ភ្នំពេញ៖ ស្ថិតនៅទីតាំងមិនសូវអ៊ូអររំខានសោតា ហាង Hawaii Noodle ផ្ដោតលើរសជាតិអាហារបែបហុងកុង និងម៉ាឡេស៊ី ដ៏ឆ្ងាញ់ និងសម្បូរបែប ដែលគ្រប់គ្រាន់ក្នុងការទាក់ចិត្តភ្ញៀវឱ្យត្រឡប់មកម្ដងហើយម្ដងទៀត។
អ្នកស្រី ដួង ដានី ជាម្ចាស់ហាងជនជាតិខ្មែរដែលមានស្វាមីជាជនជាតិម៉ាឡេស៊ី បានប្រាប់ពីការបើកហាងថា៖ «ខ្ញុំដំបូងឡើយត្រឹមតែជាស្រ្តីមេផ្ទះមួយរូបប៉ុណ្ណោះ តែដោយសារតែចូលចិត្តធ្វើម្ហូប និងក្រោយពីទទួលបានការសរសើរពីមិត្តភក្ដិថា ធ្វើម្ហូបឆ្ងាញ់ផង ទើបខ្ញុំក៏សម្រេចចិត្តបើកសាកល្បងហើយក៏ជោគជ័យ»។
តែម្ចាស់ហាងរូបស្រស់នេះក៏បានបញ្ជាក់ថា៖ «ខ្ញុំជាអ្នកចេញតែមុខម្ហូបខ្មែរប៉ុណ្ណោះ សម្រាប់មុខម្ហូបម៉ាឡេ និងហុងកុងស្វាមីខ្ញុំជាអ្នកចេញព្រោះគាត់ធ្លាប់មានបទពិសោធជាច្រើនឆ្នាំនៅភោជនីយដ្ឋាននៅហុងកុង»។
ហាង Hawaii Noodle មានលក្ខណពិសេសត្រង់ហាងមានដាក់បម្រើម្ហូប ៧ មុខសំខាន់ៗ តែ ១ ថ្ងៃ គឺមានមុខម្ហូប តែ ១ មុខប៉ុណ្ណោះ។
ឧទាហរណ៍ថ្ងៃចន្ទ មានមុខម្ហូបមីបង្គាហុកគៀន។ អតិថិជនដែលចង់ញ៉ាំម្ហូបនេះ ពួកគាត់អាចមកញ៉ាំនៅថ្ងៃចន្ទ។
សម្រាប់មុខម្ហូបពិសេស ៦ មុខទៀត អតិថិជនបើចង់ញ៉ាំគឺគាត់អាចមកតាមកាលវិភាគក្នុងម៉ឺនុយមុខម្ហូបបាន។
មុខម្ហូបនេះវាពិសេសព្រោះវាជាម្ហូបដើមរបស់ម៉ាឡេស៊ីតែម្ដង ហើយវាប្រៀបដូចជាម្ហូបតំណាងប្រទេសដែលអ្នកស្រី ដានី បានរៀបរាប់ថា៖ «ដូចជាជនជាតិខ្មែរយើងពេលគាត់នៅបរទេសហើយគាត់បានញ៉ាំសម្លការី នំបញ្ជុកខ្មែរ ឬកកូរ ពួកគាត់សប្បាយចិត្តណាស់ ហើយម្ហូបនេះក៏ដូចជាម្ហូបពិសេសដែលជនជាតិម៉ាឡេស៊ីញ៉ាំហើយរីករាយ និងធ្វើឱ្យនឹកដល់ប្រទេសកំណើតរបស់គាត់ផងដែរ»។
តែមុខម្ហូបក្រៅពី ៧ មុខសំខាន់ ហាងក៏មានមុខម្ហូបជាប់នៅក្នុងម៉ឺនុយជាប់រហូតផងដែរ ដោយតម្លៃចាប់ពី ៣ ដុល្លារឡើង។
បច្ចុប្បន្នហាងក៏មានរៀបចំជាបាយប្រអប់ថ្ងៃត្រង់ ដែលមានម្ហូប ៣ មុខឱ្យជ្រើសរើសថែមជូនទឹកស៊ុបមួយ និងឥតគិតថ្លៃសម្រាប់ការដឹកជញ្ជូនក្នុងបរិវេណម្ដុំបឹងកេងកង បើទោះជាកុម្ម៉ង់ត្រឹមតែ ១ ប្រអប់ក៏ដោយ។
