ភ្នំពេញ: ហាងម្ហូបបែបជនជាតិដើមដែលទើបតែបើកថ្មីៗនៅម្តុំទួលទំពូង ១ ត្រូវបានភ្ញៀវជាច្រើនគាំទ្រ ទាំងភ្ញៀវជនជាតិខ្មែរ ជនជាតិដើមដែលមករស់នៅទីក្រុងភ្នំពេញ និងភ្ញៀវបរទេស។
មុខម្ហូបដ៏មានប្រជាប្រិយភាពជាងគេគឺ ចាណាង ភីភា ឡាប និងបុកត្រីជាដើម ហើយក្នុងចំណោមមុខម្ហូបទាំង ៣ នេះគឺ ចាណាង ជាមុខម្ហូបពិសេសដែលភ្ញៀវតែងតែកុម្ម៉ង់ញ៉ាំគ្រប់ពេល មិនថាព្រឹក ថ្ងៃត្រង់ ឬពេលយប់នោះទេ។
អ្នកស្រី យុន ម៉ាណេ ជនជាតិព្នងម្ចាស់ហាងផ្ទះបាយជនជាតិដើម ដែលកំពុងតែដួសស៊ុបចាណាង បាននិយាយថា៖ «ចាណាងគឺជាមុខម្ហូបដែលល្បីខ្លាំងនៅខេត្តរតនគិរី ហើយអ្នកណាដែលទៅលេងរតនគិរីគឺមិនដែលរំលងចាណាងនោះទេ ព្រោះស៊ុបចាណាងជាអាហារប្រចាំតំបន់ដែលជនជាតិតែងតែធ្វើសម្រាប់បរិភោគជាប្រចាំ អ៊ីចឹងអ្នកដែលទៅដល់រតនគិរី ហើយមិនបានញ៉ាំ ដូចជាអត់បានជាន់ទឹកដីហ្នឹងអ៊ីចឹង»។
ចំពោះស៊ុបចាណាងគឺមានគ្រឿងផ្សំដូចជា ស្បែកគោ ឆ្អឹងគោ ស្លឹកចាណាង ទំពាំងស្រស់ ស្នៀតពោត ផ្សិត រំដេង ម្ទេស និងស្លឹកក្រូចសើច របៀបធ្វើគឺយកស្បែកគោមកហាន់ជាបន្ទះធំៗ បន្ទាប់មកយកស្លឹកចាណាងពូតហើយត្រងយកទឹកទៅផ្អាប់ទុករយៈពេល ២ ទៅ ៣ ថ្ងៃ រួចហើយទើបយកមករម្ងាស់ឲ្យវាពុះទើបដាក់រំដេងចូល ដោយបន្ថែមឆ្អឹងគោ ស្បែកគោ ទំពាំង និងគ្រឿងផ្សំរសជាតិរួចរម្ងាស់ចោល ១ ថ្ងៃពេញទើបដាក់ផ្សិត ស្លឹកក្រូចសើច និងស្នៀតពោតចូលជាការស្រេច។
សម្រាប់ស៊ុបចាណាងនេះអាចញ៉ាំជាមួយបាយក៏បាន ឬជាមួយមីក៏បានទៅតាមចំណង់ចំណូលចិត្ត និងបន្ថែមម្ទេសជ្រក់ពិសេសរបស់ជនជាតិដើមរឹតតែឆ្ងាញ់មួយកម្រិតទៀត។
ផ្ទះបាយជនជាតិដើម សិ្ថតនៅផ្ទះលេខ ៦៨A ផ្លូវ ៤៥៦ សង្កាត់ទួលទំពូង ១ ទាក់ទងទូរស័ព្ទលេខ ០៧៧ ៩៩ ៤២ ៥។ ហាងចាប់បើកពីម៉ោង ៧ ព្រឹករហូតដល់ ៨ យប់។ មុខម្ហូបគឺចាប់ពី ៦០០០ រៀលដល់ ១២ ០០០ រៀល៕
