយខ្ទឹមសដែលលីងរួច។ ចាប់ផ្ដើមបើកភ្លើងដាំវាឲ្យពុះម្ដងទៀត រួចបន្ថែមសណ្ដែកបណ្ដុះចូល។ ចាប់ផ្ដើមបន្ថយភ្លើងឲ្យក្ដៅតិចៗ និងរម្ងាស់ឲ្យបាន១០នាទី រហូតទាល់តែសណ្ដែកបណ្ដុះអស់ក្លិនឈួល។
ប្រសិនបើអ្នកចូលចិត្តរសជាតិហឹរនោះ សូមបន្ថែមម្សៅម្ទេស១ស្លាបព្រា ឬច្រើនជាងនេះតាមចំណូលចិត្ត និងបន្តចម្អិន៥នាទីទៀតមុននឹងបិទភ្លើង។ ចាប់ផ្ដើមរោយស្លឹកខ្ទឹម ឬដើមខ្ទឹមចូលរួចដួសដាក់ចាននោះជាការស្រេច។
គួរបញ្ជាក់ផងដែរថា ស៊ុបសណ្ដែកបណ្ដុះបែបកូរ៉េនេះ ក៏អាចត្រូវបានគេចម្អិនដោយបន្ថែមគ្រឿងសមុទ្រ ជាពិសេសគឺលៀសសមុទ្រចូលក្នុងនោះផងដែរ៕