ក្នុងតម្លៃចន្លោះពី ៣ ទៅ ៤ ដុល្លារ មុខម្ហូបទាំង ៧ ប្រចាំថ្ងៃក្នុង ១ សប្ដាហ៍មាន៖ មីបង្គាហុកគៀន នៅថ្ងៃចន្ទ, ការីភ្លៅមាន់ មី ឬបាយ នៅថ្ងៃអង្គារ, ឡមី នៅថ្ងៃពុធ, ឡាំមី បង្គា នៅថ្ងៃព្រហស្បតិ៍ មីការី ស នៅថ្ងៃសុក្រ, ឆាគុយទាវ និងមីឆារសជាតិឥណ្ឌានៅថ្ងៃសៅរ៍ និងបាយឆាខ្ទិះដូងម៉ាឡេស៊ី និង បាយខ្ទិះដូងភ្លៅមាន់បំពង នៅថ្ងៃអាទិត្យ។
មីបង្គាហុកគៀន មានតម្លៃ ៣,៨០ ដុល្លារ និងមានទឹកស៊ុបរម្ងាស់ពីបង្គា។ គ្រឿងផ្សំ ពិសេសជាមួយម្ទេស ដែលមានក្លិន និងរសជាតិប្លែកពីមីចម្អិនពីសាច់មាន់ ឬជ្រូក។
បើកដំណើរការកាលពីឆ្នាំ ២០១៣ ហាងទទួលបានអតិថិជនប្រចាំជាច្រើន។
សម្រាប់អតិថិជនខ្មែរដែលមកម្ដងហើយម្ដងទៀត ពួកគាត់ថែមទាំងប្រាប់អ្នកស្រី ដានី ថា តាមធម្មតាពួកគាត់មិនដែលចូលចិត្តម្ហូបបរទេសទេ ព្រោះភាគច្រើនពួកគាត់យល់ថា ម្ហូបបរទេសតែងតែសាបគ្មានរសជាតិ។
តែពួកគាត់បែរជាប្ដូរទស្សនៈ ក្រោយពីភ្លក្សម្ហូប Hawaii Noodle ហើយថា ហាងនេះម្ហូបឆ្ងាញ់ប្លែក។
យ៉ាងណាមិញ អ្នកស្រី ដានី នៅតែប្រាថ្នាឱ្យភ្ញៀវស្គាល់ហាងកាន់តែច្រើន ដោយលើកឡើងថា៖ «ខ្ញុំចង់ផ្សព្វផ្សាយឱ្យទូលំទូលាយជាងហ្នឹង ព្រោះកន្លងមកគឺភាគច្រើនតែអ្នកដែលស្គាល់ ដូចដែលបានឃើញអ៊ីចឹងបើជិះកាត់គឺមិនចាប់អារម្មណ៍ផង ដោយសារកន្លែងរាងតូច»។
អ្នកស្រីបានបន្តទៀតថា៖ «ខ្ញុំបានតែសង្ឃឹមថា អាចធ្វើឱ្យអតិថិជនគាត់កាន់តែបានស្គាល់រសជាតិនៃអាហារយើងកាន់តែច្រើន»។
Hawaii Noodle ក៏មានការដឹកជញ្ជូនតាម Food Panda និងអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០៨៨ ៧៨៨ ៨២០២ ដោយពេលវេលាកុម្ម៉ង់ពីម៉ោង ១១ ដល់ម៉ោង ១ ថ្ងៃ។ ហាងចាប់បើកពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច និងមានទីតាំងនៅផ្ទះលេខ ២២៨ ផ្លូវ ៣៧០ នៅសង្កាត់បឹងកេងកង១៕
វីដេអូ៖