ភ្នំពេញ៖ ពួក​គេ​មក​ពី​គ្រប់​ច្រកល្ហក​នៃ​រាជធានី​ភ្នំពេញ​បំណង​ស្វែងរក​ភោជនីយដ្ឋាន​ម្ហូប​ឥណ្ឌា​ដ៏​ល្អ​ ហើយ​ពួក​គេ​ព្យាយាម​ភ្លក្ស​​​ម្ហូប​គ្រប់​ហាង​​អាហារ​ឥណ្ឌា​ នៅ​​​ទីក្រុង​ភ្នំពេញ ទាំង​ខំ​រក​ស្រាវជ្រាវ​​​​ Google និង​ TripAdvisor តែ​ប្រែ​ជា​គ្មាន​សង្ឃឹម​ ខណៈ​អាហារ​ទាំង​នោះ​មិន​ត្រូវ​រសជាតិ​ដើម​។

ទី​បំផុត​​! ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​​តាមរយៈ​ការ​និយាយ​តៗ​គ្នា ពលរដ្ឋ​ឥណ្ឌា​នៅ​កម្ពុជា​បាន​រក​ឃើញ​ ស្វាហ្គាត់ ភោជនីយដ្ឋាន (Swagat Indian Restaurant) បម្រើ​មុខ​ម្ហូប​ឥណ្ឌា​ភាគ​ខាង​ជើង និង​ភាគ​ខាង​ត្បូង ដែល​ស្ថិត​លើ​វិថី​ ២៧៨ ក្បែរ​​វត្ដ​លង្កា។

ភោជនីយដ្ឋាន​តូច​មួយ​ ដែល​មាន​កៅអី​សម្រាប់​ភ្ញៀវ ២៦ នាក់​ ពេល​នេះ ស្វាហ្គាត់ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ជនជាតិ​​ឥណ្ឌា​ជា​ភោជនីយដ្ឋាន​ល្អ​បំផុត​សម្រាប់​អ្នក​និយម​អាហារ​​ឥណ្ឌា​រសជាតិ​ដើម​។

តាំង​ពី​បើក​ទ្វារ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ភោជនីយដ្ឋាន​បាន​ទទួល​ទាំង​ភ្ញៀវ​អាល្លឺម៉ង់ ជប៉ុន កូរ៉េ​ ម៉ាឡេស៊ី សិង្ហបុរី បារាំង ម៉ិកស៊ិក ប្រេស៊ីល ឥណ្ឌូនេស៊ី និង​អាហ្វ្រិក​ខាង​ត្បូង ដែល​​ភាគ​ច្រើន​បាន​ក្លាយ​ជា​ម៉ូយ​ប្រចាំ​ទៅ​ហើយ​។

នាយក​ប្រតិបត្ដិ​ផ្នែក​ទំនាក់ទំនង​វិទ្យាសាស្ដ្រ Prashanth Shetty ជា​ភ្ញៀវ​ប្រចាំ បាន​មក​សាក​ម្ហូប​នៅ ​ស្វាហ្គាត់ ដោយ​ចៃដន្យ​ ក្រោយ​ពី​​បាន​ជួប Ashok Kumar ជា​ម្ចាស់​ហាង​​​ ខណៈ​កំពុង​ដើរ​លើ​ដង​ផ្លូវ​ ២៧៨​។

អ្នក​​​ចូលចិត្ដ​សាក​ហាង​អាហារ​​ថ្មីៗ​រូប​នេះ​បាន​ថ្លែង​ថា​៖ «​ប៉ុន្ដែ​ខ្ញុំ​បាន​បើក​ចិត្ដ​ទូលាយ​ និង​បាន​សម្រេច​ចិត្ដ​សាកល្បង​មើល​។ មែន! ខ្ញុំ​ពេញ​ចិត្ដ​នឹង​អាហារ​ទី​នេះ ហើយ​ខ្ញុំ​ក៏​ឧស្សាហ៍​មក​ទី​នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ ឥឡូវ​ខ្ញុំ​ក្លាយ​ជា​ភ្ញៀវ​ប្រចាំ​ និង​ជា​ផ្នែក​មួយ​នៃ​ក្លិប ស្វាហ្គាត់ ផង​​ដែរ​»។

ម្ហូបដ៏ពេញនិយមកុម្ម៉ង់ ​Chicken Garlic tikka។ រូបថត Joshua Purushotman

លោក Frank Reichardt ជនជាតិ​អាល្លឺម៉ង់ ដែល​ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​​ក្រាហ្វិក​មួយ​ ក៏​លាន់​មាត់​ថា​ចូល​ចិត្ដ​អាហារ​ ស្វាហ្គាត់​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​ចូល​ចិត្ដ​អាហារ​ហឹរ ពេល​ខ្ញុំ​ធ្វើ​ការ​នៅ​ឥណ្ឌា​មួយ​​រយៈ និង​កាន់​តែ​ចូលចិត្ដ​រសជាតិ​អាហារ​នៅ​ទី​នោះ​។ មិន​ខុស​ពី​អ្នក​ដទៃ ខ្ញុំ​ក៏​​ខំ​រក​ហាង​ម្ហូប​ឥណ្ឌា​​​ល្អ​នៅ​ក្នុង​ភ្នំពេញ​ផង​ដែរ​»។

