The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឡារ៉ូស​សាលាដ​ដ៏​ឆ្ងាញ់​ពី​ភោជនីយដ្ឋាន​ឡារ៉ូស​

ឡារ៉ូស​សាលាដ​ដ៏​ឆ្ងាញ់​ពី​ភោជនីយដ្ឋាន​ឡារ៉ូស​

ឡារ៉ូស​សាលាដ​ដ៏​ឆ្ងាញ់​ពី​ភោជនីយដ្ឋាន​ឡារ៉ូស​

Content image - Phnom Penh Post

ភ្នំពេញ : គ្រាន់​តែ​មក​ដល់​អគារ​ឡារ៉ូស ពណ៌​ស​ដ៏​ស្កឹម​ស្កៃ​លើ​ដង​វិថី​ព្រះ​នរោត្តម ក្លិន​ស្លឹក​គ្រៃ​ដ៏​ក្រអូប​ឈ្ងុយ​ឈ្ងប់​បាន​ភាយ​ចេញ​មក​ធ្វើ​ឲ្យ​បណ្ដា​ភ្ញៀវ​ដែល​មក​ទីនេះ​មាន​អារម្មណ៍​ល្ហែល្ហើយ​ផ្លូវ​កាយ​ចិត្ត។

121218_22a
121218_22a
Content image - Phnom Penh Post

ក្រៅ​ពី​បម្រើ​ការ​ជា​សណ្ឋាគារ​ប្រភេទ​ប៊ូទិក និង​កន្លែង​ស្ប៉ា​នោះ ឡារ៉ូស​ក៏​មាន​ភោជនីយដ្ឋាន​នៅ​ជាន់​ក្រោម​ដែល​មាន​បរិយាកាស​ដ៏​សែន​មនោរម្យ​ផង​ដែរ។

ឈាន​ជើង​ចូល​ខាង​ក្នុង​ពន្លឺ​ភ្លើង​ដ៏​ស្រទន់ និង​ជញ្ជាំង​ពណ៌​ក្រហម ត្រូវ​បាន​រចនា​តុបតែង​បន្ថែម​ដោយ​ក្បូរ​ក្បាច់​បុរាណ​ខ្មែរ​និង​រចនាប័ទ្ម​បស្ចិម​ប្រទេស​បែប​ទំនើប។

ផ្ទាំង​គំនូរ កញ្ចក់​ក្បាច់ ទម្រ​ទៀន និង​វាំង​នន​ស្បៃ​ធ្វើ​ឲ្យ​បន្ទប់​ទទួល​ទាន​នេះ​មាន​ភាព​ប្រពៃ​ឥត​ខ្ចោះ។

គ្រាន់​តែ​ចូល​អង្គុយ​ភ្លាម បុគ្គលិក​នារី​ដ៏​រួសរាយ​រាក់ទាក់​បាន​ចេញ​មក​ជម្រាប​សួរ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ជាមួយ​នឹង​បញ្ជី​រាយ​នាម​មុខ​ម្ហូប ព្រម​ទាំង​ភេសជ្ជៈ និង​ស្រា​ក្រឡុក​ជា​ច្រើន​មុខ​ផង​ដែរ។

មុខ​ម្ហូប​ដែល​គួរ​ឲ្យ​ទាក់ទាញ នឹង​ត្រូវ​លើក​យក​មក​បង្ហាញ​មិត្ត​អ្នក​អាន​ថ្ងៃ​នេះ​គឺ ឡារ៉ូស​សាលាដ (crispy noodle salad) ដែល​ជា​ញាំ​សាច់គោ បង្គា ជាមួយ​នឹង​នំ​បញ្ចុក​ក្រៀម។ សូម​រីករាយ​នឹង​វិធី​ចម្អិន​របស់​វា​ដូច​ខាង​ក្រោម៖

គ្រឿង​ផ្សំ : សាច់គោ បង្គា ប៉េងប៉ោះ​ពណ៌​លឿង សាលាដ​ស្វាយ ស្ពៃ​ក្ដោប នំ​បញ្ចុក​ក្រៀម ការ៉ុដ ជីររណារ ជីរ​នាង​វង សណ្ដែក​ដី​លីង ម្ទេស​ហាវ៉ៃ ខ្ទឹមស ទឹកត្រី ស្ករស និង​ម្សៅស៊ុប។

វិធី​ចម្អិន : ដំបូង​ត្រូវ​យក​នំបញ្ចុក​ក្រៀម​ទៅ​បំពង​ប្រេង​ឲ្យ​ឡើង​ស្រួយ សឹម​ស្រង់​ដាក់​កន្ត្រង​ឲ្យ​ស្រក់​ខ្លាញ់​អស់។ បន្ទាប់​មក​ត្រូវ​យក​សាច់​គោ​ទៅ​អាំង​ឲ្យ​ឆ្អិន​ល្មម រួច​សឹម​ហាន់​ជា​ចំណិត​ស្ដើងៗ​ល្មម​ប៉ុន​ម្រាម​ដៃ។

យក​បង្គា​ស្រស់​ទៅ​ស្រុស រួច​វះ​ខ្នង បក​សម្បក​ឲ្យ​ស្អាត។

រៀបចំ​បន្លែ​ញាំ ដោយ​យក​ស្ពៃ​ក្ដោប ប៉េងប៉ោះ​ពណ៌​លឿង ការ៉ុដ ជីររណារ ជីរ​នាង​វង និង​ម្ទេស​ហាវ៉ៃ មក​ហាន់​ជា​ចំណិត​តូចៗ​រួច​ទុក​ក្នុង​ចាន​គោម​សម្រាប់​ញាំ។

បន្ទាប់​មក​ចាប់​ផ្ដើម​ធ្វើ​ទឹក​ត្រី​ដោយ​បុក​ខ្ទឹមស និង​ម្ទេស​ដៃ​នាង​ឲ្យ​ម៉ដ្ឋ​ល្មម មុន​នឹង​ចាក់​ទឹកក្ដៅ​បន្តិច ហើយ​បន្ថែម​ទឹក​ត្រី ស្ករស និង​ក្រូច​ឆ្មារ ហើយ​កូរ​ឲ្យ​ចូល​ជាតិ​គ្នា​នោះ​ជា​ការ​ស្រេច។

ដំណាក់​កាល​ចុង​ក្រោយ​ត្រូវ​រៀប​នំបញ្ចុក​ក្រៀម​នៅ​បាត​ចាន​។ យក​បន្លែ​ខាង​លើ​មក​ញាំ​ជាមួយ​បង្គា និង​សាច់គោ រួច​ចាក់​ទឹក​ត្រី​បុក​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ។ ដួស​ញាំ​បន្លែ​សាច់គោ និង​បង្គា​ដាក់​ពី​លើ​នំបញ្ចុក​ក្រៀម ហើយ​បន្ថែម​ជីរ​នាង​វង​បន្តិច​ជា​កិច្ច​បង្ហើយ។

ឡារ៉ូស មាន​បម្រើ​អាហារ​ពេល​ព្រឹក ថ្ងៃ​ត្រង់ និង​ល្ងាច ព្រម​ទាំង​កាហ្វេ និង​ភេសជ្ជៈ​ផ្សេងៗ​ភ្ជាប់​នឹង​សេវា wifi ផង​ដែរ។ ឡារ៉ូស ស្ថិត​នៅ​អគារ​លេខ​១៦៤B មហា​វិថី​ព្រះ​នរោត្តម។ ទាក់ទង​ទូរស័ព្ទ​លេខ ០៦៨ ៧៧ ៧៧ ៧៧៕

អត្ថបទគួរចាប់អារម្មណ៍