ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

បើក​ដំណើរការ​​​​ពី​ចុង​ឆ្នាំ ​២០១៩ ភោជនីយដ្ឋាន​ដាក់​ឈ្មោះ​តាម​ចុងភៅ​​ជនជាតិ​ម៉ាឡេស៊ី​ ដែល​មាន​បទពិសោធ​ចម្អិន​ជា​ច្រើន​ឆ្នាំ​នៅ​បណ្ដា​ប្រទេស​​ដូចជា​ ម៉ាឡេស៊ី​ សិង្ហបុរី​ អង់គ្លេស​ ហូឡង់​ និង​ហ្វីលីពីន។

មេ​ចុងភៅ​​រូប​នេះ​​បាន​ទាក់ទង​ប្ដី​ប្រពន្ធ​​លោក​​ វិកទ័រ​ និង​អ្នកស្រី​ គ្រីស្ទីណា ដែល​ធ្លាប់​រស់នៅ​ប្រទេស​កម្ពុជា ​តាំង​ពី​ឆ្នាំ ២០១៥ ជាមួយ​សំណើ​វិនិយោគ​បើក​ភោជនីយដ្ឋាន។ ​

អ្នកស្រី​ គ្រីស្ទីណា ​ដែល​ធ្លាប់​បម្រើ​ការ​ជា​​នារី​អាកាសចរ​បាន​ប្រាប់​ថា៖ «ប្ដី​ខ្ញុំ​ក៏​ជា​អ្នក​បើក​យន្តហោះ​ ពួក​យើង​មិន​មាន​អ្នក​ណា​ម្នាក់​ធ្លាប់​មាន​បទពិសោធ​បើក​ហាង​ពី​មុន​មក​ទេ​។ ពេល​ដែល​ចុងភៅ​ទាក់ទង​មក​យើង​ ក្រោយ​ពី​ពិភាក្សា​គ្នា​ យើង​សម្រេច​ចិត្ត​បើក​ហាង​តែ​ម្ដង»​។

បច្ចុប្បន្ន​ហាង​ Uncle Fu មាន​ចុងភៅ​ ​២ ​រូប គឺ​​ទី១ គឺ​ចុងភៅ​ម៉ាឡេស៊ី​ និង ​១ ទៀត​ គឺ​ជា​ចុងភៅ​ខ្មែរ​ ដែល​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​​ពី​ចុងភៅ​ម៉ាឡេស៊ី​ផ្ទាល់​តាំង​ពី​មិន​ទាន់​បាន​បើក​ហាង​នេះ​។

អ្នកស្រី ​គ្រីស្ទីណា ​បាន​និយាយ​កោត​សរសើរ​ពី​ចុងភៅ​ខ្មែរ​រូប​នេះ​ថា​៖ «គាត់​គឺ​ពូកែ​ធ្វើ​ម្ហូប​ខ្លាំង​មែនទែន​ អាច​និយាយ​​បាន​ថា​ ធ្វើ​​​ឆ្ងាញ់​ដូច​រសជាតិ​ម៉ាឡេ​បេះបិទ​ ឬ​ក៏​ពូកែ​ជាង​ជនជាតិ​ម៉ាឡេ​មួយ​ចំនួន​ក៏​ថា​បាន​។ ខ្ញុំ​កោត​សរសើរ​​គាត់​ទាំង​ស្នាដៃ​ធ្វើ​ម្ហូប ​​​ចរិត​ ​និង​ការ​តាំង​ចិត្ត​ធ្វើ​ការ​​របស់​គាត់»។​

Uncle Fu ប្រើត្រី និងគ្រឿង​​សមុទ្រ​ស្រស់ៗ​មក​ចម្អិន។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​

ហាង​ត្រូវ​បាន​រៀបចំ​ឡើង​បែប​លក្ខណៈ​​ជា​ផ្ទះ​ និង​មាន​បរិយាកាស​​កក់ក្ដៅ​ដោយ​អ្នកស្រី​ គ្រីស្ទីណា​ ជា​អ្នក​រៀបចំ​ខ្លូន​ឯង​ទាំង​អស់​ រាប់​តាំង​ពី​អំពូល​ភ្លើង​ម៉ូដផ្កា​រំដួល​​តំណាង​ជាតិ​​ខ្មែរ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​​​បរទេស។​