លោក​បន្ដ​ថា​៖ «​ជឿ ឬ​មិន​ជឿ​! នៅ​អាល្លឺម៉ង់​​មាន​ភោជនីយដ្ឋាន​ឥណ្ឌា​ល្អៗ​​ជាង​នៅ​​កម្ពុជា​នេះ​ទៅ​ទៀត​ ហើយ​ខ្ញុំ​ស្ទើរ​​តែ​បោះបង់​ការ​តាម​រក​ហាង​ល្អៗ​រហូត​ដល់​ខ្ញុំ​ត្រូវ​បាន​ណែនាំ​ឲ្យ​មក​ហាង​ ស្វាហ្គាត់​ នេះ​»។

ជា​ម៉ូយ​ប្រចាំ​ម្នាក់​ទៀត Amaladass Singarayer ជា​នាយក​ផ្នែក​សេវាកម្ម​នៅ​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​នៅ​​កម្ពុជា។ លោក​បាន​និយាយ​ថា លោក​ចូលចិត្ដ​បរិស្ថាន​កក់​ក្ដៅ និង​ស្រស់​ស្រាយ​នៅ​ ស្វាហ្គាត់​​។

លោក​ Amaladass បាន​ឲ្យ​ដឹង​ថា៖ «​វាជា​ភោជនីយដ្ឋាន​តូច​ដែល​មិន​ខុស​ពី​ផ្ទះ​របស់​យើង​​ទេ​។ បុគ្គលិក​មាន​ភាព​រាក់​ទាក់ តែ​សំខាន់​បំផុត អាហារ​មាន​រសជាតិ​ល្អ​។ ស្វាហ្គាត់ រំលេច​​ដោយ​អាហារ​ឥណ្ឌា​មក​ពី​ភាគ​ខាង​ជើង និង​ខាង​ត្បូង​ ដែល​លោក​អ្នក​អាច​រក​បាន​នៅ​​​ភ្នំពេញ។ ចំណូល​ចិត្ដ​​​ខ្ញុំ​គឺ​ ម៉ាសាឡា ត្រប់​វែង​ជាមួយ​នំ​បន្ទះ​​ខ្ទឹម​ស និង​ដាមប៊ីយ៉ានី​»។

ស្វាមីភរិយាលោក Ashok និង​អ្នកស្រី ណាវី​។ រូបថត Joshua Purushotman

លោក Ashok មក​ពី​បាងហ្គាឡូ ភាគ​ខាង​ត្បូង​ប្រទេស ​ឥណ្ឌា​។ លោក​មក​កាន់​កម្ពុជា​តាំង​ពី ១៦ ឆ្នាំ​មុន ​ដើម្បី​បំពេញ​ការងារ​ឲ្យ​ក្រុមហ៊ុន​ឱសថ​ស្ថាន​មួយ​​ ហើយ​ក៏​ជាប់​ចិត្ត​នឹង​​នារី​​ខ្មែរ​​ឈ្មោះ ព្រំ ណាវី​។ ប្ដី​ប្រពន្ធ​ទាំង ​២ បាន​រៀប​ការ​ ៨ ឆ្នាំ​ និង​មាន​កូន​ ២ នាក់​ អាយុ ៧ និង ៣ ឆ្នាំ​។

លោក​​និយាយ​ថា​៖ «​ខ្ញុំ​ចាប់​ផ្ដើម​បើក​ភោជនីយដ្ឋាន​ ដោយសារ​​ខ្ញុំ​​នឹក​អាហារ​ឥណ្ឌា​ឆ្ងាញ់​ៗ​​​។ ខ្ញុំ​ព្យាយាម​ភ្លក្ស​នៅ​ភោជនីយដ្ឋាន​​ជា​​ច្រើន តែ​រមែង​ខ្វះ​គ្រឿង​ផ្សំ​មួយ​ចំនួន​។ ខ្ញុំ​ចូលចិត្ដ​អាហារ ហើយ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ខុស​ប្លែក​ទាំង​គុណភាព និង​រសជាតិ​នៃ​អាហារ​ឥណ្ឌា​»​។

