
ភ្នំពេញ : ជម្រាបសួរមិត្តអ្នកអានភ្នំពេញ ប៉ុស្ដិ៍! សប្ដាហ៍នេះលោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែប្លែក ដោយសារយើងខ្ញុំនឹងនាំលោកអ្នកទៅកាន់ភោជនីយដ្ឋាន និងក្លិប LAVO ដែលទើបនឹងបើកថ្មី ដើម្បីស្វែងយល់ពីវិធីចម្អិនម្ហូបបរទេស ស៊ូស៊ីប្លូត្រាហ្គឹន (Sushi Blue Dragon) ដ៏មានឱជារសឈ្ងុយឆ្ងាញ់។
គ្រឿងផ្សំៈ
សម្រាប់ ធ្វើអាហារនេះលោកអ្នកត្រូវការគ្រឿងផ្សំដូចជា ផ្លែប៊័រ បាយជប៉ុន សារាយសមុទ្រជប៉ុន ឫស្សីសម្រាប់មូរបាយ ពងបង្គាខៀវ ពងត្រីសាលម៉ុន គ្រឿងហឹរជប៉ុនវ៉ាសាបិ មើមការ៉ុត ឆៃថាវផ្កាជប៉ុនពណ៌លឿង អន្ទង់សមុទ្រ និងទឹកស៊ីអ៊ីវជប៉ុន។
របៀបធ្វើ:
ដំបូងយើងត្រូវយកបាយជប៉ុនដែលចំហុយហើយមកដាក់ពីលើឫស្សីសម្រាប់មូរបាយបន្ទាប់មកដាក់សារាយពីលើបាយនោះហើយទើបដាក់អន្ទង់សមុទ្របន្ថែមពីលើសារាយសមុទ្រ។ ចាប់ផ្ដើមមូរបាយនោះនឹងឫស្សីឲ្យវាបានតឹងណែនទើបយកផ្លែប៊័រដាក់ ពីលើបាយដែលបានរុំរួច។
ដើម្បីឲ្យអាហារកាន់តែមានសោភណភាពស្អាត គឺយើងយកបាយដែលរុំហើយនោះយកវាមកកាត់ជាកង់រួចតម្រៀបគ្នាឲ្យចេញជារាងសត្វនាគ ហើយដាក់ពងបង្គាខៀវពីលើខ្លួននាគ និងដាក់ពងត្រីសាលម៉ុនធ្វើជាភ្នែកនាគហើយរៀបផ្លែការ៉ុតធ្វើ ជាប្រមោយវា និងដាក់ផ្កាជប៉ុនពណ៌លឿងនៅចំមាត់នាគជាគ្រឿងលម្អបន្ថែម។
ចំណែកឯមើមឆៃថាវវិញគឺហាន់ជាបន្ទះស្តើងៗរៀបចំដាក់ពីខាងក្រោយកន្ទុយនាគឲ្យកាន់តែស្អាតនៅពីលើចានបន្ថែម។
ប្រសិនបើលោកចង់ភ្លក្ស ស៊ូស៊ីប្លូត្រាហ្គឹន នេះសូមសាកល្បងទៅកាន់ភោជនីយដ្ឋាន និងក្លិប LAVO ដែលមានការតុបតែងបែបទំនើបស៊ីវិល័យ ជាមួយនឹងកៅអីសាឡុងដ៏ស្រស់ស្អាត និងប្រកបដោយផាសុកភាព។
ភោជនីយដ្ឋាន និងក្លិប LAVO មានអាសយដ្ឋាននៅផ្ទះលេខ ៩៣ E1 ផ្លូវលេខ២០៨ កែងមហាវិថីនរោត្តម ជិតធនាគារវឌ្ឍនៈ និងទាក់ទងតាមទូរស័ព្ទលេខ ០១២ ៩៧ ០០ ៩៣ និង ០៩៦ ២២២២ ៩៣៨៕