អ្នកស្រី​​បាន​រៀបរាប់​ទៀត​ថា៖​ «​ខ្ញុំ​ចូលចិត្ត​ប្រើ​របស់​ ដែល​មាន​លក្ខណៈ​​បែប​នៅ​ផ្ទះ​ធម្មតា​ ធម្មជាតិ​ និង​ផលិតផល​កែច្នៃ​ ដូចជា​ការ​វេចខ្ចប់​ ជាជាង​ប្រើ​ប្រអប់​ប្លាស្ទិក​ ខ្ញុំ​ប្រើ​ជា​ប្រអប់​​ក្រដាស​ សូម្បី​តែ​ទុយោ​ប្លាស្ទិក​ក៏​ខ្ញុំ​មិន​ប្រើ​ដែរ​។ វា​ពិត​ជា​មិន​ល្អ​ និង​បង្ក​ភាព​កខ្វក់​ដល់​បរិស្ថាន​ណាស់​»។

យ៉ាងណា​មិញ ​រសជាតិ​អាហារ ​គឺ​ជា​អ្វី​ដែល​អន្ទង​ចិត្ត​របស់​អតិថិជន​បំផុត​ ជាពិសេស​ភ្ញៀវ​ជនបរទេស​មក​​ពី​ចិន ម៉ាឡេស៊ី​ សិង្ហបុរី​ អង់គ្លេស​ អាល្លឺម៉ង់​ និង​អាមេរិក​ខាង​ត្បូង​។ ​

មួយ​រយៈ​ក្រោយ​នេះ​ វត្តមាន​ភ្ញៀវ​ក្នុង​ស្រុក​ក៏​កាន់​តែ​​កើន​ឡើង​តាមរយៈ​ការ​ណែនាំ​ប្រាប់​តៗ​គ្នា​ពី​រសជាតិ​អាហារ​​នៅ Uncle Fu​។

មុខ​ម្ហូប​ដែល​មាន​ការ​ពេញ​និយម ​និង​មាន​ការ​ណែនាំ​ពី​ម្ចាស់​ហាង​ដែល​នោះ​គឺ​ ការី​ក្បាលត្រី (Curry Fish Head) បង្គា​បំពង​ពងទា​ប្រៃ (Salted Egg Golden Prawns), ត្រី​ខ​​​​ត្រប់​ឆ្នាំង​ដី​​ (​Claypot Salted Fish with Eggplant) និង​ស៊ុប​ឆ្អឹង​ជំនីរ​ជ្រូក​ (and Bak Kut Teh)។

ការី​ក្បាល​ត្រី មាន​តម្លៃ​គិត​ជា​ក្រាម ជា​សម្ល​ប្រចាំ​​ប្រទេស​​ម៉ាឡេស៊ី​ ដែល​មាន​រសជាតិ​ប្លែក​ម៉្យាង​ពី​ការី​ខ្មែរ។

បង្គា​បំពង​ពងទា​ប្រៃ (១៣ ដុល្លារ) ពងទា​ប្រៃ​បំពង​ដាក់​ជាមួយ​ប៊័រ និង​បង្គា មាន​រសជាតិ​ប្រៃ​បន្តិច​ តែ​សាច់​បង្កា​​​ស្រួយ​ស្រិប​​​ឆ្ងាញ់​ជាប់​មាត់​។​

ស៊ុបឆ្អឹង​ជំនីរ​ជ្រូក (៥ ដុល្លារ) អាច​ញ៉ាំ​ក្រោយ​គេ បន្ទាប់​ពី​​​អាហារ​​គោកៗ ដើម្បី​​​​ប៉ូវ​កម្លាំង​ថាមពល​។​

