ភ្នំពេញ៖ ចំណូល​ចិត្ត​ទទួល​ទាន​ស្តេក​​ធ្វើ​ឲ្យ​​ស្រ្តី​មេផ្ទះ​ម្នាក់​បាន​ដាក់​ទុន​បើក​ភោជនីយដ្ឋាន​ស្តេក​សាច់​គោ​អាមេរិក​​​​មាន​រសជាតិ​ឆ្ងាញ់ និង​តម្លៃ​សមរម្យ​ ក្រោម​ការ​សហការ​​ពី​ក្រុម​គ្រួសារ​​របស់​អ្នកនាង​​។

ហាង ធូខៅ (Two Cows Steakhouse) បាន​ចាប់​ផ្តើម​អស់​​រយៈពេល​ ២ ឆ្នាំ ​​ជាមួយ​សាខា​ដំបូង​នៅ អ៊ីដិន ហ្គាដិន និង​សាខា​ទី ២ ទើប​បើក​បាន​ ​៣ ខែ ​នៅ​ម្ដុំ​ទួលទំពូង​។

អង្គុយ​ក្នុង​ភោជនីយដ្ឋាន​ដែល​មាន​ការ​តុបតែង​សាមញ្ញ​​ប្រកប​ដោយ​ផាសុកភាព ​​អ្នកនាង​ ត្រាំង​ មុយលី ជា​ម្ចាស់ហាង​​ ធូខៅ បាន​រៀបរាប់​ប្រាប់ ភ្នំពេញ​ ប៉ុស្ដិ៍​ ឲ្យ​ដឹង​ថា៖ «ហាង​នេះ​ខ្ញុំ​បើក​ចូល​ហ៊ុន​ជាមួយ​បង​ប្រុស​ និយាយ​​ទៅ​ដូច​ជា​មុខ​របរ​លក្ខណៈ​គ្រួសារ​ដែរ​ ហើយ​រូបមន្ត​វិញ​គឺ​បង​ថ្លៃ​ខ្ញុំ​ទៅ​រៀន​នៅ​ថៃ និង​វៀតណាម​»។

ស្តេក​សាច់​គោ​បន្ទះ​មាន​ ៥ រសជាតិ​​សម្រាប់​ភ្ញៀវ​ជ្រើសរើស​​គឺ រសជាតិ​ប្រចាំ​ហាង​ រសជាតិ​ដើម​ រសជាតិ​ម្រេច​ ​រស​ជាតិ​ឈីស​ និង​ហឹរ។ ស្ដេក​ទម្ងន់​ ១០០ ក្រាម​ ៥,៩០ ដុល្លារ និង ១៥០ ក្រាម​ ៦,៩០ ដុល្លារ​។

ស្តេក​សាច់គោ​ ស៊ុត ពោត ដំឡូងបារាំង នំប័ុង និង​សាលាដ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

សាច់គោ​ចម្អិន​រួច​ត្រូវ​បាន​ដាក់​ក្នុង​ចាន​ដែក​រាង​ពង​ក្រពើ​ជាមួយ​ស៊ុត​ចៀន​ជ័រព្នៅ​ លាយ​គ្រាប់​ពោត​ ដំឡូង​បារាំង​បំពង​ស្រួយ បន្ថែម​នំប៉័ង​មួយ​ដើម អម​ដោយ​​បន្លែ​សាលាដ​មួយ​។

ជាមួយ​ជម្រើស​​សាច់គោ​ស្ដេក​ក្នុង​កម្រិត​ឆ្អិន​​ពី​ ២០ ភាគរយ​ រហូត​ដល់​ឆ្អិន ១០០ ភាគរយ​ ម្ចាស់​ហាង​​បាន​បញ្ជាក់​ថា៖ «​​អ្នក​ដែល​ចេះ​ញ៉ាំ​ស្តេក​ គឺ​ជ្រើស​យក​កម្រិត​ឆ្អិន ៥០ ភាគរយ​ ពេញ​ឆ្ងាញ់​តែ​ម្តង ប៉ុន្តែ​បើ​សម្រាប់​ខ្មែរ​យើង​ពិសេស​ស្រីៗ​តែ​ម្តង​ អត់​ចំណូល​​របស់​ឆៅ​​​នៅ​ឈាម​ទេ​ ភាគ​ច្រើន​គាត់​យក​ឆ្អិន​ ១០០ ភាគរយ​តែ​ម្តង​»។

ផ្ទះបាយ​ ធូខៅ ​​​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ តែ​គ្រឿង​ផ្សំ​ចម្បង​ជា​សាច់​គោ​អាមេរិក ដើម្បី​រក្សា​រសជាតិ។

ធូខៅ មាន​ការ​តុបតែង​សាមញ្ញ និងមានផាសុកភាព​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ម្ចាស់​ហាង ធូខៅ បាន​បន្ត​ថា៖ «យើង​​​ធ្លាប់​បាន​សាកល្បង​ យក​សាច់​គោ​ផ្សេង​​ ដែល​ល្បី​ថា​ឆ្ងាញ់​ និង​មាន​គុណភាព​​ល្អ​មក​ចម្អិន ប៉ុន្តែ​រសជាតិ​​មិន​ដូច​​​សាច់​គោ​អាមេរិក​នោះ​ទេ។ សាច់​គោ​ទាំង​អស់​នោះ​រាង​ធូរ​ថ្លៃ​ជាង​សាច់​គោ​ដែល​ខ្ញុំ​យក​មក​ប្រើ​ទេ​ ប៉ុន្តែ​យើង​សុខ​ចិត្ត​យក​​របស់​ដែល​ល្អ​ហើយ​​ថ្លៃ​មក​ប្រើ​ ព្រោះ​មិន​ចង់​បាត់បង់​គុណភាព​នោះ​ទេ ដោយសារ​យើង​ក៏​ជា​អ្នក​ចូល​ចិត្ត​ញ៉ាំ​ដែរ​»។

អ្នកនាង​បន្ត​ថា៖ «​យើង​ក៏​ព្យាយាម​ដាក់​តម្លៃ​ឲ្យ​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ សុខ​ចិត្ត​យក​ចំណេញ​តិច​តួច ​ដើម្បី​ឲ្យ​ភ្ញៀវ​គ្រប់​រូប​មិន​ថា​​ជីវភាព​មធ្យម និង​អ្នក​មិន​សូវ​​មាន​លទ្ធភាព​ អាច​ញ៉ាំ​ស្ដេក​បាន​គ្រប់​គ្នា​»​។

ភ្ញៀវ​ក៏​អាច​សាកល្បង​​ ស្តេក​សាច់​មាន់​ បាយ​ឆា​គីម​ឈី មីហឹរ​ ស្លាប​មាន់​ផ្អែម មី​គាវ​​គោក ស៊ុប​គាវ បាយ​សាស៊ីវ និង​ខ្ទះ​ក្តៅ​តៅហ៊ូ​ជាមួយ​បាយ​ (ពី ៣,៥០ ទៅ ៤,៩០ ដុល្លារ)។

ធូខៅ សាខា​ទី២ ស្ថិត​នៅ​ផ្ទះ​លេខ ២១៥ ផ្លូវ​លេខ ១៥៥ សង្កាត់​ទួល​ទំពូង ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១២ ៣៣១ ៣៣៥ និង ០១៦ ២២១ ០០១៕

វីដេអូ៖