ភ្នំពេញ: ជាប់ងារជាអាហារសម្បូរដោយរ៉ែស័ង្កសី និងប៉ូវសុខភាពផ្លូវភេទ អយស្ទ័រត្រូវបានគេនិយមទទួលទានឆៅស្រស់ៗជាមួយទឹកត្រីកោះកុងហឹរ ស្លឹកក្ទម្ពទេស និងខ្ទឹមក្រហមបំពង។
កាន់តែប្លែកមួយកម្រិតទៀត នៅហាង The Street ដែលជំនាញបម្រើអាហារចិញ្ចើមផ្លូវប្រកបដោយអនាម័យ និងទីតាំងស្អាតមានផាសុកភាពនោះ អយស្ទ័រត្រូវបានច្នៃប្រឌិតជាអាហារមួយបែបផ្សេងដែលមានឈ្មោះថា «អយស្ទ័រទឹកកក»។
សម្រាប់អ្នកដែលខ្ជិលឆ្កឹះសាច់ពីសម្បកអយស្ទ័រកាន់តែងាយស្រួល ព្រោះអយស្ទ័រក្រឡុកនេះត្រូវបានផ្សំគ្រឿងរួចជាស្រេចដាក់ក្នុងកែវបិទគម្របក្លាស្សេទឹកកកត្រជាក់ស្រេប។
នៅក្នុងកែវនោះមានសាច់អយស្ទ័រស្រស់ ជីររណា និងប៉េងប៉ោះ។
នៅពេលទទួលទានទើបភ្ញៀវបើកគម្របកែវ ចាក់ទឹកត្រីម្ទេស គល់ស្លឹកគ្រៃ ខ្ទឹមក្រហមបំពង ម្ទេស ស្លឹកក្ទម្ពទេស រួចច្របាច់ក្រូចឆ្មារ សឹមបិទគម្របក្រឡុកដាក់ក្នុងធុងទឹកកកមួយសន្ទុះឲ្យវាត្រជាក់បន្តិចនឹងអាចដួសញ៉ាំបានយ៉ាងឆ្ងាញ់មាត់។
អយស្ទ័រទឹកកកក្រឡុកក្នុងកែវមានតម្លៃ ១២០០០ រៀល មាននៅ The Street។ ទូរស័ព្ទលេខ ០១៦៩៣៣ ៣៨២៕