លោក​បាន​បន្ដ​ថា​៖ «​ក្រៅ​ពី​នេះ ខ្ញុំ​ចង់​មាន​ភោជនីយដ្ឋាន​ដែល​ជនជាតិ​ឥណ្ឌា​អាច​មក​រីករាយ​អាហារ​ផ្ទះ​ មិន​ខុស​អី​ពី​ក្រុម​គ្រួសារ​មក​ពី​ឥណ្ឌា​​ផង​ដែរ។ ប៉ុន្ដែ​ខ្ញុំ​មិន​អាច​សម្រេច​ទៅ​បាន​ដោយ​ខ្វះ​ជំនួយ​ និង​ការ​គាំទ្រ​ពី​ភរិយា​ឡើយ​។ ណាវី តែងតែ​នៅ​​ចាំ​ជួយ​ខ្ញុំ​ជានិច្ច​ ជា​ពិសេស​អំឡុង​ពេល​ដំណើរការ​ដំបូង​ៗ​ ពេល​យើង​ពិបាក​ស្វែងរក​ភ្ញៀវ​​។ ស្វាហ្គាត់ ល្បី​​តាម​សម្ដី​ភ្ញៀវ​​ ដោយ​​ខ្ញុំ​មិន​ដែល​ផ្សព្វផ្សាយ​ ឬ​ដើរ​ទីផ្សារ​អ្វី​ឡើយ​»។

លោក Ashok អះអាង​ថា មុខ​​ម្ហូប​ពេញ​និយម​របស់​លោក​មួយ​​ចំនួន ដូចជា សាច់​មាន់​ខ្ទឹម​​​ស​ដោត​ចង្កាក់ (chicken garlic tikka) សាច់​មាន់​តានដូរី ​(chicken tandoori) ខ្ទឹម​ស ​ផាកូដា ​(onion pakoda) និង​​ដាមប៊ឺយ៉ានី ​(dum biryani) គឺ​ជា​សំណព្វ​ចិត្ដ​របស់​ភ្ញៀវ​គ្រប់​ពេល​​​​​។

ឆ្លើយ​នឹង​មូលហេតុ​ដែល​ភ្ញៀវ​​ប្រចាំ​ហៅ​ ស្វាហ្គាត់​ ជា​ភោជនីយដ្ឋាន​ឥណ្ឌា​ល្អ​បំផុត​ក្នុង​ក្រុង​​ភ្នំពេញ លោក Ashok បាន​ប្រាប់​ថា វា​ផ្ដើម​ចេញ​ពី​ឆន្ទៈ​ដ៏​ពិត​ប្រាកដ​។

លោក ​Ashok បាន​ឲ្យ​ដឹង​ថា មេចុង​ភៅ​របស់​លោក​ម្នាក់​មក​ពី​នេប៉ាល់ និង​ ២ នាក់​ទៀត​​មក​ពី​ឥណ្ឌា​។ ពួក​គេ​ត្រូវ​បាន​ជួល​ឡើង​យ៉ាង​ពិសេស​ចំពោះ​ជំនាញ​ខាង​ចម្អិន​ម្ហូប​ភូមិ​ភាគ​ខាង​ជើង និង​ខាង​ត្បូង។

លោក​បាន​បញ្ជាក់​ថា​៖ «​អាហារ​របស់​យើង​ទាំង​អស់​ត្រូវ​បាន​​ចម្អិន​ឡើង​ថ្មីៗ​។ យើង​ដឹង​ថា យើង​អាច​លក់​ម្ហូប​ប៊ឺយ៉ានី ប្រមាណ ២០ ចាន ​ក្នុង ​១ ​ថ្ងៃ​​។ ដូច្នេះ​យើង​រៀបចំ​តែ​ប៉ុណ្ណឹង​នោះ​ទេ​។ បើ​អតិថិជន​កុម្ម៉ង់​ប៊ឺយ៉ានី ក្រោយ​អស់​​ពី​ស្ដុក យើង​គ្រាន់​តែ​សុំទោស និង​ប្រាប់​ពួក​គេ​ថា យើង​មិន​មាន​ទៀត​ទេ​។ សូម្បី​តែ​សាច់ បន្លែ និង​គ្រឿង​ផ្សំ​ដទៃ​ទៀត ត្រូវ​បាន​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ និង​ស្រស់ៗ​។ នេះ​ធ្វើ​ឲ្យ​មាន​ភាព​ខុស​​ប្លែក​យ៉ាង​​ខ្លាំង​ចំពោះ​គុណភាព​ និង​រសជាតិ​អាហារ»។

លោក​បាន​លើក​ឡើង​ទៀត​ថា៖ «​ខ្ញុំ​គ្រាន់​តែ​រក​ប្រាក់​ចំណេញ​តិច​តួច​ពី​ការ​បើក​ភោជនីយដ្ឋាន​នេះ​ប៉ុណ្ណោះ​ តែ​ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​អតិថិជន​មក​រីករាយ​នឹង​អាហារ​ល្អ​ៗ​ពិតមែន​»​៕ Joshua Purushotman

វីដេអូ៖