ភ្នំពេញៈ ផ្តើមចេញ​ពី​ការចូលចិត្ត​ញ៉ាំ​អាហារ​គ្រឿង​សមុទ្រ​ជាមួយ​នឹង​ទឹកជ្រលក់​ហឹរ​ខ្លាំង ម្ចាស់​ហាង Holy Lobster (​ហូលី ឡបស្ទើរ​) បាន​បើក​ដំណើរការ​ហាង​របស់​ខ្លួន​ប្រមាណ​ជាង​កន្លះ​ឆ្នាំ និង​កំពុង​ទទួល​បាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​ដែល​ចូលចិត្ត​រសជាតិ​ម្ហូប​ក្រៅ​ផ្ទះ​។

ម្ចាស់​ហាង​ហូលី ឡបស្ទើរ បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​ចូលចិត្ត​ដើរលេង ហើយ​ញាំ​គ្រឿង​សមុទ្រ តែ​ខ្ញុំ​ឃើញ​ថា​នៅ​ភ្នំពេញ​យើង កន្លែង​លក់​បង្កង​អាំង គ្រឿង​សមុទ្រ​អីហ្នឹង អត់​មាន​ច្រើន​កន្លែង​ទេ ហើយ​តម្លៃ​ថ្លៃ​ទៀត បើ​មាន​ភាគច្រើន​នៅ​តាម​ហាង​ប៊ូហ្វេ អ៊ីចឹង​ខ្ញុំ​ក៏​នឹក​បង្កើត​កន្លែង​លក់​គ្រឿង​សមុទ្រ​ហូលី ឡប​ស្ទើរ​ហ្នឹង​»​។

ជាមួយ​ការតុបតែង​ហាង​ដោយ​តាំង​បង្ហាញ​នូវ​រូបភាព​ម្ហូប​ជាច្រើន​ប្រភេទ​នៅលើ​ជញ្ជាំង ហាង ហូលី ឡបស្ទើរ មាន​ម្ហូប​ពិសេស​ប្រចាំ​ហាង​ដូចជា បង្កង​អាំង​អំបិល ចាន​តូច​តម្លៃ ៣៥ ០០០ រៀល និង​ចាន​ធំ តម្លៃ ៤៥០០០ រៀល ក្តាម Holy (​ហូលី​) តម្លៃ ២៨ ០០០ រៀល ត្រី​សាំបាក់​បំពង តម្លៃ ១៥ ០០០ រៀល ងាវ​អប់​ទឹកស៊ីអ៊ីវ តម្លៃ​ ១២០០០ រៀល ប្រហិត​ក្រឡុក ៨ ០០០ រៀល តៅ​ហូ និង​មឹកអាំង ១ ​ចង្កាក់​តម្លៃ ២ ០០០ ​រៀល​។

ជាមួយ​ការរចនា​រូបភាព​ម្ហូប​ស្អាតៗ និង​សំណេរ​ប្លែកៗ​ភ្ញៀវ​ក៏​មិន​រំលង​លើក​ទូរស័ព្ទ​ថត​សែលហ្វ៊ី​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

បន្ថែម​ពី​នេះ ហូលី ឡបស្ទើរ ក៏​មាន​អាហារ​បែប​គ្រឿង​សមុទ្រ​ជាច្រើន​ទៀត​ដូចជា ក្តាម​អាំង​គ្រឿង​ម្ទេស តម្លៃ​ ២៤០០០ រៀល ក្តាម​បំពង​ខ្ទឹមស តម្លៃ​ ២៤ ០០០ ​រៀល បង្កង​ឆា​ជូរអែម តម្លៃ​ ១៨ ០០០ ​រៀល បង្គា​ញាំ​ស្វាយ​ខ្ជី តម្លៃ​ ១២ ០០០ រៀល ព្រុយ​ត្រី​សាលម៉ុន​អប់​ទឹក​ស៊ីអ៊ីវ​តម្លៃ ១០ ០០០ ​រៀល រួមទាំង​អាហារ​ចង្កាក់ និង​អាហារ​ផ្សេង​ជាច្រើន​មុខ​ទៀត​។

សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​ចម្ងាយ​ជិត​តម្លៃ ១ ​ដុល្លារ​ឆ្ងាយ ២ ​ដុល្លារ និង​ក្រៅ​ក្រុង​តម្លៃ ៣ ​ដុល្លារ​។

ទន្ទឹម​នឹង​នេះ​កញ្ញា​ម្ចាស់​ហាង វ័យ​ ២៥ ឆ្នាំ​រូបនេះ​បាន​បង្ហាញ​ពី​ចំណុច​ពិសេស​របស់​ហាង​ខ្លួន​ថា​៖ «​យើង​មាន​គ្រឿង​សមុទ្រ​ធានា​ថា​ធម្មជាតិ​គឺ​យើង​យក​មក​ផ្ទាល់ ហើយ​តម្លៃ​វិញ​គឺ​សមរម្យ​។ មួយ​ទៀត​យើង​មាន​គ្រឿង​ផ្សំ​ពិសេស​ប្រចាំ​ហាង ជាពិសេស​ទឹកជ្រលក់​ធានា​ថា​ឆ្ញាញ់​ប្លែក​»​។ ​សម្បូរ​ទៅ​ដោយ​អាហារ​ចម្រុះ​អាំង បំពង ស្ងោរ អប់ ឆា ហាង​ហូលី ឡបស្ទើរ មាន​ទឹក​ជ្រលក់​បី​រសជាតិ ឆ្ញាញ់​ជាប់​ចិត្ត​គឺ​ទឹកជ្រលក់​ជួរអែម​ទឹកជ្រលក់​គ្រឿង​សមុទ្រ និង​ទឹកជ្រលក់​ពណ៌​បៃតង​ដែល​មាន​រសជាតិ​ហឹរ​ខ្លាំង​ត្រូវ​ចិត្ត​អ្នក​ចូលចិត្ត​ញាំ​ហឹរ​។

ចាប់​បើក​ទទួល​ភ្ញៀវ​ពី​ម៉ោង ១១ ព្រឹក​ដល់​ម៉ោង ១០ យប់​ហូលី ឡបស្ទើរ​មាន​បុគ្គលិក​រួសរាយ​រាក់ទាក់​ដែល​ភាគច្រើន​ជា​សិស្ស​និស្សិត ទំនេរ​ពី​ការសិក្សា​ធ្វើការ​ក្រៅ​ម៉ោង​រកប្រាក់​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​។

នៅក្នុង ១ ថ្ងៃ​ហាង ហូលី ឡបស្ទើរ​ទទួល​ភ្ញៀវ​បាន​ប្រមាណ​ជាង ២០០ នាក់​ហើយ​ពេល​ខ្លះ​ក៏​ពុំ​មាន​កន្លែង​សម្រាប់​ទទួលភ្ញៀវ​ថែម​ទៀត​ផង​។ ម្ចាស់​ហាង​គ្រោង​នឹង​ពង្រីក​ទំហំ​ហាង​ក៏​ដូចជា​បន្ថែម​សាខា​របស់​ខ្លួន​បន្ថែម​ទៀត​ផង​ដែរ​។

ហាង ហូលី ឡបស្ទើរ មាន​ទីតាំង​នៅ​តាម​បណ្តាយ​ផ្លូវ​ ១១៨ ជាប់ Gogi Korean BBQ ក្រោយ KIO សាខា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ទំនាក់ទំនង​ទូរស័ព្ទ ០១០ ២២៥៥១១ និង​ហ្វេសប៊ុក​ឈ្មោះ Holy Lobster៕

វីដេអូ៖