
ទឹកគ្រឿងខ្យង ជាមួយបន្លែអន្លក់ស្រស់ៗ។ ហុង មិនា
សៀមរាប: ផ្ទះម៉ែឡន ដែលទាំងអ្នកសៀមរាប និងអ្នកភ្នំពេញល្បីថា ជាកន្លែងលក់ម្ហូបស្រុកស្រែពិតៗលក្ខណៈគ្រួសារ ជាមួយការអង្គុយក្នុងក្បូសកណ្តាលវាលស្រែ ឥឡូវនេះ កាន់តែបង្កើនស្តង់ដាររបៀបរៀបរយជាងមុន ដើម្បីបំពេញតម្រូវការភ្ញៀវ ប្រាថ្នាកន្លែងអង្គុយស្អាត បែបធម្មជាតិ មានអនាម័យ និងខ្យល់អាកាសបរិសុទ្ធល្អ។
លោក ចាន់ សុភា ជាម្ចាស់ក្យូស និងជាកូនរបស់ម៉ែឡន បាននិយាយទាំងទឹកមុខរីករាយថា៖ «ដោយសារបច្ចុប្បន្ននេះមានភ្ញៀវថ្មីចាស់គាត់មកកន្លែងខ្ញុំច្រើន ណាមួយនៅម្តុំនេះមានគេបើកមុខរបរដូចខ្ញុំច្រើនដែរ អ៊ីចឹងហើយបានជាខ្ញុំប្រឹងប្រែងតុបតែងកន្លែងរបស់ខ្ញុំឲ្យមានភាពស្អាត អនាម័យខ្ពស់ជាងមុន ជាមួយការចម្អិនម្ហូបដោយយកចិត្តទុកដាក់ និងរក្សារសជាតិឲ្យបានស្មើគ្នា។ ជាពិសេសជាងនេះទៅទៀតនោះ គឺខ្ញុំបានបន្ថែមក្យូសរហូតដល់ទៅ ១៦ ក្យូស ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវ»។
មិនត្រឹមតែរចនាកន្លែងស្អាត និងអនាម័យជាងមុននោះទេ ផ្ទះម៉ែឡនក៏ព្យាយាមផ្លាស់ប្តូរទាំងសម្ភារប្រើប្រាស់ មកប្រើជាចានឆ្នាំងដីដុតបែបខ្មែរ ឲ្យមានសោភណភាពជាងមុនស័ក្ដិសមនឹងទេសភាពស្រុកស្រែពិតៗតែម្តង។
លោក ចាន់ សុភា បានបន្តថា៖ «ខ្ញុំព្យាយាមធ្វើឲ្យទីសម្រាកកម្សាន្តលក្ខណៈគ្រួសារនេះ ទៅជាកន្លែងដែលទាក់ទាញទេសចរជាតិ និងអន្តរជាតិឲ្យមកសម្រាក និងអង្គុយញ៉ាំម្ហូបខ្មែរពិតៗ មានអនាម័យ ក្រោយអស់កម្លាំងពីការដើរលេងកម្សាន្តប្រាសាទនានា គឺអាចនឹកដល់ផ្ទះម៉ែឡន ដើម្បីសម្រាកកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ»។
សម្រាប់ខែភ្លៀងនេះ ផ្ទះម៉ែឡន បានបញ្ចេញនូវម្ហូបថ្មី គឺទឹកគ្រឿងខ្យង អន្លក់បន្លែស្រែ មានរសជាតិឆ្ងាញ់ប្លែកមាត់ តម្លៃចានតូច ៣០ ០០០ រៀល និងចានធំ ៤៥ ០០០ រៀល។
ផ្ទះម៉ែឡន នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ឆ្ពោះទៅប៉ោយប៉ែត ទាក់ទងទូរស័ព្ទ ០១៧ ២៥៧ ៧៥៥៕

ផ្ទះម៉ែឡន មាន ១៦ ក្យូសសម្រាប់អង្គុយញ៉ាំអាហារ។ ហុង មិនា