ភ្នំពេញ: ជារៀងរាល់ថ្ងៃនាពេលរសៀល កន្លែងលក់ខ្ចៅដូង និងគ្រឿងម្ជូរមួយកន្លែងដែលស្ថិតនៅក្រោយសាលាបាក់ទូក តែងតែមានសភាពអ៊ូអរជានិច្ច។
ជាមួយនឹងស្លាកយីហោសរសេរថា «ហាងខ្ចៅសាងស្នេហ៍» ទាំងអ្នកលក់ និងអតិថិជនភាគច្រើនគឺជាយុវវ័យតែម្ដង ខណៈដែលភ្ញៀវវ័យចំណាស់បន្តិចនិយមខ្ចប់អាហារសម្រន់នេះយកទៅទទួលទានជំនួសឲ្យការអង្គុយញ៉ាំនៅក្នុងហាងផ្ទាល់តែម្ដង។
ស្ថិតនៅពីក្រោយផ្ទាំងក្រណាត់ដែលគេចងបាំងកម្ដៅថ្ងៃ តុកៅអីឈើវែងៗមានយុវតី និងយុវជនក្មេងៗអង្គុយចាក់ខ្ចៅបណ្ដើរ ជជែកគ្នាលេងនិងសើចយ៉ាងក្អាកក្អាយផងដែរ។
ហាងខ្ចៅសាងស្នេហ៍ដែលដំណើរការយ៉ាងជោគជ័យជាច្រើនឆ្នាំមកហើយនោះគឺ ខ្ចៅនីមួយៗមានទំហំធំល្មម និងមានសាច់ពេញៗសម្បកតែម្ដង។ ខ្ចៅដូងចំហុយក្ដៅៗនេះត្រូវបានគេញ៉ាំជាមួយទឹកជ្រលក់២ជម្រើសគឺ ទឹកម្រេចក្រូចឆ្មារ និងទឹកត្រីម្ទេសក្រហមឆ្អៅ។
ទឹកជ្រលក់ទាំងពីរបែបនេះមានរសជាតិឆ្ងាញ់ម៉្យាងម្នាក់។ ទឹកម្រេចក្រូចឆ្មារមានការលាយគ្រឿងឆ្ងាញ់ល្មម រីឯទឹកត្រីម្ទេសមានឈ្ងុយក្លិនស្លឹកគ្រៃ និងខ្ទឹមសយ៉ាងឆ្ងាញ់។ អតិថិជនមួយចំនួនថែមទាំងសាកល្បងយកទឹកជ្រលក់ទាំងពីរមុខនេះលាយចូលគ្នាបង្កើតបានជាទឹកជ្រលក់មួយបែបថ្មី មានរសជាតិកាន់តែប្លែកដើម្បីញ៉ាំជាមួយខ្ចៅនេះ។
នៅហាងខ្ចៅសាងស្នេហ៍ ខ្ចៅមួយចានមានតម្លៃ៣ពាន់រៀល៕