ភ្នំពេញៈ ចាប់ផ្តើម​ពី​ការលក់​តាម​ចិញ្ចើមផ្លូវ​រហូត​ដល់​សឹង​គ្មាន​កន្លែង​ឲ្យ​ភ្ញៀវ​មក​អង្គុយ​ទទួលទាន ចុងភៅ​ធ្លាប់​ប្រឡង​កម្មវិធី Master Chef ខ្មែរ​ត្រឹម​វគ្គ​ជម្រុះ ១២ ​នាក់​លោក អៀង ដារិទ្ធ បាន​សម្រេច​ចិត្ត​បើក​ជា​ហាង​លក្ខណៈ​ផ្ទះល្វែង​ដែល​បម្រើ​នូវ​រសជាតិ​បុកល្ហុង​គ្រប់​ជាតិ​សាសន៍​ស្ថិត​នៅ​ខាង​ក្រោយ​ផ្សារ​ឈូកមាស​។

លោក អៀង ដារិទ្ធ វ័យ ៣៨ ឆ្នាំ​ជា​ម្ចាស់​ហាង «​បុកល្ហុង​ពិសេស​» បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​គឺជា​អ្នក​បុកល្ហុង​លក់​នៅ​តាម​ចិញ្ចើមផ្លូវ​យូរណាស់​មក​ហើយ ដោយ​ប្រើ​រទេះ​តាំងពី​នៅ​សៀមរាប​មក​ម្ល៉េះ ហើយ​ក៏​អត់​មាន​អី​ពិសេស​ដែរ​ចំពោះ​ការបុក​ល្ហុង​របស់​ខ្ញុំ​។ បន្ទាប់ពី​ខ្ញុំ​បាន​ប្រលង​នៅក្នុង​កម្មវិធី Master Chef ខ្មែរ ក៏​មាន​បងប្អូន​ស្គាល់​ខ្ញុំ​ច្រើន និង​មក​គាំទ្រ​បុកល្ហុង​ខ្ញុំ​កាន់តែ​ច្រើន​ឡើង ខ្ញុំ​ក៏​សម្រេចចិត្ត​បើក​ជា​ហាង​តែ​ម្តង​»​។

បុកល្ហុង​មួយ​ចាន​ត្រូវ​ថែម​គ្រឿង​ពិសេស ៤ ទៅ ៥ មុខ​។ហេង ជីវ័ន

ហាង​ បុកល្ហុង​ពិសេស​ មាន​លក់​បុកល្ហុង​ធម្មតា (៥០០០ ​រៀល​) បុកល្ហុង​បែក​ឦសាន បុក​មី បុក​ពោត (៦០០០​រៀល​) បុក​ស្វាយ​គ្រឿង​សមុទ្រ គ្រឿង​សមុទ្រ​ក្រឡុក បុក​មី ពោត ល្ហុង​ជាមួយ​គ្រឿង​សមុទ្រ (៩០០០​រៀល​) និង​មាន​ជា​ប្រភេទ​បំពង​មាន​តម្លៃ​ចាប់ពី ៣ ពាន់​រៀល​រហូត​ដល់ ៨ ពាន់​រៀល​។

ប្រភេទ​អាំង​តម្លៃ​ចាប់ពី ១ ​ពាន់​រៀល​ដល់ ១ ​ម៉ឺន​រៀល​។ ក្រៅពី​បុកល្ហុង ហាង​ក៏​មាន​បម្រើ​នូវ​ភ្លា​គ្រឿង​សមុទ្រ​ដាក់​ថាស​ធំ​តម្លៃ ៣៥០០០៛ និង​ខួរ​ជ្រូក​ចំហុយ​មួយ​ចាន​មាន​តម្លៃ ៦០០០៛​។ ចំពោះ​ផ្នែក​បង្អែម​វិញ មាន​បម្រើ​ការ៉េម​ដាក់​កែវ និង​ការ៉េម​ក្នុង​ផ្លែ​ដូង រួម​ទាំង​ជម្រើស​ភេសជ្ជៈ​ទូទៅ​ជាច្រើន​មុខ​ទៀត​។

លោក អៀង ដារិទ្ធ បាន​បញ្ជាក់​ពី​រសជាតិ​ដែល​ទាក់ចិត្ត​ភ្ញៀវ​មក​ទទួលទាន ដោយសារ​តែ​ការផ្សំ​គ្រឿង​ពិសេសៗ ៤ ទៅ ៥ មុខ​ក្នុង​ការបុកល្ហុង​ឲ្យ​បាន​មួយ​ចាន​។

រីឯ​គ្រឿងផ្សំ​សំខាន់ៗ​ដែល​ត្រូវ​ប្រើ​គឺ​នាំចូល​មកពី​ប្រទេស​ថៃ​ខ្លះ និង​មាន​នៅ​ក្នុង​ស្រុក​ខ្លះ​ផង​ដែរ​។

ខណៈ​ហាង បុកល្ហុង​ពិសេស របស់​លោក​ទទួល​បាន​ការគាំទ្រ​ច្រើន លោក​ក៏​បាន​បង្ហាញ​នូវ​ក្ដីស្រមៃ​តាំងពី​ក្មេង​ដោយ​ផ្ដើម​ពី​ការសន្សំ​ដើមទុន​ និង​ការបង្កើន​ចំណេះដឹង​បន្ថែម ដើម្បី​ឆ្ពោះ​ទៅ​រក​គោលដៅ​បើកហាង​អាហារ​បែប​អឺរ៉ុប​នៅ​ថ្ងៃ​អនាគត​។

លោក អៀង ដារិទ្ធ ដែល​កូនស្រី​មាន​ឈាមជ័រ​ជំនាញ​ចម្អិនម្ហូប​នោះ​ក៏​បាន​រំលេច​ពី​បំណង​អនាគត​ថា​៖ «​ខ្ញុំ​ស្រឡាញ់​ការធ្វើ​ម្ហូប​អឺរ៉ុប ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​សម្រេច​បំណង​ដោយសារ​ហាង​អាហារ​អឺរ៉ុប​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ទើប​អាច​ដំណើរការ​ទៅ​បាន ប៉ុន្តែ​ខ្ញុំ​ក៏​មិន​បោះបង់​ដែរ ពេល​នេះ​គឺ​សន្សំ​លុយ​សិន​»​។

ហាង បងរឹទ្ធ បុកល្ហុង​ពិសេស​មាន​ទីតាំង​នៅ​ភូមិ​ដំណាក់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍សែនជ័យ ខាង​ក្រោយ​ផ្សារ​ឈូកមាស​។ ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៩៦ ៩០៣ ៣៨៨៣៨ និង ០៩៣ ៨១០ ៣៨០៕