
ការរចនាផ្ទៃខាងក្នុង នៅហាង និងក្លិប LAVO និង ស្ដេកសាច់គោចំឡកពេលចម្អិនរួច នៅភោជនីយដ្ឋាន និងក្លិប LAVO។ រូបថត ឈឹម ស្រីនាង
ភ្នំពេញ : ជម្រាបសួរមិត្តអ្នកអានភ្នំពេញប៉ុស្ដិ៍! សប្ដាហ៍នេះលោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែប្លែក ដោយសារយើងខ្ញុំនឹងនាំលោកអ្នកទៅកាន់ភោជនីយដ្ឋាន និងក្លិប LAVO ដែលទើបនឹងបើកថ្មី ដើម្បីស្វែងយល់ពីវិធីចម្អិនម្ហូបបរទេស Grilled Striploin ឬស្ដេកសាច់ចំឡកដ៏មានឱជារសឈ្ងុយឆ្ងាញ់។
គ្រឿងផ្សំ : សាច់គោចំឡក៣០០ក្រាម ប៊ើរ ១ ស្លាបព្រាកាហ្វេ ខ្ទឹមក្រហមចិញ្ច្រាំ១កំពឹស ម្រេចខ្ចី៣០ក្រាម ស្រាបារាំង (Brandy) ១៥មិល្លីលីត្រ ទឹកជ្រលក់ធ្វើពីឆ្អឹងគោ (Brown Sauce) ៧៥មិល្លីលីត្រ ក្រែមចម្អិនម្ហូប២០មិល្លីលីត្រ អំបិលមួយចឹប ម្ទេស ដំឡូងបារាំង ខ្ទឹមស ស្នៀតពោត ការ៉ុត សណ្ដែកបារាំង ម្ទេសហាវៃ និងស្លឹកផាស្លី (Parsley)។
វិធីធ្វើ : ដំបូងត្រូវប្រឡាក់សាច់គោជាមួយអំបិលនិងម្ទេសម៉ដ្ឋហើយយកវាទៅអាំងនិងបន្ទាប់មកទៀតរៀបចំទឹកជ្រលក់ម្ទេសខ្ចី។ ដំណាក់កាលទីពីរដាក់ខ្ទះតូចមួយឲ្យក្តៅបន្តិចដាក់ប៊ើរចូលនិងខ្ទឹមក្រហមកូរវាឲ្យឈ្ងុយរួចហើយដាក់ម្ទេសខ្ចីប្រហែល១ទៅ២នាទីក្រោយទើបចាក់ស្រាចូល។ដំណាក់កាលបន្ទាប់មកទៀតចាក់ទឹកជ្រលក់ធ្វើពីឆ្អឹងគោចូល រួចកូរវាឲ្យសព្វ។ នៅពេលដែលវាពុះច្រូចស្រា និងរោយអំបិល ព្រមទាំងម្ទេសបន្តិច។ ដោយឡែកសម្រាប់បន្លែវិញ ត្រូវយកទៅ ចំហុយរួចរៀបដាក់ចានអមជាមួយសាច់គោដែលឆ្អិនស្រាប់ មុននឹងស្រូបទឹកជ្រលក់ នោះជាការស្រេច។
ប្រសិនបើលោកចង់ភ្លក្សស្ដេកសាច់ចំឡកនេះសូមសាកល្បងទៅកាន់ភោជនីយដ្ឋាន និងក្លិប LAVO ដែលមានការតុបតែងបែបទំនើបស៊ីវិល័យ ជាមួយនឹងកៅអីសាឡុងដ៏ស្រស់ស្អាត និងប្រកបដោយផាសុកភាព។ LAVO មានអាសយដ្ឋាននៅផ្ទះលេខ ៩៣ E1 ផ្លូវលេខ២០៨ កែងមហាវិថីនរោត្តម ជិតធនាគារវឌ្ឍនៈ និងទាក់ទងតាមទូរស័ព្ទលេខ ០១២ ៩៧ ០០ ៩៣ និង ០៩៦ ២២២២ ៩៣៨៕