ភ្នំពេញ: ភោជនីយដ្ឋាន One More រចនាឡើងបែបខ្មែរបុរាណ ជាអគារធំស្កឹមស្កៃ ប្រក់ដំបូលគ្រឿងស្រកានាគដ៏ស្អាត។
ភោជនីយដ្ឋាន One More ផ្តោតទៅលើមុខម្ហូបខ្មែរជាចម្បងតែម្ដង សមនឹងរចនាប័ទ្មបែបខ្មែរដូចជាបង្កងឈូឈី បាយក្តាំងណាត្រីកប់ បុកកំពិស ប្រហុកអាំង សាច់ក្រកឦសាន និងស្ងោរជ្រក់ក្បាលត្រីឆ្កោកជាដើម។
ជាទូទៅរសជាតិស្ងោរជ្រក់ក្បាលត្រីឆ្កោកនៅតាមហាងគេនិយមប្រើទឹកស៊ុបឆ្អិនស្រាប់មកចម្អិន ខុសប្លែកពីស្ងោរជ្រក់នៅតាមស្រុកស្រែចម្ការ ឬនៅតាមផ្ទះ។
គ្រឿងផ្សំសាមញ្ញៗសម្រាប់ចម្អិនសម្លនេះមាន ក្បាលត្រីឆ្កោក ផ្សិតចំបើង ជីររណារ ជីរនាងវង ស្លឹកខ្ទឹម ម្ទេសដៃនាង ខ្ទឹមស គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ក្រូចឆ្មារ អំបិល ស្ករស ទឹកត្រី និងដុំស៊ុប។

មុនដំបូងត្រូវដាំទឹកឲ្យពុះ រួចសឹមដាក់ខ្ទឹមសដំ ស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃ។ បន្ទាប់មកទៀតចាប់ផ្ដើមដាក់ក្បាលត្រីស្ងោរ។ ប្រើវែកដួសពពុះពណ៌សដែលអណ្ដែតនៅខាងលើមាត់ឆ្នាំងចេញ។
បន្ទាប់មកទៀតចាប់ផ្ដើមដាក់គ្រឿងផ្សំរសជាតិមាន អំបិល ស្ករស ទឹកត្រី និងដុំស៊ុប។ នៅពេលដែលក្បាលត្រីឆ្អិនល្អ ត្រូវបង់ផ្សិតចំបើងចូលមួយរំពុះ រួចបិទភ្លើង។ ដួសសម្លដាក់ចាន ឬកូនឆ្នាំង រួចច្របាច់ក្រូចឆ្មារ ហើយបង់ជីរស្លឹកខ្ទឹម និងម្ទេសចូល នោះជាការស្រេច។
ភោជនីយដ្ឋាន One More ស្ថិតនៅតាមបណ្តោយផ្លូវ ៣១៥ ក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក៕