អាថ៌​កំបាំង​នៃ​ម្ហូប​​​ឆ្ងាញ់​ គឺ​ស្ថិត​លើ​គ្រឿង​ផ្សំ ហើយ​​លោក ​វិចទ័រ​ បាន​អះអាង​ថា​ ​រាល់​សាច់​ទាំង​អស់​​ទាំង​ត្រី និង​គ្រឿង​សមុទ្រ​​សុទ្ធ​តែ​ស្រស់​ គ្មាន​ការ​រក្សា​​ទុក​​លើស​ពី ​១ សប្ដាហ៍​ទេ​។

លោក​បាន​និយាយ​យ៉ាង​ច្បាស់​ថា ​ដំណើរ​ពី​សមុទ្រ​មក​ដល់​លើ​តុ​បម្រើ​ភ្ញៀវ​យ៉ាង​ច្រើន​ត្រឹមតែ ៦ ​ម៉ោង​ប៉ុណ្ណោះ​។

បរិយាកាស​​ហាង​បីដូច​នៅផ្ទះ មានភាពកក់ក្ដៅ និងលម្អ​ដោយ​អំពូល​ផ្កា​រំដួល​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​

យ៉ាងណា​មិញ ដោយសារ​កត្តា​អាកាសធាតុ​​ លោក​ទម្លាយ​​បញ្ហា​ប្រឈម​ដោយ​​​ឥត​​មាន​លាក់​លៀម​ថា៖ «យើង​ធម្មតា​ពឹង​ផ្អែក​ទៅ​លើ​អ្នក​នេសាទ​​នៅ​​​កែប​ និង​ខេត្ត​​ព្រះសីហនុ​ ប៉ុន្តែ​ពេល​នោះ​គ្មាន​ទូក​ចេញ​ យើង​គ្មាន​​​ជម្រើស​ តែ​យើង​ក៏​បាន​ប្រាប់​ភ្ញៀវ​​យើង​ដោយ​ត្រង់​ដូចគ្នា​ក្នុង ​១ ​សប្ដាហ៍​​ពេញ​ ​យើង​មិន​មាន​សាច់​ស្រស់​ទេ»។

នៅ​ហាង Uncle Fu ក៏​មាន​បន្ទប់​ទទួល​ទាន​​លក្ខណៈ​ឯកជន​សម្រាប់​ភ្ញៀវ ​​៦ ​នាក់​ និង​មាន​បន្ទប់​ដាក់​បាន​គ្នា​ច្រើន​នាក់​ទៀត​នៅ​​​ជាន់​ខាង​លើ​​​។​

ដោយ​មាន​ការ​គាំទ្រ​ពី​ភ្ញៀវ​ច្រើន​កុះករ ​អ្នកស្រី ​គ្រីស្ទីណា ​មាន​បំណង​​ចង់​រៀបចំ​ផ្ទះបាយ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ចុងភៅ​។

ទន្ទឹម​នឹង​នោះ​ អ្នកស្រី​ក៏​បង្ហើប​ដែរ​ថា៖ «ពេល​នេះ​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា ​ធ្វើ​យ៉ាងណា​ដែរ តែ​សង្ឃឹម​អាច​ពង្រីក​ហាង​បន្ថែម​ ​ដើម្បី​ឱ្យ​​​​ទូលាយ​ជាង​នេះ​សម្រាប់​​ភ្ញៀវ​​​ចូល​មក​ទទួល​ទាន​​»។

ភោជនីយដ្ឋាន​ Uncle Fu ស្ថិត​​នៅ​លើ​ផ្លូវ​ ២៩៤ បឹងកេងកង ១​ ចាប់​បើក​​ពី​ម៉ោង​ ១០ ​ព្រឹក​ទៅ​ដល់​ម៉ោង​ ២ ​ថ្ងៃ​ និង​ ពី​ម៉ោង​ ៥ ​ល្ងាច​ដល់​ ១០ ​កន្លះ​យប់​។ ​​​ទូរស័ព្ទ​លេខ​ ០១០ ៣១៩ ៣១១ សម្រាប់​ការ​កុម្ម៉ង់​ខ្ចប់​៕

វីដេអូ៖