ភ្នំពេញ៖ រចនាប័ទ្មពណ៌ខៀវ និងសតុបតែងលម្អក្នុងហាងតាំងពីជញ្ជាំង កៅអី និងតុ ត្រូវបានបន្ថែមសោភណភាព ដោយទេសភាពក្រិក ដាក់តាំងពេញហាង ជាពិសេសរូបឆ្នេរសមុទ្រសាន់ថារីនី។
ឈ្មោះហាង Elia Greek Kitchen Phnom Penh ត្រូវបានដាក់តំណាងឱ្យអត្តសញ្ញាណ ដោយ Elia ជាឈ្មោះផ្លែអូលីវតំណាងប្រទេសនេះ។
Yigit Altug ជាម្ចាស់ហាងជនជាតិក្រិក បានមកកម្ពុជាកាលពី ៤ ឆ្នាំមុន និងបានបើកសណ្ឋាគារដំបូងនៅទឹកដីសៀមរាប។
លោក Yigit ដែលបានបញ្ចប់ការសិក្សាពីសណ្ឋាគារ និងទេសចរណ៍បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «មកទល់ពេលនេះ ហាងយើងនៅសៀមរាបបើកបានរយៈពេល ២ ឆ្នាំកន្លះហើយ។ ឯនៅភ្នំពេញនេះ ជាហាងទី៣ របស់យើង ព្រោះភ្ញៀវនៅឯសៀមរាបបាននាំគ្នាចេះតែសួរថា ម៉េចមិនបើកនៅភ្នំពេញ។ ពេលនោះខ្ញុំក៏មកមើលស្ថានភាពនៅភ្នំពេញ ឃើញថាវាជាកន្លែងប្រមូលផ្ដុំមានសក្ដានុពល»។
នៅខែកញ្ញា ឆ្នាំ ២០២០ Elia Greek Kitchen Phnom Penh ក៏បានរំលេចរូបរាងនៅដងវិថី ១២៣ ម្ដុំទួលទំពូង រាជធានីភ្នំពេញ ដោយទទួលបានអតិថិជនគ្រប់វ័យ គ្រប់ជាតិសាសន៍ ចំនួនជាង ២០០ នាក់ឯណោះ ក្នុង ១ ថ្ងៃ។
អ្នកដែលស្គាល់វប្បធម៌អាហារក្រិក និងបានមកដល់ទីនេះ បានសម្ដែងអារម្មណ៍ថា Elia Greek Kitchen ធ្វើឱ្យពួកគេនឹកដល់ដែនដីក្រិក និងអាហារដ៏ឆ្ងាញ់នៅទីនោះ។
ក្នុងចំណោមអាហារក្នុងបញ្ជីមុខម្ហូប លោក Yigit បានរំលេចម្ហូបដ៏លេចធ្លោជាងគេ ដោយរៀបរាប់យ៉ាងដូច្នេះថា៖ «មូសាកា (Moussaka) របស់យើងតែងទទួលបានការសរសើរពីអតិថិជន ពួកគាត់បាននិយាយថា នេះជាមូសាកា ដែលឆ្ងាញ់បំផុតតាំងពីពួកគាត់បានសាកល្បងកន្លងមក»។
ដើម្បីរក្សារសជាតិដើម លោកបានបញ្ជាក់ថា៖ «គ្រឿងផ្សំយើងអាចនិយាយបានថា ជាចំណុចពិសេសរបស់យើង ព្រោះភាគច្រើនយើងនាំចូលពីខាងក្រៅទាំងអស់ សាច់យកមកពីនូវែលសេឡង់ សាច់គោពីអូស្ត្រាលី ឈីសយកពីបារាំង សូម្បីតែខ្លាញ់ យើងទិញធម្មជាតិតែម្ដង គឺយើងសម្រិតសម្រាំងខ្លាំងណាស់»។
