ភ្នំពេញ : ស៊ុបក្ដៅៗ គឺជាជម្រើសអាហារដ៏ប្រពៃសម្រាប់ជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ ដោយសារតែវាមានគ្រឿងផ្សំសាច់ និងបន្លែជាច្រើនមុខ ដែលអាចបំពេញតាមចំណូលចិត្តរបស់អ្នកទទួលទានបានគ្រប់ៗគ្នា។ សប្ដាហ៍នេះ ខ្ញុំនឹងនាំលោកអ្នកទៅភ្លក្សស៊ុបពិសេសរស់ជាតិដើមនៅភោជនីយដ្ឋាន អាយហ៊្វូត (iFood)។ ស៊ុបនេះមានជម្រើសទឹកស៊ុបពីរបែប គឺទឹកស៊ុបអាយហ៊្វូត និងទឹកស៊ុបផ្លែឈើ ដែលដាក់ដាំនៅលើឆ្នាំងតែមួយ។ រីឯគ្រឿងផ្សំរបស់វាក៏មានលក្ខណៈខុសពីស៊ុបទូទៅដែរ។
គ្រឿងផ្សំ : តាំងអោ ត្រកួន ស្ពៃតឿ ត្រសក់ ម្នាស់ បង្គាស្រស់ សាច់គោរុំសណ្ដែកបណ្ដុះ សាច់ជ្រូក សាច់គោ បាញ់ហយ និងនំបញ្ជុក។
វិធីចម្អិនទឹកស៊ុបអាយហ្វូត : យើងត្រូវការប្រើគ្រឿងការី ស្ករស និងម្សៅស៊ុប មករម្ងាស់ជាមួយទឹកដូង និងខ្ទិះដូង។
វិធី ចម្អិនទឹកស៊ុបផ្លែឈើ : ជាទឹកស៊ុបដែលចម្រាញ់ចេញពីផ្លែប៉ោម សារី ម្នាស់ ការ៉ុត និងផ្លែឈើដទៃទៀតតាមចំណូលចិត្ត។ ទឹកស៊ុបនេះត្រូវបានរម្ងាស់ដោយប្រើភ្លើងចង្ក្រានធ្យូង រយៈពេលយូរដើម្បីឲ្យវាមានក្លិនឈ្ងុយ។
ពេលដែលទឹកស៊ុបទាំងពីរ មុខនោះឆ្អិនរួចរាល់ហើយ លោកអ្នកអាចចាប់ផ្ដើមទទួលទាន ដោយដាក់បន្លែ និងសាច់ ស្រុះក្នុងទឹកស៊ុបប្រភេទណាមួយក៏បាន ជាមួយទឹកជ្រលក់តាមចំណូលចិត្ត។
ប្រសិនបើលោកអ្នកចង់ដឹងថា ស៊ុប អាយហ៊្វូត នេះមានរសជាតិប្លែកមាត់យ៉ាងណានោះ សូមអញ្ជើញសាកល្បងភ្លក្សនៅភោជនីយដ្ឋានអាយហ៊្វូត ស្ថិតនៅផ្ទះលេខ ៤៩ ផ្លូវលេខ ១៦១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក។ ទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ២១៦ ៣៥៨ និង ០៩៨ ២១៦ ៣៥៨៕