សៀមរាប: ហ៊ុមព័ទ្ធទៅដោយសំណាញ់បៃតង ភោជនីយដ្ឋាន សួនមេអំបៅ សម្បូរផ្កាចម្រុះពណ៌ ធ្វើឲ្យអ្នកមានអារម្មណ៍បីដូចជាកំពុងដើរក្នុងសួនច្បារ មានហ្វូងមេអំបៅហើរឆ្វែលឆ្វាត់ទំលើខ្លួនមនុស្សឥតខ្លាចក្រែង។
បើកដំណើរការតាំងពីឆ្នាំ ២០០៦ ហាងនេះដើមឡើយជាគំនិតរបស់ជនបរទេសម្នាក់ មុននឹងក្លាយជាកម្មសិទ្ធិរបស់ម្ចាស់ហាងជាខ្មែរ។
សួនមេអំបៅតាំងពីបើកភ្លាមសម្បូរតែភ្ញៀវជនជាតិបរទេសប៉ុណ្ណោះ តែលោក ឌុក ដេត ជាម្ចាស់ហាង បានព្យាយាមកែប្រែ ដើម្បីទាក់ទាញភ្ញៀវខ្មែរឲ្យបានច្រើន។
នៅក្នុងហាងនេះក្រៅពីមានម្ហូបខ្មែរដូចជា អាម៉ុក ប្រហុកខ្ទិះសាច់គោចិញ្ច្រាំ គោឡើងភ្នំ ការី គ្រឿងសមុទ្រអាំង បាយឆា ម្ហូបខ្មែរ អឺរ៉ុបជាច្រើនមុខនោះ អាហារពេញនិយមគឺ ស្តេកសាច់គោបែបខ្មែរ។
សាច់គោត្រូវបានគេប្រឡាក់ជាមួយប៊័រ អំបិល ម្រេច និងគ្រឿងផ្សំពិសេសផ្សេងទៀត។ ក្រោយមកយកទៅចម្អិនលើខ្ទះឲ្យឆ្អិនល្មម សាច់គោត្រូវបានរៀបដាក់ចានដែក អមដោយបន្លែឆ្អិនរួមមានដំឡូងបារាំង ផ្កាខាត់ណាស ផ្កាខាត់ណាបៃតង (ប្រូខូលី) ម្រេចខ្ចី សណ្ដែកបារាំង ដែលត្រូវបានចំហុយឲ្យឆ្អិនល្មម។
ក្រោយពីរៀបជីរនាងវង រួច ស្រូបទឹកជ្រលក់ម្រេចខ្ចីពីលើនោះជាការស្រេច។ ភោជនីយដ្ឋានសួនមេអំបៅ ស្ថិតនៅផ្លូវលេខ ២៥ ចន្លោះស្ទឹងសៀមរាប និងផ្លូវវត្តបូព៌ ទូរស័ព្ទលេខ ០១២ ៣៧១ ៣៣០៕