ជម្រើសមុខម្ហូបមានសមភាពរវាងអាហារបួស និងអាហារសាច់ តម្រូវសម្រាប់ភ្ញៀវគ្រប់ប្រភេទ។
អាហារមួយមុខៗត្រូវបានដាក់ទទួលភ្ញៀវក្នុងបរិមាណច្រើន ជាមួយតម្លៃសមរម្យ។
ម៉ូសាកា តម្លៃ ៨,៥ ដុល្លារ ជាម្ហូបប្រពៃណីក្រិក ចម្អិនជា ៦ ស្រទាប់៖ ទី១ ដំឡូង ទី២ ត្រប់ ទី៣ សាច់ចិញ្រ្ជាំ ទី៤ ទឹកប៉េងប៉ោះស្រស់ ទី៥ ទឹកជ្រលក់ក្រិកពណ៌សធ្វើពីទឹកដោះគោ និងស្រទាប់ចុងក្រោយគឺឈីស។
សាច់ចម្រុះ (Mix meat platter) តម្លៃ ១៥,៥ ដុល្លារ សម្រាប់ម្នាក់ និងសម្រាប់ ២ នាក់ តម្លៃ ២៧,៥ ដុល្លារ រួមមានសាច់ក្រក សាច់មាន់ សាច់គោ ដំឡូងបំពង សាឡាដក្រិក និងទឹកជ្រលក់ ៤ ប្រភេទ។
ប៉ាស្តាគ្រឿងសមុទ្រ ៨,៥ ដុល្លារ ចម្អិនដោយប្រើគ្រឿងសមុទ្រ ២ ខាំកន្លះ ដូចជា បង្គា គ្រំ និងទឹកគ្រីមបន្ថែមរសជាតិ។
ក្រៅពីមោទនភាពនឹងហាងរបស់ខ្លួនអាចផ្ដល់សេវាកម្មរហ័សទាន់ចិត្តក្នុងបរិយាកាសតន្ត្រីក្រិកបង្ហើរកំដរអារម្មណ៍នោះ ម្ចាស់ហាងដ៏រួសរាយរាក់ទាក់ តែងស្វាគមន៍រាល់ការសំណេះសំណាលរាប់អានបង្កើតមិត្តភាពជាមួយភ្ញៀវ។ លោក Yigit និយាយថា៖ «វាមិនត្រឹមជាអាហារដ្ឋានទេ តែវាជាកន្លែងជួបជុំគ្នាលម្ហែអារម្មណ៍»។
ខណៈដែល Elia Greek Kitchen ទទួលបានភ្ញៀវចម្រុះជាតិសាសន៍ តែអ្វីដែលម្ចាស់ហាងរីករាយបំផុតនោះ គឺការបានឃើញវត្តមានជនជាតិខ្មែររីករាយជាមួយនឹងអាហារក្រិករបស់លោក។
លោកបាននិយាយថា៖ «ខ្ញុំចង់ឱ្យជនជាតិខ្មែរបើកចិត្តក្នុងការសាកល្បងម្ហូបថ្មីៗ។ ខ្ញុំជឿថា បរទេសគាត់ស្គាល់អាហារប្រទេសខ្ញុំច្រើនហើយ តែខ្ញុំចង់ឱ្យខ្មែរគាត់បានសាកល្បង។ ខ្ញុំសប្បាយចិត្តដែលជនជាតិខ្មែរបានសាកអ្វីថ្មីៗ»។
លោក Yigit និយាយថា៖ «ខ្ញុំមិនមែនមកដើម្បីតែរកលុយទេ តែបង្ហាញពីម្ហូបខ្ញុំច្រើនជាង»។
មានទីតាំងនៅផ្លូវ ១២៣ កែងផ្លូវ ៤៤ ម្ដុំផ្សារទួលទំពូង Elia Greek Kitchen Phnom Penh ចាប់បើកពីម៉ោង ១១ ព្រឹកដល់ ១១ យប់ និងដល់ ១២ យប់នៅថ្ងៃចុងសប្ដាហ៍៕
វីដេអូ៖